វិភាគ​៖​ តើ​បាតុកម្ម​និង​ទណ្ឌកម្ម​ធ្វើ​ឱ្យ​យោធា​ប្រគល់​អំណាច​ឱ្យ​បក្ស​អ្នកស្រី​ ស៊ូជី វិញ​ទេ?​

ក្រុមបាតុករមីយ៉ាន់ម៉ារងការបង្ក្រាបពីក្រុមយោធាមីយ៉ាន់ម៉ា អំឡុងតវ៉ាទាមទាររកដំណោះស្រាយដែលកំពុងកើតឡើងទាក់ទងនឹងការស្ដារប្រជាធិបតេយ្យក្នុងប្រទេស ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UN Special Procedures)

បន្ទាប់ពីមេទ័ពកំពូលមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មិន អ៊ុងឡាំង (Min Aung Hlaing) បានដឹកនាំក្រុមទាហានធ្វើរដ្ឋប្រហារ មិនឱ្យមានការរៀបចំរដ្ឋាភិបាលស៊ីវិល កាលពីដើមខែកុម្ភៈកន្លងមក ពលរដ្ឋ​មីយ៉ាន់ម៉ាជាច្រើនម៉ឺននាក់បាននាំគ្នា​ចេញមកធ្វើបាតុកម្មប្រឆាំង និង​ទាមទារឱ្យក្រុមយោធា​ប្រគល់អំណាចឱ្យបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យវិញ។ បើទោះបីជាក្រុមយោធាដាក់ចេញនូវបម្រាមគោចរ និងការ​កំណត់ចំនួនមនុស្ស​ក្នុងការជួបជុំយ៉ាងណាក្តី ក៏ពលរដ្ឋមកពីគ្រប់វិស័យនៅតែចេញមកតវ៉ាតាមដងផ្លូវ។

ក្រៅពីការតវ៉ានៅក្នុងស្រុក សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិច មានដូចជា អង់គ្លេស សហគមន៍អឺរ៉ុប អាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាដើម បាន​ចេញមុខ​​ថ្កោលទោសនិងប្រកាសពីការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងមេទ័ពកំពូលៗរបស់មីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ។

ប្រមុខអង្គការសហប្រជាជាតិ លោក António Guterres បានថ្លែងកាលពីថ្ងៃទី២២ ខែកុម្ភៈថា រដ្ឋប្រហារមិនមានកន្លែងឈរទៀតនោះទេ​​សម្រាប់ពិភពលោកសម័យទំនើបនេះ។ លោកបានបង្ហាញ​នូវការគាំទ្រចលនារបស់ពលរដ្ឋមីយ៉ាន់ម៉ា និងអំពាវនាវឱ្យក្រុមយោធា​គោរពតាមឆន្ទៈរាស្រ្ត។

ទោះយ៉ាងណា ការធ្វើបាតុកម្ម ការថ្កោលទោស និងការដាក់ទណ្ឌកម្មទៅលើមេដឹកនាំយោធាមិនមែនជារឿងថ្មីនោះទេក្នុងប្រវត្តិសាស្រ្តមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធាក្តាប់អំណាចពីឆ្នាំ១៩៦២ មកដល់​ឆ្នាំ២០១១។

តើការប្រើប្រាស់វិធីសាស្រ្តដដែលនេះ នឹងមានប្រសិទ្ធភាពធ្វើឱ្យ​ក្រុម​យោធោ​ថយក្រោយ ហើយប្រគល់​អំណាចឱ្យ«បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​»ដែលឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាដែរឬទេ?​

កាលពីម្សិលមិញ ក្រុមពលរដ្ឋមីយ៉ាន់ម៉ាបានប្រមូលផ្តុំគ្នាតវ៉ាដូចធម្មតា ប៉ុន្តែបែរជាត្រូវទទួលរងនូវការបង្រ្កាបយ៉ាងចាស់ដៃពីក្រុមប៉ូលិសដែលមានខ្លះស្លៀកពាក់ស៊ីវិល។ គ្រាប់បែកផ្សែងដែល​មានលាយសារធាតុគីមី រថយន្តបាញ់ទឹក គ្រាប់កាំភ្លើងកៅស៊ូ ជាដើម ត្រូវប្រើសម្រាប់បាញ់​បំបែកហ្វូងបាតុករ។

ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ី បានបញ្ជាក់ថា មនុស្ស១៨នាក់បានបាត់បង់ជីវិត និង៣០នាក់ទៀតរងរបួស ដោយសារតែការបង្រ្កាបរបស់ក្រុមប៉ូលិស នៅពេលពួកគេចូលរួមការតវ៉ាកាលពីថ្ងៃម្សិលមិញ។

ជាថ្មីម្តងទៀត អង្គការសហប្រជាជាតិ បាន​​​ប្រកាសថ្កោសទោសជាខ្លាំងចំពោះទង្វើរបស់​ពួកយោធា​។

លោក António Guterres តាមរយៈអ្នកនាំពាក្យរបស់លោក បានលើកឡើងថា ការប្រើប្រាស់កម្លាំង​បង្រ្កាបយ៉ាងសាហាវលើបាតុករ​ដែលតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនពលរដ្ឋតាម​អំពើចិត្តនេះ ជារឿងដែលមិនអាចទទួលយកបាននោះទេ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកវិភាគនិងសិក្សាពីបញ្ហាតំបន់និងអន្តរជាតិ ​ដែលមានមូលដ្ឋាន​នៅក្នុងតំបន់អាស៊ាននិងអាមេរិក លើកឡើង​​ស្រដៀងគ្នាថា វិធីសាស្រ្តដែលប្រើប្រាស់កន្លងមកសម្រាប់ប្រឆាំងទៅនឹងមេដឹកនាំយោធាកំពូលៗ​របស់មីយ៉ាន់ម៉ា មិនសូវជាមានប្រសិទ្ធ​ភាព​ប៉ុន្មាននោះទេ។

សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសិក្សាពីសហគមន៍អាស៊ាននៃសាកលវិទ្យាល័យនរេសួន ក្នុងប្រទេសថៃ លោក Paul Chambers លើកឡើងថា ​ការធ្វើបាតុកម្មពីសំណាក់ពលរដ្ឋ នឹងធ្វើឱ្យក្រុមយោធា​កាន់តែបង្រ្កាបកាន់តែខ្លាំងឡើងនិងមានភាពឃោរឃៅថែមទៀត​ទៅលើក្រុមបាតុករ។

លោកកត់សម្គាល់ថា៖ «មីយ៉ាន់ម៉ា មិនដែលមានប្រវត្តិប្រជាធិបតេយ្យ​សេរីទេ តាំងពីមានរដ្ឋប្រហារ​កាលពីឆ្នាំ១៩៦២មក។ ការធ្វើបាតុកម្មកន្លងមក បានបង្ហាញហើយ​ថា ​វាមិនមានប្រសិទ្ធភាពទេក្នុងការប្រឆាំងក្រុមយោធាដែលក្តាប់អំណាចយ៉ាងណែនដៃដូច្នេះ»។​

បន្ថែមលើនេះ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង​មេដឹកនាំយោធា ក៏ត្រូវបានអ្នកជំនាញវិភាគនិងសិក្សាបញ្ហាតំបន់អាស៊ានរូបនេះ មើលឃើញថា មិនសូវមានប្រសិទ្ធភាពនោះទេ ដោយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ពួកយោធាបានកសាងនូវប្រព័ន្ធសេដ្ឋកិច្ចមួយ​ដែល​ស៊ាំទៅនឹងការបិទនិងការ​ដាក់ទណ្ឌកម្មពីខាងក្រៅរួចទៅហើយ។

លោកបន្ថែមថា៖ «ប្រហែលមានតែប្រទេសទាំងអស់​ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទើបយោធាមីយ៉ាន់ម៉ា​ថយក្រោយខ្លះ ប៉ុន្តែវាទៅមិនរួចនោះទេ ដែលប្រទេសទាំងអស់​នៅលើពិភពលោកស្របគ្នាធ្វើអ៊ីចឹងនោះ»។

ទោះយ៉ាងណាក៏ដោយ សម្រាប់​សាស្រ្តាចារ្យ Paul Chambers ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំយោធា​មីយ៉ាន់ម៉ា នៅតែជាជម្រើសមួយ​ដែល​​មានសារៈសំខាន់ បើទោះបីជាប្រសិទ្ធភាពមានតិចឬ​ច្រើន​​យ៉ាងណាក្តី។

ក្រុមយោធាមីយ៉ាន់ម៉ាដែលត្រូវបានស្គាល់ជាទូទៅជាភាសាភូមាថា «​ថាតម៉ាដ» (Tatmadaw) បាន​ការពារខ្លួនថា ការធ្វើរដ្ឋប្រហារគឺដោយសារតែការបោះឆ្នោតកាលពីខែវិច្ឆិកា​កន្លងទៅមាន​ភាពមិនប្រក្រតីច្រើន ហើយពុំមានការដោះស្រាយដោយយុត្តិធម៌។ ពួកគេ​បានសន្យាថានឹង​រៀបចំឱ្យមានការបោះឆ្នោតឡើងវិញនៅក្នុងរយៈពេលមួយឆ្នាំ។

សាស្រ្តាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា លោក អៀ សុផល លើកឡើងថា ​វាអាចជាការយល់ខុស​ដែលថា​កងទ័ព​នឹងមិនធ្វើបាបឬសម្លាប់ពលរដ្ឋខ្លួនឡើយ ព្រោះថា ពលរដ្ឋទាំងនោះជាបងប្អូនរួមឈាម​នឹងពួកគេដែរ ប៉ុន្តែផ្ទុយទៅវិញ មេបញ្ជា​ការរបស់ពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់ខ្លួនឱ្យបាននៅគង់វង្ស។​

ទាក់​ទងនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុវិញ លោក អៀ សុផល យល់ថា ​មេដឹកនាំយោធាទាំងនោះបានដឹងរួចទៅហើយពីរឿងនេះ ដោយពួកគេបានចៀសវាងការប្រើប្រាស់ធនាគារអាមេរិក ហើយ​ប្រហែលជាងាកទៅរកធនាគារ​ចិនរួចទៅហើយ។

ទោះយ៉ាងណាក៏ដោយ​ លោក​គិតថា ​មេទ័ពទាំងនោះក៏​ពិបាកនឹងចៀសការ​ប្រើប្រាស់​ដុល្លារ​អាមេរិក​ណាស់។

សាស្រ្តាចារ្យផ្នែកគោលនយោបាយ និងកិច្ចការអន្តរជាតិរូបនេះ កត់សម្គាល់ថា ​សភាពការណ៍នៅមីយ៉ាន់ម៉ាសព្វថ្ងៃ គឺ​ចាញ់-ចាញ់ទាំងសង​ខាង ដោយអ្នកវិនិយោគចាកចេញពី​ប្រទេសនេះជាបណ្តើរៗ​ជារៀងរាល់ថ្ងៃ។ លោកនិយាយថា ​ក្រុមយោធាគួរតែថយក្រោយ ដោះលែងអ្នកស្រី អ៊ុង សានស៊ូជី​ និងមេដឹកនាំ«បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ»ដទៃទៀត​ដែលកំពុងជាប់ឃុំ នោះទើបជា​ដំណោះ​ស្រាយ«ឈ្នះ-ឈ្នះ​»សម្រាប់មីយ៉ាន់ម៉ា។

បន្ថែមលើនេះ លោក អៀ សុផល យល់ថា ​អាស៊ាននិង​អង្គការសហប្រជាជាតិ​ គួរតែបង្ហាញជំហររឹងមាំជាងនេះទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ា។

លោក អៀ សុផល មានប្រសាសន៍ថា៖ «ព្យួរអាសនៈ​មីយ៉ាន់ម៉ាទាំងនៅអាស៊ាន និងអង្គការសហប្រជាជាតិ។ ថាតម៉ាដ មិនមែនជាមេដឹកនាំស្របច្បាប់នៅមីយ៉ាន់ម៉ាទេ។ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យទេទើបជាអ្នកឈ្នះឆ្នោត។ ប្រសិនបើលោក ត្រាំ ធ្វើអ៊ីចឹងដែរកាលពីពេលចាញ់​ឆ្នោត គេក៏ត្រូវធ្វើអ៊ីចឹងដូចគ្នា។ គាត់មិនមែនជាមេដឹកនាំស្របច្បាប់ទេ។ ពលរដ្ឋរួមគ្នាជាធ្លុង​មួយនឹងមិនបរាជ័យឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ