អ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍កើនដល់៧៦ករណីក្នុងរយៈពេល៣ថ្ងៃ

ទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ((ម៉ិច ដារ៉ា)

ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣៥ករណីថ្មី ដោយ ក្នុងនោះមាន៣១នាក់ជាអ្នកឆ្លងក្នុងសហគមន៍ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៧៦នាក់។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញនៅព្រឹកនេះ បានឱ្យដឹងថា​អ្នកឆ្លង​កូវីដ​១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​ទាំង៣១ករណីនោះ​មានជនជាតិ​ចិន១៩​នាក់ កូរ៉ខាងត្បូងម្នាក់ដែលពួកគេស្នាក់នៅរាជធានីភ្នំពេញ ខណៈ១១នាក់ទៀតត្រូវបាន​រក​ឃើញ​លើជនជាតិខ្មែរដែលក្នុងនោះ១០នាក់នៅរាជធានីភ្នំពេញ និងម្នាក់ទៀតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។​

ដោយឡែក​៤រកណីថ្មីទៀតជាករណីនាំចូលដែល​ក្នុងនោះត្រូវបានរក​ឃើញលើបុរស​​ជន​ជាតិខ្មែរវ័យ​៤៣ដែលមកពីប្រទេសហ្គាណាមកដល់កម្ពុជានាថ្ងៃទី៨ខែកុម្ភៈ ខណៈ​៣ករណីទៀត​ត្រូវបានរកឃើញ​លើជនជាតិចិន៣នាក់ដែលធ្វើដំណើរមក​ពីចិនហើយមក​ដល់កម្ពុជានា​ថ្ងៃទី១១​ខែកម្ភៈ។

តាមក្រសួងសុខាភិបាល បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន និងមណ្ឌលសុខភាពចាក់អង្រែ។

ក្រៅពីករណីវិជ្ជមានចំនួន៣៥នាក់ថ្មី ក្រសួងក៏បានប្រកាសឱ្យដឹងពីការព្យាបាលជាសះស្បើយ​នូវបុរសនិងស្រ្តីជនជាតិឥណ្ឌា២នាក់ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ កម្ពុជារកឃើញអ្នកមានកូវីដ១៩ចំនួន៥៦៨នាក់ ដែលក្នុងនោះ​​ព្យាបាល​ជា​សះស្បើយ ៤៧៥នាក់ និងកំពុងសម្រាកព្យាបាលមាន៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ