ក្រសួង​សាធារណ​ការ​ លុប​ចោល​ការ​រើស​មន្ត្រី​រាជការ​ថ្មី​សម្រាប់​ឆ្នាំ​២០២១​ដើម្បី​សន្សំ​ថវិកា​ជាតិ

ក្រុម​មន្ត្រី​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ៗចុះ​ពិនិត្យ​ទីតាំង​អគារ​ថ្មី​នៃ​ទី​ស្តី​ការក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ដែល​កំពុង​សាងសង់​នៅឡើយ ស្ថិតនៅ​សង្កាត់​ច្រាំងចំរេះ ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន Ministry of Public Works and Transport – MPWT​)

ក្រសួងសាធារណការ និងដឹកជញ្ជូន លុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីចំនួន​១៣៣​កន្លែង សម្រាប់ឆ្នាំ២០២១នេះ ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ អំឡុងពេលមានវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងលិខិតមួយដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការលុបចោលនេះ គឺក្នុងគោលបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាព​សេដ្ឋកិច្ចនិងសង្គមក្នុងគ្រាលំបាកនេះ។

លិខិតនោះសរសេរបន្តថា៖ «ថ្នាក់ដឹកនាំក្រសួងបានពិភាក្សាក្នុងអង្គសន្និបាតបូកលទ្ធផលសរុបការងារ​ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ហើយបានសម្រេចថានឹងពិនិត្យលទ្ធភាពច្នៃប្រឌិតប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព តាមរយៈការផ្ទេរ ការផ្លាស់ប្តូរមន្ត្រី និងការបណ្តុះបណ្តាលនូវធនធានមនុស្សផ្ទៃក្នុងក្រសួង នៅវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីធានាបាននូវគុណភាព តម្លាភាព និងប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារយល់ព្រមតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើលិខិតនោះរួចហើយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទ​តារា ប្រាប់ វីអូឌី បន្ថែមលើ​លិខិតនោះ​ថា ការលុបចោលការជ្រើសរើសមន្ត្រីរាជការនៅឆ្នាំ២០២១នេះ គឺមិនប៉ះពាល់ដល់និរន្តរភាពនៃ​ការបំពេញការងាររបស់ក្រសួងនោះទេ។ លោកឱ្យដឹងថា បច្ចុប្បន្ន បុគ្គលិក​ថ្នាក់កណ្តាលរបស់ក្រសួងសាធារណការ មានប្រហែល១ ៨០០នាក់។

លោកបន្ថែមថា៖ «ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសារជំងឺកូវីដវាកំពុងផ្ទុះជាលើកទី៣នេះ ដូច្នេះទស្សនៈ​របស់ឯកឧត្តមរដ្ឋមន្ត្រី លោកថា ដើម្បីចូលរួមកាត់បន្ថយការចំណាយទៅលើមន្ត្រីដែលយើងរើសថ្មី។ ហើយមួយទៀត បើយើងមិនរើស ក៏វាមិន​ពាក់ព័ន្ធឬប៉ះពាល់ដល់ការងាររបស់ក្រសួងដែរ ការងាររបស់ក្រសួងនៅតែមាននិរន្តរភាពដដែល មិនមានបញ្ហាអ្វីទេ»

អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ជុត មន្នី មានប្រសាសន៍ថា ក្រសួងមុខ​ងារសាធារណៈ ពុំបាន​កំណត់ឱ្យក្រសួងណាមួយ​លុបចោលការជ្រើសរើសមន្ត្រីរាជការនោះទេ។ លោកថា ករណីក្រសួងសាធារណការ និងដឹកជញ្ជូន លុបចោលការជ្រើសរើសមន្ត្រីថ្មីនោះ គឺជាការស្ម័គ្រចិត្ត។​

បើតាមលោក ជុត មន្នី រហូតមកដល់ពេលនេះ មានតែក្រសួងសាធារណការ​មួយប៉ុណ្ណោះដែលបានប្រកាសលុបចោលជ្រើសរើស​មន្ត្រី​រាជការ​ថ្មី ខណៈក្រសួងផ្សេងៗ​ជ្រើសរើសជាធម្មតាទៅតាមគោលការណ៍កំណត់​របស់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «រដ្ឋាភិបាលបានកំណត់បែងចែកក្របខណ្ឌសម្រាប់ឆ្នាំ២០២១ តាមគោលការណ៍​របស់រដ្ឋាភិបាល​រួចហើយ ប៉ុន្តែការរួមចំណែក​​របស់ក្រសួងនីមួយៗ​ជាការស្ម័គ្រចិត្តទេ។ អត់មានក្រសួងមុខងារថាអញ្ចេះថាអញ្ចុះ គឺអត់ទេ។ ក្រសួងផ្សេងៗនៅតែបន្តរើសដដែល គឺកំណត់ធ្វើឱ្យរួចបានមុនខែ៦»

អ្នកនាំពាក្យក្រសួងកិច្ចការងារនារី អ្នកស្រី ម៉ាន ចិន្តា ប្រាប់ថា ការប្រលងចូលក្រសួងនេះគ្រោងធ្វើនៅខែមេសា ប៉ុន្តែប្រសិនមិនមានការថយចុះនៃការរីករាលដាលជំងឺកូវីដ១៩ទេ ក្រសួងនឹងធ្វើការពន្យារពេលប្រលងវិញ។ ទោះយ៉ាងណាក៏ដោយ អ្នកស្រីមិនបានឆ្លើយតបទាក់ទងនឹងការផ្អាកការជ្រើសរើសមន្ត្រីថ្មីសម្រាប់ឆ្នាំ២០២១នោះទេ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការដែលក្រសួងសាធារណការ លុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីក្នុងស្ថានភាពនេះ វាជារឿងល្អមួយ។ លោកថា សម្រាប់ក្រសួងនិងស្ថានប័នផ្សេង គួរតែផ្អាកការជ្រើសរើស​ដែរ ដើម្បីចូលរួមប្រឆាំងការរីករាលដាលជំងឺកូវីដ។

លោកបន្ថែមថា៖ «ខ្ញុំថា ការប្រកាសផ្អាករបស់ក្រសួងនេះ ក្នុងបរិយាកាស​ដែលយើងកំពុងរីករាលដាលនេះ ជារឿងចាំបាច់ហើយ ពីព្រោះដើម្បីកាត់បន្ថយការជួបជុំគ្នាទ្រង់​ទ្រាយធំ កាត់បន្ថយហានិភ័យ​នៃការឆ្លង។ បច្ចុប្បន្ន យើង​ដឹងហើយ ការឆ្លងកាន់តែរីកទៅៗ បង្កការព្រួយបារម្ភខ្លាំងដល់សាធារណជនយើង ហើយជាគោល​ការណ៍​រួម យើងគួរគោរព​តាមគោលការណ៍របស់ក្រសួងសុខាភិបាល និង​អង្គការ​សុខភាពពិភពលោក»

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹកថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ២០២១ ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​​នៅ​កម្ពុជា​ មាន​ចំនួន៨៤៤​នាក់ ក្នុង​​នោះ អ្នកជា​សះស្បើយចំនួន៤៧៨​នាក់ និងអ្នកកំពុងសម្រាក​ព្យាបាល​ចំនួន៣៦៦​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ