ប្រជាពលរដ្ឋរស់នៅក្បែរស្ពានព្រែកសំរោងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបន្តត្អូញត្អែរពីបញ្ហាដីហ៊ុយខ្លាំង បើទោះបីជាអាជ្ញាធរអះអាងថាកំពុងមានចំណាត់ការចំពោះឡានធំដឹកដី និងខ្សាច់ដែលមិនអនុវត្តន៍ត្រឹមត្រូវតាមបច្ចេកទេសក៏ដោយ។
អ្នកស្រីតែង សុថា ជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅបាននិយាយថា ទោះបីជាអ្នកស្រីបានលឺថាអាជ្ញាធរមានចំណាត់ការចំពោះឡានដឹកដី និងខ្សាច់ក៏ដោយ ប៉ុន្តែបញ្ហាហ៊ុយមិនបានកាត់បន្ថយនោះទេ។
អ្នកស្រីបន្តថាសង្កេតឃើញមានអាជ្ញាធរមកបោសសម្អាតដីនៅតាមដងផ្លូវដែរ ប៉ុន្តែអ្នកស្រីថានៅតែមានដីហ៊ុយដដែលដោយសារតែឡានដឹកដី និងខ្សាច់មានជាបន្តបន្ទាប់។
អ្នកស្រីតែង សុថា៖« ឃើញតែគេប្រមូលខ្សាច់ ប៉ុន្តែហ៊ុយមហាហ៊ុយមិនដឹងនិយាយថាមិច។ និយាយអត់ចេញ។ប៉ុន្តែប៉ុន្មានថ្ងៃមុនឃើញគាត់(អាជ្ញាធរ)មកបោសសម្អាតខ្សាច់អត់ឈ្នះទេ អត់ឈ្នះម៉ងហ៊ុយរហូតទាំងយប់ទាំងថ្ងៃ យប់ហ៊ុយកាន់តែខ្លាំងឡានធំៗដឹកខ្សាច់ ហ៊ុយណាស់ក្មួយហ្អើយមិនដឹងនិយាយថាមិចផង»។
ពលរដ្ឋរូបនេះបានបន្ថែមថាបញ្ហដីហ៊ុយនេះបានបង្កផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
អ្នកស្រីតែង សុថា៖«ប៉ះពាល់សុខភាពអីវ៉ែអីវ៉ាន់យើងគ្រប់បែបទាំងអស់ទាំងម្ហូបអារហារ គ្រាន់តែដាក់ចោលតិចក៏មិនបានដែរហ៊ុយ ម្ហូបអាហារយើងហ៊ានចំហរតែម៉ាភ្លេត ក្មួយមើលខ្ញុំបោសឡើងម៉ាថ្ងៃប៉ុន្មានទេ រាប់អត់ចេញទេ»។
ចំណែកពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី សន នី រស់នៅភូមិព្រែកសំរោងបានលើកឡើងថា ឡានមួយចំនួននៅតែដឹកមិនត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរនោះទេដែលនាំមានដីធ្លាក់នៅលើថ្នល់ជាប្រចាំ។
អ្នកស្រីសន នី៖«មានឡានដឹកដី ដឹកអីអញ្ជឹងទៅវាចេះតែធ្លាក់ដីអញ្ជឹងទៅណាស់ វាចេះតែហ៊ុយ ហើយឡានច្រើនចឹងថ្នល់យើងវាតូចហើយឡានធំច្រើនចិងទៅជាហ៊ុយ។»
អ្នកស្រី សន នីបានសំណូមពរឱ្យឡានដឹកដីទាំងនោះអនុវត្តន៍តាមបចេ្ចកទេសត្រឹមត្រូវកុំឱ្យមានដីធ្លាក់លើថ្នល់ដែលបង្ករឱ្យមានដីហ៊ុយ។
អ្នកស្រីសន នី៖«មានតែអ្នកដឹកដីខ្សាច់អីហ្នឹងយកអីគ្របឱ្យបានជាប់អញ្ជឹងទៅកុំឱ្យដាក់ដីច្រើនពេកកុំឱ្យធ្លាក់នៅលើផ្លូវអញ្ជឹង។»
ស្រដៀងគ្នានេះដែរ អ្នកស្រី អ៊ិន សាវ៉ាន់ ជាពលរដ្ឋរស់នៅក្នុងភូមិព្រែកសំរោងបានត្អូញត្អែរពីបញ្ហាដីហ៊ុយនេះ។
អ្នកស្រី អ៊ិន សាវ៉ាន់ ៖«នៅតែដដែលហ្នឹងប្អូនអើយចង់លើសដើមផង»។
នាយករដ្ឋបាលសាលាខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា អាជ្ញាធរកំពុងតែមានវិធានការផាកពិន័យចំពោះឡានទាំងឡាយណាដែនមិនបានអនុវត្តន៍តាមការ ណែនាំរបស់រដ្ឋបាលខណ្ឌ ហើយថា ចំពោះដេប៉ូខ្សាច់ណាដែលនៅតែល្មើសអាចនឹងប្រឈមការបិទអាជីវកម្មតែម្តង។
លោក គ្រុយ ម៉ាឡែន៖«យើងធ្វើរហូតក្នុងយន្តការនេះគឺអត់គិតខែ គិតថ្ងៃទេ គឺបានន័យថាគណៈកម្មការនេះមើលការខុសត្រូវរហូតកាលណាមានបទល្មើសឬមានបញ្ហាដែលអាជីវកម្មនោះមិនគោរពគឺចាប់ផាកពិន័យតាមអ្វីដែលក្រសួងបានកំណត់ នៅពេលដែលមិនរាងចាល មិនអនុវត្តន៍តាមដដែលហើយដដែលទៀតអាចឈានដល់ការបិទអាជីវកម្ម។»
បើតាមនាយករដ្ឋបាលសាលាខេត្តកណ្តាលរូបនេះបានបញ្ជាក់ថា ចាប់តាំងពីមានការបង្កើតគណៈកម្មការត្រួតពិនិត្យចំពោះដេប៉ូខ្សាច់ដែលប្រើប្រាស់ឡានមិនត្រឹមត្រូវតាមបច្ចេកទេសមក មានឡានប្រមាណ៥០គ្រឿង ត្រូវបានឃាត់ទុក៕









