ជប៉ុន​ផ្តល់​ជំនួយ​​ជិត​១១​លាន​ដុល្លារ​សម្រាប់​​អភិវឌ្ឍ​ប្រព័ន្ធ​ចរា​ចរណ៍​នាវា​​នៅ​ខេត្ត​ព្រះ​សីហនុ​

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនលើ“គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” ដែលមានទឹកប្រាក់ប្រមាណ១០លាន៨សែនដុល្លារអាមេរិក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

រដ្ឋាភិបាលជប៉ុន ផ្តល់​ហិរញ្ញប្បទានឥតសំណងនូវទឹកប្រាក់ជិត១១លានដុល្លារអាមេរិក ដល់​រដ្ឋា​ភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោង​អភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍នាវានៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បាន​ឱ្យដឹងថា តបតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្តល់​នូវ​ហិរញ្ញប្ប​ទាន​ឥតសំណងរបស់ជប៉ុន នូវទឹកប្រាក់ចំនួន ១ ១៣២ ០០០ ០០០យ៉េន (មួយប៊ីលាន មួយ​រយសាមសិបពីរលាន​យ៉េន) ឬស្មើប្រមាណ ១០ ៨០០ ០០០ដុល្លារអាមេរិក​ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោង​អភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍នាវានៅកំពុងផែស្វយ័តក្រុងព្រះសីហនុ។​

ស្ថានទូតជប៉ុនបន្តថា គម្រោង​នេះនឹងបង្កើតប្រព័ន្ធចរាចរណ៍នាវា (VTS) ដើម្បីធ្វើ​ឱ្យ​ប្រសើរឡើង​នូវសុវត្ថិភាពផ្លូវសមុទ្រ និង​ប្រសិទ្ធភាពការធ្វើនាវាចរណ៍នៅជុំវិញកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា៖ «យើងរំពឹងថា តាមរយៈលទ្ធផល​នៃគម្រោងនេះ វិធានការណ៍សុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងការតភ្ជាប់​ក្នុងតំបន់មេគង្គ នឹង​ត្រូវបាន​លើកកម្ពស់»។

បើតាមសេចក្តីប្រកាសព័ត៌មាន ការផ្តល់ជំនួយ​នេះបានធ្វើឡើង​តាមរយៈលិខិតប្តូរសារ​ ដែលចុះហត្ថលេខារវាងលោក ប្រាក់ សុខន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ