មន្ត្រី​​បរិស្ថាន​​ថា​ តម្រូវ​ការ​​គ្រឿង​​សង្ហា​​រឹម​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ធនធាន​​ព្រៃ​ឈើ​​នៅ​​កម្ពុជា​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ពិនិត្យមើល​ឧបករណ៍​ប្រើប្រាស់​ដែល​ប្រើ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់ ភូមិ​សាស្រ្ត​ខេត្តក្រចេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិច​សេង​)

​ក្រសួងបរិស្ថាន លើកឡើង​ថា តម្រូវការ​ទីផ្សារ​គ្រឿង​សង្ហា​រឹម​ក្នុង​ស្រុក ជា​កត្តា​ដែល​នាំ​ឱ្យ​ធនធាន​ព្រៃឈើ​ក្នុង​តំបន់​ការពារ​នៅ​ប្រទេស​កម្ពុជាបន្ត​បាត់បង់ ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃឈើ អះអាង​ថា ការបាត់បង់​គម្រប​ព្រៃឈើ​ទាំងនោះកើតឡើង​ដោយសារ​ការនាំចេញ​ឈើ​ទៅក្រៅ​ប្រទេស។ 

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែង​អំឡុង​ពេលរៀបចំ​ដំណើរ​បោះតង់​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ភូមិ​សាស្រ្ត​ខេត្តក្រចេះ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ​ថា តម្រូវការ​ទីផ្សារ​ឈើ​នៅ​កម្ពុជាមាន​ប្រមាណ​ជាង២លាន​ម៉ែត្រគូប​ក្នុង​មួយឆ្នាំ។

លោក​ថា តម្រូវការ​គ្រឿង​សង្ហា​រឹមដែល​ធ្វើអំពី​ឈើ​ធម្មជាតិ ជា​កត្តា​ជំរុញ​ឱ្យ​មាន​បទល្មើស​កាប់​ឈើ​ខុសច្បាប់​បន្ត​កើតមាន ដោយក្រុម​ឈ្មួញ​ប្រើប្រាស់​ប្រជាពលរដ្ឋ​ក្រីក្រចូលព្រៃ​ការពារ កាប់​ឈើ​ដឹកជញ្ជូន​មក​លក់​ឱ្យ​ពួក​គេ។ 

លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា៖ «តម្រូវការ​ផ្នែក​ប្រើប្រាស់​គ្រឿង​សង្ហា​រឹមដែល​ប្រជាពលរដ្ឋនៅតែ​ត្រូវការ​នេះ វា​គឺជា​សម្ពាធ​មួយ​មក​លើ​ធនធាន​ធម្មជាតិ​របស់​យើង គឺ​មានន័យថា ព្រៃឈើ​របស់​យើង។ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​បដិសេធ​មិន​ប្រើប្រាស់​គ្រឿង​សង្ហា​រឹមដែល​ធ្វើពីឈើ​ប្រណិត ក៏ប៉ុន្តែ​ងាក​មក​ប្រើប្រាស់​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើ​ពី​ចម្ការ​ឈើ​ដាំ នោះ​វា​ជាផ្នែក​មួយ​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ធនធាន​ធម្មជាតិ»។

មន្ត្រីអ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជាកំពុង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​លើ​ការ​ដាំ​ដើមឈើសម្រាប់​កែច្នៃ ដោយមាន​ក្រុមហ៊ុន ស៊ីង​បាយ​អូ​ថេ​ក ជា​ក្រុមហ៊ុន​ដំបូង​គេដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ ៣ ៤០០០ហិក​តា នៅ​ខេត្តក្រចេះ ដើម្បី​ដាំ​ឈើ​សម្រាប់​កែច្នៃ​បំពេញ​តម្រូវការ​ក្នុង​ស្រុក​និង​នាំចេញ។

លោក នេត្រ ភក្ត្រា បន្ត​ថា ក្នុងចំណោម​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ខាង​ក្រសួង​បង្ក្រាប​បាន​ជាង៨ពាន់​ករណី ​ក្នុង​ឆ្នាំ២០២០ ហើយ​បទល្មើស​កាប់​រាន​ដី​ព្រៃ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ខណៈ​ការ​កាប់​ឈើ​ដឹក​តាម​គោយន្ត​មាន​គ្រោះថ្នាក់​តិចតួច​ចំពោះ​ធនធាន​ព្រៃឈើ។

លោក​បន្ថែម​ថា៖ «តាមអ្វី​ដែល​យើង​ស្រាវជ្រាវ គឺ​មាន​ឈ្មួញ​កណ្តាល​មក​ពី​ខេត្ត​ផ្សេង​ដែលគេ​មាន​បណ្តាញ​របស់​គេ ជួនកាល​ឱ្យ​លុយ​ទៅ​ប្រជាពលរដ្ឋ​ហ្នឹង​ទៅ។ អ្នកខ្លះ​ទៅ​កាប់​ឈើ​ដើម្បី​លក់​ឱ្យ​ខ្លួន ពេលខ្លះ​ទៅ​ទន្ទ្រាន​ដីដើម្បី​លក់​ឱ្យ​ខ្លួន​ក្នុង​តម្លៃ​ថោ​កៗ ហើយ​ជន​ទាំងនេះ គេ​មាន​បណ្តាញ​របស់​គេ»។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ លើកឡើង​ថា តម្រូវការ​គ្រឿង​សង្ហា​រឹម​ក្នុង​ស្រុក មិន​បានធ្វើឱ្យបាត់បង​់ធនធាន​ព្រៃឈើ​នៅ​កម្ពុជា​។ លោក​ថា ការ​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស និង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ចក្រោម​គម្រោង​អភិវឌ្ឍន៍​ដី​កសិកម្មដែល​រដ្ឋាភិបាល​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន គឺជា​មូលហេតុ​ចម្បង​នៃ​ការ​បន្ត​រលាយសាបសូន្យនៃគម្រប​ព្រៃឈើ​ធម្មជាតិ​ក្នុង​ប្រទេស។ 

សកម្មជន​ព្រៃឈើ​រូប​នេះ អះអាង​ប្រាប់ ​វី​អូ​ឌី នៅ​ថ្ងៃទី១៨ ខែកុម្ភៈ​ ថា ក្រុមហ៊ុន ​អង្គរ​ផ្លា​យហ្វូ​ត ជា​អ្នកទទួល​ខុសត្រូវ​ធំជាង​គេលើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ ដោយមាន​បែងចែក​ក្រុមហ៊ុន​សាខា​មួយចំនួនមានទីតាំងនៅក្បែរតំបន់ព្រៃអភិរក្ស រាប់ទាំង​ក្រុមហ៊ុន ស៊ីង​បាយ​អូ​ថេ​ក ជា​អ្នក​ប្រមូលនិង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ។ លោក​ថា លោកមា​នភ​ស្តុ​តាង​បញ្ជាក់​ពី​ការនាំចេញ​ឈើ​ទៅក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន ដែល​ក្នុង​នោះ​ភាគច្រើនមានការ​គេច​ពន្ធ។

លោក ហេង ស្រស់ និយាយ​ថា៖ «សព្វថ្ងៃ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា ក្នុង​មួយថ្ងៃ​ ក្រុមហ៊ុន ​អង្គរ​ផ្លា​យហ្វូ​ត អាច​នាំចេញ​ឈើ​ពី​ប្រទេស​កម្ពុជា យក​ទៅ​លក់​ខាងក្រៅ​ប្រទេស​មាន៨០កុង​ទី​ន័រ ហើយក៏​ខ្ញុំ​មាន​ឯកសារ​បញ្ជាក់​ចេញពី​កន្លែង​កំពង់ផែ ដែល​គាត់​បញ្ចេញ​កុង​ទី​ន័​រដែ​លដាក់​ឈើយ​កទៅ​លក់​ខាងក្រៅ​ប្រទេស​ហ្នឹង​ដែរ»។

លោក​បន្ថែម​ថា៖ «ការ​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស ការ​រត់ពន្ធ​ឈើ​ដោយ​មិនបាន​បង់ប្រាក់​ចូល​រដ្ឋ ទាំងនោះ​ហើយដែល​ជា​មូល​ហេ​តុ​ធំៗនាំ​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ បើសិនជា​ខាង​អ្នកនាំពាក្យ ខាង​ក្រសួងបរិស្ថាន​ គាត់​លើ​កឡើង​អ៊ីចឹង អាហ្នឹង​វា​ហាក់បីដូចជាគាត់​កំពុងតែ​ការពារ​ជនល្មើសដែល​កំពុងតែ​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើដឹក​យក​ទៅ​លក់​ខាងក្រៅ​ប្រទេស»។

នៅក្នុង​វីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈពេល​ជិត៦នាទីដែលមានចំណងជើង «គ្មានថ្ងៃវិលវិញ» ត្រូវ​បាន​ទម្លាយ​ចេញ​តាម​ទំព័រ Facebook សារព័ត៌មាន Cambodia Daily នៅ​ថ្ងៃទី១២ ខែកុម្ភៈ បានបង្ហាញពីសកម្មភាពអាឈើ ដឹកជញ្ជូនឈើតាមគោយន្ត និងតាមរថយន្តធនធំនៅក្នុងតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ ដែលត្រូវបានរាយការណ៍ទៅកាន់ក្រុមហ៊ុន ស៊ីងបាយអូថេក។

វី​អូ​ឌី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​ក្រុមហ៊ុន​ អង្គរ​ផ្លា​យហ្វូ​ត បានទេ នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍ ទី១៨ ខែកុម្ភៈ​នេះ។ យ៉ាងណា ​បើ​តាម​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម នាយក​ក្រុមហ៊ុន​មួយ​នេះមានឈ្មោះ Lu Chu​-Chang ដែល​ត្រូវជា​នាយក​ក្រុមហ៊ុន​ ស៊ីង​បាយ​អូ​ថេ​ក។

យ៉ាងណា លោក Lu Chu​-Chang ថ្មី​ៗនេះ បាន​បដិសេធ​ការចោទប្រកាន់​របស់​ក្រុមសកម្ម​ជន​ដែល​ថា ​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ពី​ពលរដ្ឋ ដោយ​លោក​អះអាង​ថា ឈើ​ដែល​ដឹក​ចេញពី​ក្រុមហ៊ុន ជា​ឈើ​សេសសល់​ដែល​បាន​ឈូស​ឆាយ​ចេញពី​ដីសម្បទាន​របស់​ក្រុមហ៊ុន សម្រាប់​ដាំ​ដើម​អាកាស្យា។ 

មន្រ្តី​ឧទ្យានុ​រក្ស​ឈរ​នៅ​ចម្ការ​ដើម​អាកា​ស្យា ក្នុង​បរិ​វេន​ដី​របស់​ក្រុមហ៊ុន ស៊ីង​បាយ​អូ​ថេ​ក នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិច​សេង​)

លោក ហេង ស្រស់ បន្ត​ថា ក្រោយ​វីដេអូ​នេះ​ត្រូវ​បាន​ចុះផ្សាយ គណៈកម្មការ​គ្រប់គ្រង​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចុះ​ប្រតិបត្តិ​ការ​នៅ​តំបន់​ព្រៃ​ឡង់ និង​ពិតជា​បាន​ប្រទះឃើញ​ពលរដ្ឋកំពុង​កាប់​ឈើ ដើម្បី​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ ស៊ីង​បាយ​អូ​ថេក ពិតមែន។ 

បើ​តាម​ទំព័រ​ហ្វេសប៊ុក ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​កម្ពុជា GRKNews បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​អភិរក្ស​ព្រៃ​ឡង់ នៅ​ភូមិ​សាស្រ្ត​ខេត្តកំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ នៅ​តាម​ទី​តាំង​ផ្សេង​ៗគ្នា។ ក្នុង​នោះ នៅ​ថ្ងៃពុធ ទី១៥ និង១៦ ខែកុម្ភៈ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃើញ​គល់ឈើ​កាប់​ចំនួន១៧៨គល់ នៅ​ចំណុច​ផ្លូវបំបែក​ចូល​ក្រុមហ៊ុន​ ស៊ីង​បាយ​អូ​ថេ​ក និង​ពលរដ្ឋ២០នាក់។

តាម​ប្រភព​ដដែល ពលរដ្ឋ​ទាំងនោះកំពុង​រស់នៅ​ធ្វើចម្ការ​និង​កាប់​ឈើ សម្រាប់​ដឹកជញ្ជូន​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ ស៊ីង​បាយ​អូ​ថេ​ក ក្នុង​តម្លៃ៦០០ ០០០រៀល ក្នុង១ម៉ែត្រគូប។

អ្នកនាំពាក្យ​គណៈកម្មការ​គ្រប់គ្រង​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី មិនបានបញ្ជាក់​បន្ថែម​អំពី​លទ្ធផល​នៃ​ប្រតិបត្តិ​ការ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុងរយៈពេល​ចុងក្រោយ​នេះ​នៅឡើយ ដោយ​ថា​ប្រតិបត្តិ​ការ និង​ការស្រាវជ្រាវ​រកបទល្មើសនិង​ជន​ពាក់ព័ន្ធ​មិនទាន់​បញ្ចប់។ 

លោក អេង ហ៊ី មានប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ អាហ្នឹង​ការស៊ើបអង្កេត​របស់​គេ។ គេ​កំពុងធ្វើការ​ស៊ើបអង្កេត​មើល តើ​វារ​បៀ​បម៉េច​? វា​ពាក់ព័ន្ធ​អី​ខ្លះ​?»

កាលពី​ឆ្នាំ២០១៦ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​បង្កើត​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ លើ​ទំហំដី ៤៣១ ៦៨៣ហិ​កតា គ្រប​ដណ្តប់​លើ​ខេត្ត​ចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹង​ត្រែង កំពង់ធំ និង​ព្រះវិហារ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ក្នុង​តំបន់​នោះ។ 

តែ​យ៉ាងណា របាយការណ៍​ចំហ​ជា​លើក​ទី២ របស់​សាកល​វិទ្យាល័យ ខូ​ប៉ែន​ហា​ក (Copenhagen​) របស់​ប្រទេស​ដាណឺម៉ាក កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បាន​បង្ហាញ​ពី​ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ឆ្នាំ២០១៩ ថា​មាន​ទំហំផ្ទៃ​ដី​ជាង២ ៥០០ហិ​កតា (២ ៥៦៥ហិ​កតា​)។ របាយការណ៍​នេះ​បញ្ជាក់​ថា ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជានៅតែ​កើនឡើង​ខ្លាំង​៕


វីអូឌី សូមកែតម្រូវកថាខណ្ឌទី១២ ដែលផ្សាយថា «នៅក្នុងវីដេអូខ្លីមួយដែលមានរយៈពេលជិត៦នាទី របស់ក្រុមសកម្មជនការពារព្រៃឈើរបស់លោក អ៊ូច ឡេង បានបង្ហាញសកម្មភាពបទល្មើសអារឈើ[…]»។

ទៅជា «នៅក្នុងវីដេអូខ្លីមួយដែលមានរយៈពេលជិត៦នាទី ដែលត្រូវបានផ្សព្វផ្សាយបន្តនៅលើទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញសកម្មភាពបទល្មើសអារឈើ […]»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ