មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចផ្លាស់ប្តូរគ្រូបង្រៀនម្នាក់ដែលរងការចោទប្រកាន់ថា បានទារប្រាក់ពីសិស្សរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ឱ្យទៅបង្រៀននៅសាលាផ្សេង ក្រោយរកឃើញកំហុស។
កាលពីពេលថ្មីៗនេះ អ្នកគ្រូបង្រៀនម្នាក់ត្រូវបានអាណាព្យាបាលសិស្សរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ដោយចោទថា បានទារប្រាក់ពីសិស្សម្នាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែ ជាថ្នូរនឹការដឹងគុណគ្រូ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហែម ស៊ីណារ៉េត ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ក្រោយទទួលព័ត៌មាននេះ ខាងមន្ទីរបានចាត់មន្ត្រីឱ្យចុះស្រាវជ្រាវភ្លាមៗ ដោយរកឃើញកំហុសមួយចំនួនដែលអ្នកគ្រូបង្រៀនម្នាក់នោះបានប្រព្រឹត្ត ដូចជា អនុវត្តខុសបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាជាមួយសាលា ហើយអនុវត្តខុសពីការណែនាំរបស់ក្រសួងដែលហាមអង្គាសប្រាក់ពីសិស្ស ជាដើម។
លោកបន្តថា ពេលនេះ មន្ទីរអប់រំបានសម្រេចផ្លាស់ប្តូរអ្នកគ្រូបង្រៀនម្នាក់នោះពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលាបឋមសិក្សាមួយផ្សេងទៀតនៅក្នុងខណ្ឌសែនសុខវិញ។
ទោះជាយ៉ាងណា លោកបានបដិសេធបញ្ជាក់អត្តសញ្ញាណគ្រូបង្រៀនម្នាក់នោះ និងឈ្មោះសាលាត្រូវផ្លាស់ប្តូរឱ្យគ្រូបង្រៀនរូបនោះទៅបង្រៀន។
លោក ហែម ស៊ីណារ៉េត បន្ថែមថា៖ «គាត់បានបំពានលើកិច្ចសន្យាជាមួយនាយកសាលាដែលនាយកសាលាបានហាមមិនឱ្យធ្វើអញ្ចេះមួយអញ្ចេះពីរ។ ហើយគាត់បានធ្វើផ្ទុយពីការណែនាំរបស់ក្រសួង ចំពោះការរៃអង្គាសប្រាក់ពីសិស្សហ្នឹង។ អញ្ចឹងអង្គប្រជុំសម្រេចឱ្យគាត់ផ្លាស់ចេញពីសាលាសន្ធរម៉ុកនៅខណ្ឌទួលគោកហ្នឹង ទៅសាលាបឋមសិក្សាមួយនៅខណ្ឌសែនសុខវិញ»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ករណីមានបញ្ហាអ្វីមួយនៅក្នុងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សហការជាមួយមន្ទីរអប់រំ និងអាជ្ញាធរពាក់ព័ន្ធ តែងតែមានវិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង។
លោកបន្ថែមថា៖ «ជាទូទៅ ក្នុងករណីមានភាពមិនប្រក្រតីណាមួយនៅក្នុងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាតែងតែមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង ដែលមានការសហការជាមួយមន្ទីរអប់រំដែលជាសេនាធិការរបស់ក្រសួង ដើម្បីដោះស្រាយនៅតាមមូលដ្ឋានអំពីបញ្ហានានាដែលកើតឡើង»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានសាទរចំពោះការដាក់ពិន័យចំពោះគ្រូបង្រៀនដែលធ្វើខុស។ ប៉ុន្តែអ្នកស្រីមើលឃើញថា ការដែលគ្រូបង្រៀនប្រមូលលុយឬរៃអង្គាសលុយពីសិស្សនោះ គឺដោយសារពួកគាត់ទទួលបានប្រាក់បៀវត្សតិចនិងជួបបញ្ហាជីវភាព។
លោកស្រីបន្ថែមថា៖ «លោកគ្រូអ្នកគ្រូយើងបានបង្ខំចិត្តធ្វើឱ្យបាត់បង់ក្រមសីសធម៌ បាត់បង់ភាពថ្លៃថ្នូររបស់ពួកគាត់ គឺដោយធ្វើតាមរូបភាពណាក៏ដោយ ដើម្បីបានលុយ ដើម្បីជីវភាពរបស់គាត់ គឺដោយសារតែពួកគាត់ប្រាក់ខែតិច ត្រូវការលុយចាយវាយគ្រប់គ្រាន់។ អញ្ចឹងដើម្បីដោះស្រាយនិងបញ្ចប់បញ្ហានេះ គឺរដ្ឋាភិបាលខ្លួនឯងត្រូវរកវិធានការបែបណាដើម្បីឱ្យគ្រូបង្រៀនឈប់ធ្វើបែបនេះទៀត ដូច្នេះត្រូវតែដំឡើងប្រាក់ខែឱ្យពួកគាត់»។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការប្តូរគ្រូបង្រៀនពីកន្លែងមួយទៅកន្លែងមួយដោយសារមានកំហុសនេះ គឺជាការអនុវត្តវិធានការរដ្ឋបាលមួយរបស់ស្ថាប័នរដ្ឋ។ យ៉ាងណា លោក សន ជ័យ នៅតែស្នើទៅក្រសួងនិងមន្ទីរអប់រំ ពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការចំពោះគ្រូបង្រៀនទាំងឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គងទាំងនេះ៕