ក្រុម​ហ៊ុន​​អ៊ិ​នធឺ​ណិ​ត​នៅ​​មីយ៉ាន់ម៉ា​ រាំង​​ខ្ទប់​​ការ​ប្រើ​​ប្រាស់​​ហ្វេសប៊ុក​ ​(Facebook​)

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

ក្រុមហ៊ុន​ផ្តល់​សេ​វា​អ៊ិ​នធឺ​ណិ​តឯកជន និង​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​រដ្ឋ ​(MPT​) នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​រាំង​ខ្ទប់​ការប្រើ​ប្រាស់​ហ្វេសប៊ុក​ (Facebook​) នៅ​ថ្ងៃ​ព្រហស្ប​តិ៍​នេះ បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយក្រុម​យោធា។ 

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័រ ក្រសួង​សារ​គមនាគមន៍ និង​ព័ត៌មាន បាន​បង្ហោះ​សេចក្តី​ប្រកាស​មួយ​កាលពី​យប់ម្សិល​មិញ​ថា ​ហ្វេសប៊ុក​អាច​នឹង​ត្រូវ​បាន​រាំង​ខ្ទប់​ ហើយ​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​មួយចំនួន​បាន​រាយការណ៍​ថា ​ពួក​គេ​មិន​អាច​ចូល​ទៅ​ប្រើ​ហ្វេសប៊ុក​បាន​នោះ​ទេ។

ក្រុម​បណ្តាញ​អ្នកឃ្លាំមើល ឈ្មោះ NetBlocks បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​រដ្ឋ​មីយ៉ាន់ម៉ា​ដែល​មាន​អ្នកប្រើ​ប្រាស់​រហូតដល់២៣លាន​នាក់ ពិតជា​បាន​រាំង​ខ្ទប់​ការប្រើ​ប្រាស់​ហ្វេសប៊ុក Messenger​, Instagram និង WhatsApp ពិតមែន។

ចំណែក​ឯក្រុម​ហ៊ុន​អ៊ិ​នធឺ​ណិ​តរបស់​ន័រ​វ៉េ Telenor ASA ដែល​កំពុង​រកស៊ី​នៅ​មីយ៉ាន់ម៉ា ក៏​បាន​ទទូល​ស្គាល់​ដែរ​ថា​ ក្រុមហ៊ុន​ខ្លួន​ពិតជា​បាន​បិទ​ការ​ចូល​ទៅ​ប្រើប្រាស់​ហ្វេសប៊ុក​ដែរ ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​បទបញ្ជា​របស់​ក្រុម​យោធា។ 

អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Andy Stone ទទូល​ស្គាល់​ថា ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​របស់​ខ្លួន​នៅ​មីយ៉ាន់ម៉ា ​ពិតជា​មិន​អាច​ចូល​ប្រើ​ហ្វេសប៊ុក​បាន​មែន។ លោកបាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​វិញ ដើម្បឱ្យ​ពលរដ្ឋ​អាច​ទាក់ទង​ទៅ​ក្រុម​គ្រួសារនិង​មិត្ត​ភក្តិរបស់​ពួក​គេ ស្របពេលដែល​ពាក់កណ្តាល​នៃ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​មាន​ចំ​នួន៥៣លាន​នាក់ កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ព័ត៌មាន​នៃ​រដ្ឋាភិបាល​ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​លើកឡើង​ថា ​ពេលនេះ​មាន​ពលរដ្ឋ​មួយចំនួន​កំពុង​ប្រើប្រាស់​ហ្វេសប៊ុក​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​ដែល​នាំ​ឱ្យ​បានការ​ភាន់​ច្រឡំ​ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។ 

ក្រុម​ហ៊ុន​អ៊ិ​នធឺ​ណិ​តរបស់​ន័រ​វ៉េ Telenor ASA បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ជុំវិញ​ការ​ចេញ​បទបញ្ជា​របស់​ក្រុម​យោធា​បែបនេះ។ ក្រុមហ៊ុន​នេះ​បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ ក្រុមហ៊ុន​បាន​ប្រាប់​អ្នកប្រើ​ប្រាស់​សេ​វា​អ៊ិ​នធឺ​ណិ​តរបស់​ខ្លួន​ថា ​ពួក​គេ​មិន​អាច​ចូល​ទៅ​ប្រើប្រាស់​ហ្វេសប៊ុក​បានទេ​ ដោយសារតែ​រដ្ឋាភិបាល​បាន​ហាមឃាត់។

Telenor ASA យល់ថា​ ការ​ចេញ​បញ្ជា​នេះ​មិន​ត្រូវ​បាន​ធ្វើឡើង​ដោយយោងទៅតាម​ភាព​ចាំបាច់ និង​ភាព​សមស្រប​នោះ​ទេ បើ​យោងទៅតាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ 

កាលពី​ថ្ងៃអង្គារ ក្រុម​យោធា​បាន​ព្រមាន​ចាត់ការ​អ្នក​ដែល​បង្ហោះ​នូវ​អ្វី​ដែល​ពួក​គេ​គិតថា ​ជា​ពាក្យ​ចចាម​អារ៉ាម​នៅ​លើ​បណ្តាញ​សង្គម​ដែល​អាច​បង្ក​ឱ្យ​មាន​កុបកម្ម​និង​អស្ថិរភាព​ក្នុង​សង្គម។ 

អ្នកនាំពាក្យ​ហ្វេសប៊ុក បាន​លើកឡើង​ថា ​ក្រុមហ៊ុន​របស់​ខ្លួន​ចាត់ទុក​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ថាជា​រឿង​សំខាន់ ដែល​ត្រូវតែ​មាន​វិធានការ​សមស្រប​សម្រាប់​ឆ្លើយតប។ ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​ក៏បាន​ចាត់វិធានការ​មួយចំនួន​រួចហើយ ​ដែល​ក្នុង​នោះ​រួមមាន ​ការលុបចោល​នូវ​មា​តិ​កាដែល​សរសើរ​ឬគាំទ្រ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ