ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ២៧គ្រួសារ រស់នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពាក្យស្នើសុំដល់អាជ្ញាធរក្រុងតាខ្មៅ ឱ្យជួយដោះស្រាយករណីក្រុមហ៊ុនលក់ដីឡូត៍មួយអូសបន្លាយពេលជាង៤ឆ្នាំ មិនព្រមបំបែកប្លង់ដីឱ្យពួកគាត់។
លោក យាង វ៉ាន់សៃ អាយុ៣៦ឆ្នាំ អះអាងជាតំណាងពលរដ្ឋ បានឱ្យដឹងថា ពលរដ្ឋទាំងជាង២៧គ្រួសារ បានទិញដីពី«ក្រុមហ៊ុន ស៊ីម បូ» ពុះដីទ្បូត៍លក់ កាលពីអំឡុងឆ្នាំ២០១៦កន្លងទៅ ដោយក្រុមហ៊ុនសន្យាថានឹងបំបែកប្លង់ដីជូន។
លោកបន្តថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់អនុវត្តតាមការសន្យារបស់ខ្លួន ខណៈពួកគាត់បានទទួលដំណឹងថា ក្រុមហ៊ុនបានយកប្លង់ដីរួមទៅដាក់នៅធនាគារថែមទៀត។
លោកមានប្រសាសន៍ថា៖ «ពីមុនខាងស្រុកស្អាង គេយកទៅខាងសុរិយោដី[ស្រុក]ស្អាង គេថាដីនេះគឺមានបញ្ហា មិនអាចដូរឈ្មោះឬកាត់បានទេ ព្រោះដីនេះអត់បានយកប្លង់ទៅតម្កល់គេទេ ប្លង់ធំរួមហ្នឹងមិនទាន់យកទៅដាក់បំបែកនៅសុរិយោដីទេ […] ខាងភូមិបាល និងខាងសុរិយោដី គេមើលតំបន់នេះ គេបញ្ជាក់ថា អត់បានទេដីនេះ! ដីហ្នឹងមានបញ្ហាហើយ! មិនអាចបញ្ជាក់បានទេ! ស្រុកក៏គេលែងទទួលដែរ។ គេប្រាប់ថា ដីនេះ ម្ចាស់ហ្នឹងគឺយកប្លង់ដាក់ធនាគារ ប្រជាពលរដ្ឋអត់មានផ្អើលអញ្ចឹង យូរឆ្នាំហើយ! គេគ្រាន់តែបង្ហើបប៉ុណ្ណឹងឱ្យយើងបានដឹង»។
ពលរដ្ឋម្នាក់ទៀត លោកស្រី ទ្បុង ទី អាយុ៤៥ឆ្នាំ បានប្រាប់ VOD ថា បច្ចុប្បន្ន ពលរដ្ឋបានមករស់នៅនិងសាងសង់ផ្ទះលើដីឡូត៍ដែលពួកគាត់បានទិញនោះ ហើយតំបន់នោះក៏មានផ្លូវ លូ ភ្លើង និងទឹកចូលដល់ផងដែរ តែបញ្ហាតែមួយគឺពួកគាត់នៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ។ អ្នកស្រីថា បញ្ហានេះហើយដែលធ្វើឱ្យពួកគាត់បារម្ភពីការបាត់បង់ដីទាំងនោះ។
អ្នកស្រីបញ្ជាក់ថា នៅពេលដែលពលរដ្ឋទិញដីឡូត៍នេះ មានមេភូមិលេខ១ក មេឃុំ និងអភិបាលស្រុកស្អាង បានដឹងឮពីរឿងនេះ ជាមួយម្ចាស់ក្រុមហ៊ុនផងដែរ តែនៅពេលមានបញ្ហា ត្រូវបានអាជ្ញាធរច្រានចោល។
លោកស្រីបន្តថា៖ «គ្រប់រាល់ឯកសាររវាងលក់ទិញ គឺមានមេភូមិនៅផ្ទាល់ជាមួយ [ហើយ] ព្រំ នាង និង ស៊ីម បូ [បុគ្គលិក] នៅក្នុងការិយាល័យហ្នឹងតែម្តង។ មេភូមិអ្នកធ្វើឯកសារនេះផ្ទាល់ស៊ីញ៉េស្អីៗនៅក្នុងហ្នឹងទាំងអស់។ បើចង់ធ្វើប្លង់រឹង ធ្វើបាន ហើយអស់សេវាខ្លួនឯង ហើយចង់ធ្វើដីនេះធ្វើពេលណាពេលហ្នឹងទៅ ព្រោះដីនេះប្លង់ទន់ត្រឹមស្រុកហើយ»។
លោកស្រីបន្ថែមថា៖ «ខ្ញុំក៏បញ្ជូនឯកសារមកក្រុងនិងមន្ទីរដោះស្រាយឱ្យ ហើយខាងក្រុងតាខ្មៅចង់ឱ្យយើងធ្វើឯកសារថ្មីទៀត ធ្វើទៅធ្វើមកៗ ខ្ញុំដាក់តាំងពីភ្ជុំរហូតមកដល់ឥលូវមិនទាន់ធ្វើការឱ្យពួកខ្ញុំទេ អត់មានដំណោះស្រាយឱ្យពួកខ្ញុំទេ»។
បើតាមពលរដ្ឋ ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ មេឃុំស្វាយរលំ បានកោះហៅម្ចាស់ក្រុមហ៊ុនពុះដីឡូត៍នេះឱ្យចូលខ្លួនទៅដោះស្រាយ៣ដងរួចមកហើយ តែមានតែតំណាងក្រុមហ៊ុនប៉ុណ្ណោះដែលចូលទៅដោះស្រាយ ហើយមិនចេញជាលទ្ធផលអ្វីនោះទេ។
VOD មិនអាចទាក់ទងម្ចាស់ក្រុមហ៊ុន ស៊ីម បូ បាននោះទេ ខណៈភាគីក្រុមហ៊ុនម្នាក់ទៀតគឺអ្នកស្រី ព្រំ នាង ទូរសព្ទចូលច្រើនដងតែគ្មានអ្នកទទួល។
មេភូមិលេខ១ក លោក អ៊ុន ពៅ ថ្លែងថា បញ្ហានេះ លោកកំពុងធ្វើការដោះស្រាយហើយ តែម្ចាស់ក្រុមហ៊ុននេះសុំពន្យារពេល ដោយសារគាត់កំពុងជាប់នៅប្រទេសវៀតណាម។
លោកថា៖ «ក្រុមហ៊ុនថានឹងដោះស្រាយឱ្យ គាត់ព្រមព្រៀងបំបែកប្លង់ឱ្យប្រជាពលរដ្ឋយើង និងទទួលខុសត្រូវ មានអី! […] យើងទាក់ទងរកហៅអី គាត់មក ទៅសម្របសម្រួល ទាក់ទងហៅគាត់មកដោះស្រាយហើយ ប៉ុន្តែ[ខាង]គាត់ទេ! ឆ្លងនៅវៀតណាម ហើយអាកូវីដហ្នឹង គាត់អត់ឃើញមក»។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនដីទ្បូត៍ជាប់នៅធនាគារ គឺវាមានកន្លែងខ្លះជាប់ កន្លែងខ្លះមិនជាប់ទេ ហើយធនាគារឯកជនទេ មិនមែនរបស់រដ្ឋទេ»។
អ្នកនាំពាក្យរដ្ឋបាលក្រុងតាខ្មៅ លោក ទូច សារិន បានឱ្យដឹងថា អាជ្ញាធរក្រុងបានដឹងពីករណីនេះដែរ ប៉ុន្តែបញ្ហានេះ លោកថា មិនពាក់ព័ន្ធនឹងរដ្ឋបាលក្រុងតាខ្មៅនោះទេ ដោយរឿងនេះបានកើតឡើងតាំងពីឆ្នាំ២០១៨ មុនផ្ទេរការគ្រប់គ្រងរដ្ឋបាលពីស្រុកស្អាង មកក្រុងតាខ្មៅ។
ទោះជាយ៉ាងណា លោកថា រដ្ឋបាលក្រុងក៏បានចូលរួមសម្របសម្រួលរកដំណោះស្រាយលើរឿងនេះដែរ តែបញ្ហានោះត្រង់ម្ចាស់ក្រុមហ៊ុនមិនចូលរួមសហការ។
លោកបន្តថា៖ «អត់មានបញ្ជាក់ពីសាលាក្រុងទេ ព្រោះដីហ្នឹងទើបកាត់ចេញពីស្អាងមក សាលាក្រុងអត់មានពាក់ព័ន្ធទេ រឿងហ្នឹងពាក់ព័ន្ធទៅស្រុកស្អាងទេ។ ទីតាំងភូមិសាស្រ្តហ្នឹងគេកាត់មកឱ្យក្រោមការគ្រប់គ្រងរដ្ឋបាលក្រុង។ ពីដើមទ្បើយរបស់ស្រុកស្អាង មិនមែនប្លង់សាលាក្រុងកាត់ឱ្យពួកប្រជាជនហ្នឹងទេ និង ស៊ីម បូ ទេណា! […] ក្រុងមិនមានវិធានការអីកើតទេ ព្រោះអត់មានអាជ្ញាសឹក អត់មានអីគ្រប់គ្រាន់ក្នុងការធ្វើរឿងអីទេ បានត្រឹមសម្របសម្រួល។ បើតាមប្រជាពលរដ្ឋថា ខាងនោះគិតតែពីគេចរហូត អត់ចូលខ្លួន អត់ដោះស្រាយ អញ្ចឹងមានតែតុលាការទេ»។
បើតាមប្រជាពលរដ្ឋទាំង២៧គ្រួសារថា ប្រសិនជារឿងនេះនៅតែគ្មានដំណោះស្រាយទៀត ពួកគេនឹងដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីឱ្យតុលាការសម្រេចសេចក្ដីចំពោះបញ្ហានេះ៕