កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​ថ្មី​​ចំនួន​៦៥​នាក់​​ថែម​ទៀត​

ក្រុម​គ្រូពេទ្យ​ក្នុង​ឯកសណ្ឋាន​ការពារ​កូ​វីដ១៩ បំពេញការងារ​យក​សំណាក​ពី​ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​ក្រសួងសុខាភិបាល នៅ​ថ្ងៃនេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ថ្មី​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ចំនួន៦៥នាក់ ក្នុង​នោះ​អ្នក​ឆ្លង ៥៨នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ព្រឹត្តិ​ការណ៍២០កុម្ភៈ ខណៈ ៧នាក់​ទៀតជា​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស និង​អ្នក​ដែល​ធ្វើតេស្ត​សុខភាព​ដើម្បី​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ ទាំង៥៨នាក់ នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ មាន​ជនជាតិ​ចិន​ចំនួន៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េ​ម្នាក់ សិង្ហ​បុរី​ម្នាក់ និង​ជប៉ុន​ម្នាក់ ។ 

ចំណែក​អ្នក​ឆ្លង ៧នាក់​ទៀត រួមមាន ជនជាតិ​ខ្មែរ​ម្នាក់ដែល​ជា​កងទ័ព​មួក​ខៀវ មក​ពី​ប្រទេស​អាហ្រិ្វ​ក មកដល់​កម្ពុជា​ នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និង​ជនជាតិ​ចិន ៦នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រក​ឃើញថា​វិជ្ជមាន​វីរុស​កូ​វីដ១៩ នៅ​ថ្ងៃទី២៣ ខែកុម្ភៈ នៅពេល​ដែល​ពួក​គេ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​វិញ។ 

ក្រសួង​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកជំងឺ​ចំនួន៥៨នាក់ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័​ករាជធានី​ភ្នំពេញ និង ៧នាក់​ទៀតត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង​សាលា​រក្សា​សន្តិភាព​ពហុ​សាស្ត្រ​កំពង់ស្ពឺ ចំនួន១នាក់។ 

ក្រសួង​បន្ថែម​ថា កាលពី​ថ្ងៃម្សិលមិញ ក៏​មាន​អ្នកជំងឺ​កូ​វីដ១៩ម្នាក់បាន​ជាសះស្បើយ​ផង​ដែរ ដែល​ជា​ស្ត្រី​ខ្មែរធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន​៦៩៧នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​ចំនួន៤៧៧នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន២១៧នាក់។ ក្នុងចំណោម​អ្នក​ឆ្លង​ចំនួន៦៩៧នាក់ មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ មាន​ចំនួន១៩៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ