ភ្លើង​​ឆេះ​​ព្រៃ​​គំរាម​កំហែង​​គម្រប​​​ព្រៃ​ឈើ​​បៃតង​​នៃ​​តំបន់​​បេតិ​កភណ្ឌ​​ធម្មជាតិ​​អាស៊ាន​​

កំសួល​ផ្សែងហុយ​ចេញពី​ព្រៃឈើ​នៅ​លើ​ភ្នំ​មួយ​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​«បូកគោ» ត្រូវ​បាន​មើលឃើញ​នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

មន្ត្រី​ផ្នែក​អភិរក្ស​គម្រប​ព្រៃឈើ​បៃតង បាន​ព្រមាន​ពី​ការបាត់បង់​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៃ​តំបន់ការពារទេសភាព​ឧទ្យានជាតិ«​ព្រះមុនីវង្ស​បូកគោ» បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​អាស៊ាន​មួយ​នេះបាន​ប្រឈមមុខនឹង​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង ហើយ​មន្ត្រី​និយាយ​ថា បច្ចេកទេស​នៃ​ការគ្រប់គ្រង​បញ្ហា​នេះនៅ​មាន​លក្ខណៈ​បុរាណ​នៅឡើយ។

រូបភាព​ភ្លើង​ឆេះ​ព្រៃ​ដែល​តាមដាន​តាម​ប្រព័ន្ធ​ផ្កាយរណប​ដោយ Global Forest Watch របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក (WRI​) បង្ហាញថា ភ្លើង​ឆេះ​ព្រៃ​ប្រហែល៨៥កន្លែង បាន​កើតឡើង​នៅក្នុង​បរិវេណ​នៃ​ឧទ្យានជាតិ​បូកគោ​ នៅចន្លោះ​ថ្ងៃទី២ ខែមករា និង​ថ្ងៃទី២ ខែកុម្ភៈ​នេះ។

នៅក្នុង​ដំណើរ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​មួយ​នេះ​កាលពី​ថ្ងៃទី២២ ខែមករា អ្នកសារព័ត៌មាន​វី​អូ​ឌី បានឃើញ​ផ្នែក​ជាច្រើន​នៃ​ព្រៃឈើ​នៅ​ផ្នែក​ខាងត្បូង​ឧទ្យានជាតិ​មួយ​នេះ ត្រូវ​បាន​ឆេះ​ខ្លោច​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​ផ្នែក​ជាច្រើន​ទៀតកំពុង​រង​ការ​ឆាបឆេះ​នៅឡើយ ដែល​ផ្សែង​នៃ​ភ្លើង​ឆេះ​ព្រៃ​នោះអាច​ឱ្យ​គេ​មើលឃើញ​ពី​ផ្លូវជាតិ​លេខ៣។

បុរស​ម្នាក់​លី​រណារ​យន្ត​ដើរកាត់​ទីតាំង​ព្រៃឈើ​ដែល​ត្រូវ​ភ្លើង​ឆេះ​នៅក្នុង​ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

អ្នកភូមិ​ម្នាក់​ដែល​បាន​ចូល​ទៅ​ច្រៀកឈើ​នៅក្នុង​ព្រៃ​ផ្នែក​ខាងត្បូង​នៃ​ឧទ្យានជាតិ​បូកគោ បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គាត់​បានឃើញ​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​គាត់​ថា បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ការពារ​មួយ​នេះកើត​ចេញពី​សកម្មភាព​នៃ​ការទន្ទ្រាន​កាន់កាប់​ដី​នៅ​ជុំវិញ​ទីនោះ។

អ្នកភូមិ​ដដែល​នេះបាន​និយាយ​ថា លោក​ក៏បាន​ឃើញ​ក្រុម​មន្ត្រី​អនុរក្ស​នៅ​ឧទ្យានជាតិ​បូកគោ បាន​ចុះ​ល្បាត​នៅ​តំបន់​នោះ​ផង​ដែរ ប៉ុន្តែលោក​ថា ភ្លើង​ឆេះ​ព្រៃ​នៅតែ​បន្ត​កើតមាន​ដោយ​មិន​មានការ​ពន្លត់ និង​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​ពីសំណាក់​មន្ត្រី​ឧទ្យានុ​រក្ស​នោះ​ឡើយ។

អ្នកភូមិ​និយាយ​ថា៖ «[ដើមឈើ​] តូច​មាន​ធំ​ណា​ទាន់ មាន​កើត​ណា​ទៀត បើ​ឆេះ​អស់ហើយ​ហ្នឹង។ យើង​រកស៊ី​អាស្រ័យ​លើ​ព្រៃឈើ បើកាលណា​គេ​ដុត​អ៊ីចឹង​ទៅ យើង​ពិបាក​ដែរ ប៉ុន្តែមិនដឹង​នរណា​ដុត​ទេ បើ​ឃើញ​ទៅ យើង​ចេះតែ​ទប់ស្កាត់​ថា​អញ្ចេេះ​ថា​អញ្ចុះទៅ។ ពួក​ខ្ញុំ​ថ្ងៃមុន​មក​ព្រៃ​អ៊ីចឹង​ដែរ ទៅវិញ​អត់​ទាន់​ឃើញ​ឆេះ​ទេ ដល់ពេល​យប់ ព្រលឹមឡើង​ឃើញ​ឆេះ​ហើយ»។

ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​គ្របដណ្ដប់​លើ​ព្រៃឈើ​បៃតង ១ ៤៧៣,១៧ គីឡូម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ខេត្តកំពត ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា គឺជា​តំបន់ការពារធម្មជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ១៩៩៣ ហើយ​ជា​ឧទ្យានជាតិ​មួយ​នៅក្នុងចំណោម​ឧទ្យានជាតិ​តែ២គត់​របស់​កម្ពុជាដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ឆ្នាំ២០០៣។

ឧទ្យានជាតិ​មួយ​នេះក៏​ជាផ្នែក​មួយ​នៃ​ជួរភ្នំ​ក្រវាញ​របស់​កម្ពុជា ជា​តំបន់​ព្រៃឈើ​រងទឹក​ភ្លៀង​ដ៏​សំខាន់​មួយ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ដែនដី​ជម្រក​សត្វ​កម្រ​ជាច្រើន ដែល​កំពុង​ប្រឈមមុខនឹង​ការ​វិនាស​បាត់បង់​នៅ​តំបន់​ផ្សេងទៀត។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តកំពត លោក ស៊ុយ សុធា បាន​បដិសេធ​បកស្រាយ​ជុំវិញ​ករណីនេះ ហើយ​បាន​បង្វែរ​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា វិញ ដែល​បាន​ប្រាប់​ថា ភ្លើង​ឆេះ​ព្រៃ​មិន​ត្រឹមតែ​កើតឡើង​នៅ​ផ្នែក​មួយចំនួន​នៃ​ឧទ្យានជាតិ​បូកគោ​នោះ​ទេ ប៉ុន្តែលោក​ថា វា​ក៏បាន​កើតឡើង​ផង​ដែរ​នៅ​ទីតាំង​ជាច្រើន​ទៀត​នៃ​តំបន់​ការពារនិង​អភិរក្ស​បរិស្ថាន​ទូទាំង​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​រូប​នេះបាន​ទទួលស្គាល់​ថា ការទន្ទ្រាន​យក​ដីគឺជា​មូលហេតុ​ចម្បង​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត ដែល​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ ភ្លើង​ឆេះ​ព្រៃ​បាន​កើតឡើង​ចន្លោះ​ពី ២ ៥០០ ទៅ ៥ ០០០កន្លែង​ក្នុង​មួយ​ថ្ងៃ​ៗនៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ក្រសួងបរិស្ថាន​បាន​ណែនាំ​ឱ្យ​មន្ត្រី​អនុរក្ស​របស់​ខ្លួន​បង្កើន​ការគ្រប់គ្រង​ឱ្យ​បាន​ល្អ​ទៅលើ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នេះ​ផង​ដែរ។

លោក នេត្រ ភក្ត្រា ប្រាប់​ថា៖ «មិន​និយាយ​ថានៅកន្លែង​តំបន់​តែព្រៃ​បូកគោ ឬមួយ​កន្លែងណា​ទេ គឺ​ស្ថានភាព​នេះ វា​ឆេះ​នៅ​ទូទាំង​ប្រទេស នៅក្នុង​រដូវប្រាំង វា​តែងតែ​កើតមានឡើង​អ៊ីចឹង។ […] ភ្លើង​ឆេះ​ព្រៃ​វា​មិន​អាក្រក់​ណាស់ណា​សម្រាប់​បរិស្ថាន​របស់​យើង​ទេ»។

ប៉ុន្តែអ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា បញ្ហា​នេះ​បាន​កើតឡើង​ហួសពី​សមត្ថភាព​នៃ​ការគ្រប់គ្រង​របស់​មន្ត្រី​ឧទ្យានុ​រក្ស​ទៅទៀត ដោយ​ថា បណ្ដាលមកពី​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​កង្វះ​គ្រឿងសម្ភារ​បច្ចេកទេស​សម្រាប់​គ្រប់គ្រងនិង​ពន្លត់ភ្លើង​ឆេះ​ព្រៃ។

លោក នេត្រ ភក្ត្រា ប្រាប់​បន្ត​ថា៖ «ស្ថានភាព​របស់​យើង​ឥលូវនេះ យើង​មានការ​លំបាក​ដោយសារតែ​ស្ថានភាព​យើង​អត់មាន​ផ្លូវចូល​ទៅ​ទេ។ ពេលខ្លះ​លំបាក។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ប្រើជា​មធ្យោបាយ គឺ​មធ្យោបាយ​មនុស្ស គឺ​ពន្លត់ភ្លើង​តាមរបៀប​បុរាណ គឺ​ស្លឹកឈើ​យក​មក​បិទ មក​ផ្ទប់​ជាមួយនឹង​ស្ថានភាព​ហ្នឹង ​[ភ្លើង​ឆេះ​ព្រៃ​]»។

បន្ទាប់ពី​មើលរូប​ថតនិង​វីដេអូ​ខ្លី​ៗដែល​អ្នកសារព័ត៌មាន​វី​អូ​ឌី​ផ្តិត​យក​បាន លោក ឆឹង ស៊ុ​វិ​រិ​យ៉ា អ្នកសម្របសម្រួល​គោលនយោបាយ និង​បណ្ដាញ​នៃ​អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍ ប្រាប់​ថា បញ្ហា​ភ្លើង​ឆេះ​ព្រៃកំពុង​គំរាមកំហែង​គម្រប​ព្រៃឈើ​បៃតង​នៃ​តំបន់ការពារទេសភាព​មួយ​នេះ។

លោក ស៊ុ​វិ​រិ​យ៉ា បាន​ជំរុញ​ឱ្យ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ការពារទេសភាព​ធម្មជាតិ​មួយ​នេះ និង​ស្ដារ​ឡើងវិញ​នូវ​គម្រប​ព្រៃឈើ​បៃតង ដោយ​ថា ភាព​ទាក់ទាញ​ទេសចរណ៍​នៃ​តំបន់​នេះ អាច​នឹង​ថយ​ចុះប្រសិនបើ​បញ្ហា​នេះ​នៅតែ​បន្ត​កើតមាន។

លោក ឆឹង ស៊ុ​វិ​រិ​យ៉ា ប្រាប់​ថា៖ «ចំនួន​នៃ​ភ្ញៀវ​ទេសចរ ឬភាព​ទាក់ទាញ​ប្រហែល​លែង​មានត​ទៅទៀត​ហើយ ពីព្រោះ​យើង​ត្រូវ​យល់ថា រវាង​ព្រៃដាំ និង​ព្រៃ​ធម្មជាតិ មាន​ភាព​ខុសគ្នា។ អ៊ីចឹង កន្លែង​ហ្នឹង​យើង​អាច​មើលឃើញ​ស្រាប់ហើយ​ថា ប្រសិនបើ​ធនធាន​ហ្នឹង​ថយ​ចុះ អត់មាន​សត្វព្រៃ អត់មាន​ព្រៃ​បៃតង ប្រហែលជា​មិន​មាន​ភ្ញៀវ​ទៅលេង​តំបន់​ហ្នឹង​ទៀត​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ