មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បំភ្លឺថា ករណីស្លាប់របស់វេជ្ជបណ្ឌិតម្នាក់ដែលបម្រើការនៅក្នុងមន្ទីរពេទ្យនេះ មិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង«ស៊ីណូហ្វាម»ដែលជាជំនួយរបស់ចិននោះទេ។
ក្នុងលិខិតបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យនិងក្រុមគ្រូពេទ្យនោះ ការបាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី០២ ខែមីនា មិនមានជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នោះទេ ដោយថា លោកបាត់បង់ជីវិតព្រោះមានបញ្ហាសរសៃឈាមបេះដូង។
លិខិតបំភ្លឺដដែលបន្តថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ គ្រូពេទ្យរូបនោះបានចូលរួមប្រជុំមួយព្រឹក និងបានបំពេញការងារពិនិត្យជំងឺជាធម្មតា រហូតដល់ម៉ោង៣រសៀល លោកបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកនេះ។
មន្ទីរពេទ្យបង្អែក បន្តទៀតថា មុនពេលចាក់វ៉ាក់សាំង មន្ត្រីបម្រើការនៅកន្លែងចាក់វ៉ាក់សាំង បានពិនិត្យសុខភាពនិងវាយតម្លៃ ហើយបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ស៊ាង តុលា ពុំមានបញ្ហាសុខភាពដែលត្រូវហាមឃាត់ការចាក់វ៉ាក់សាំងនោះទេ។
មន្ទីរពេទ្យបង្អែក បញ្ជាក់ថា នៅពេលចាក់វ៉ាក់សាំងរួចប្រមាណ៣០នាទី លោកវេជ្ជបណ្ឌិត ស៊ាង តុលា មិនមានបញ្ហាអ្វីកើតឡើង និងពុំមានផលរំខានអ្វីដែរ ទើបលោកទៅធ្វើការធម្មតា។ ប៉ុន្តែក្រោយមក នៅយប់ថ្ងៃទី០១ ខែមីនា មុនពេលចូលសម្រាក គ្រូពេទ្យរូបនេះបានត្អូញថា ឈឺទ្រូងនិងអស់កម្លាំង ដោយសារមិនបានសម្រាក។ ហើយនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា លោកក៏បានសន្លប់និងគាំងដង្ហើម ដោយក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបេះដូងនិងដង្ហើម ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ សុំមិនធ្វើអត្ថាធិប្បាយចំពោះករណីនេះ ដោយលោកឱ្យទៅសួរមន្ទីរពេទ្យបង្អែកខេត្តវិញ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ប៉ែន ផលគុណ សុំមិនធ្វើអត្ថាធិប្បាយបន្ថែម ដោយឱ្យអ្នកសារព័ត៌មានដកស្រង់តាមលិខិតបំភ្លឺដែលមន្ទីរពេទ្យបង្អែកបានចេញ។
លោកថា៖ «លិខិតបំភ្លឺហ្នឹងរបស់មន្ទីរពេទ្យ! ចំពោះខ្ញុំ និយាយដូចតែនៅក្នុងលិខិតហ្នឹង»។
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ មានប្រសាសន៍ថា បើតាមការបំភ្លឺរបស់មន្ទីរពេទ្យនោះ អាជ្ញាធរមិនមានការសង្ស័យអ្វីចំពោះការទទួលមរណភាពរបស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា នោះទេ ព្រោះការទទួលមរណភាពនេះមិនពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ១៩ឡើយ។
លោកថា៖ «បន្ទាប់ពីមានការឆ្លើយបំភ្លឺមន្ទីរសុខាភិបាល យើងដូចអត់មានការពាក់ព័ន្ធនឹងវ៉ាក់សាំងហ្នឹងទេ ដោយសារប៉ុន្មានថ្ងៃហ្នឹង គាត់ឧស្សាហ៍ធ្វើទុក្ខដែរ សង្ស័យថាគាត់មានជំងឺបេះដូង»។
អភិបាលរងខេត្តរូបនេះ ឱ្យដឹងដែរថា រូបលោកផ្ទាល់ គ្រោងទៅចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ នៅថ្ងៃស្អែក។
ក្រសួងសុខាភិបាលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ «ស៊ីណូហ្វាម» ដែលជាជំនួយរបស់ចិន ក្នុងជំហានទី៣ ដល់បណ្តាខេត្តចំនួន១៥ ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ ដែលចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងប្រឆាំងកូីដ១៩ ជំហានទី១ បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ និងជំហានទី២ ធ្វើឡើងនៅតាមបណ្តាខេត្តចំនួន៩ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ កាលពីថ្ងៃទី២២ ខែកុម្ភៈ៕