ក្រសួង​ថា​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់​ពេល​ព្យាបាល​កូវីដ​១៩ ព្រោះ​រើ​ថ្នាំ​ញៀន​ធ្ងន់​ធ្ងរ​ធ្វើ​ឱ្យ​គាំង​បេះដូង​

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)

ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា បុរសជនជាតិចិនម្នាក់បានបាត់បង់ជីវិតក្នុងពេល​កំពុង​សម្រាក​ព្យាបាលជំងឺកូវីដ១៩ ដោយសាររើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាល​ឱ្យគាំងបេះដូងភ្លាមៗ​តែម្តង។

ក្នុងលិខិតចុះថ្ងៃទី៤ ខែមីនា របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួង​ការបរទេស ឱ្យដឹងថា បុរសជនជាតិចិននោះមានឈ្មោះថា ឡាយ ប៊ីនស៊ាង វ័យប្រមាណ​ជា៣៤ឆ្នាំ ចូលមកកម្ពុជានៅខែតុលា ឆ្នាំ២០១៩។ ប្រភពដដែលឱ្យដឹងថា លោក ឡាយ ប៊ីនស៊ាង បានចូលសម្រាកនៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសនោះបានស្លាប់នៅម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ក្រសួង​បន្ថែមថា តាមលទ្ធផលទឹកនោមបុរសដែលស្លាប់រូបនោះ មានសារធាតុអំហ្វេតាមីនខ្ពស់ ដែលអាចសន្និដ្ឋានថា ជាអ្នកប្រើប្រាស់គ្រឿងញៀនប្រភេទអំហ្វេតាមីនយូរមកហើយ។

ក្រសួងសុខាភិបាលបញ្ជាក់ក្នុងលិខិតដដែលថា៖ «អ្នកជំងឺទទួលមរណភាពភ្លាមៗដោយសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ