ក្រសួងសុខាភិបាល បានរកឃើញមនុស្ស៣១នាក់ទៀតវិជ្ជមានកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមាន១ករណីនៅខេត្តព្រៃវែង ដែលត្រូវបានអនុប្រធានមន្ទីរសុខាភិបាលខេត្តនេះបញ្ជាក់ថាជាគ្រូពេទ្យ និង១ករណីទៀតនៅខេត្តកំពង់ធំ។
ក្នុងសេចក្តីជូនព័ត៌មានដែលចេញនៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា ករណីឆ្លងថ្មីក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទាំង៣១ករណីនោះ មាន១៤ករណីរកឃើញនៅភ្នំពេញ ១៥ករណីនៅខេត្តព្រះសីហនុ និង២ករណីទៀតនៅខេត្តព្រៃវែងនិងកំពង់ធំ។
បុរសជនជាតិខ្មែរ វ័យ៥០ឆ្នាំ ដែលរកឃើញថាមានកូវីដ១៩ ស្នាក់នៅភូមិ៣ ឃុំខ្សាយ«ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលនេះ។
អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង លោក ហ៊ន់ រិទ្ធ ប្រាប់ វីអូឌី ឱ្យដឹងបន្ថែមនៅព្រឹកនេះថាបុរសវ័យ៥០ឆ្នាំដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ជាប្រធានផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និងមានបើកគ្លីនិកព្យាបាលផ្ទាល់ខ្លួនផងដែរ។ លោកឱ្យដឹងថា គ្រូពេទ្យរូបនោះមានអាការផ្តាសាយព្យាបាលមិនជាតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយមានការសង្ស័យទើបនៅថ្ងៃទី៦ ខែមីនា ទៅធ្វើតេស្ត ហើយលទ្ធភាពចេញមក វិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិត ហ៊ន់ រិទ្ធ ឱ្យដឹងទៀតថា គ្រូពេទ្យដែលឆ្លងកូវីដ១៩រូបនោះមិនដឹងថាគាត់ឆ្លងពីនរណានោះទេ។ លោកបន្ថែមថា អាជ្ញាធរនិងក្រុមគ្រូពេទ្យបាននិងកំពុងស្រាវជ្រាវនិងយកសំណាកអ្នកដែលបានប៉ះពាល់ជាមួយគ្រូពេទ្យរូបនោះទៅធ្វើតេស្តបន្តទៀត។
លោកបញ្ជាក់ថា៖ «យើងកំពុងសួរគាត់ តែគាត់អត់ច្បាស់អីទាំងអស់។ ក្រុមគ្រួសារគាត់ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ យើងបានរៀបចំចុះទៅយកសំណាកហើយ។ យើងកំពុងបារម្ភដោយសារការងារគាត់ជាគ្រូពេទ្យព្យាបាល គាត់ប៉ះពាល់ច្រើន។ ប៉ះពាល់គ្រូពេទ្យជាមួយគ្នា ហើយអ្នកជំងឺដែលបានព្យាបាល ហើយគាត់ចេញពីមន្ទីរពេទ្យទៅច្រើនគ្នា យើងមិនដឹងវិសាលភាពរាតត្បាត បើវាឆ្លងទៅ រាតត្បាតធំណាស់»។
តាមលោកវេជ្ជបណ្ឌិត ហ៊ន់ រិទ្ធ លោកគ្រូពេទ្យដែលឆ្លងកូវីដ១៩បានប្រាប់ថាគាត់តែងបង្ការខ្លួនជាប់ជានិច្ច មិនដែលធ្វេសប្រហែសឡើយ។
លោក ហ៊ន់ រិទ្ធ លើកឡើងថា៖ «គាត់[លោកគ្រូពេទ្យដែលឆ្លងកូវីដ១៩]ថា គាត់ប្រយ័ត្នដែរ។ អ្នកជំងឺដែលមកពីក្រៅស្រុកអី គាត់ប្រុងប្រយ័ត្នដែរហ្នឹង គាត់សាកសួរនាំអី ប៉ុន្តែដល់តែហើយទៅ វាឥលូវវាចេញមកអញ្ចឹង»។
ទោះយ៉ាងណាក៏ដោយ បើតាមអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងរូបនេះ លោកគ្រូពេទ្យដែលមានកូវីដ១៩ មិនបានទៅមន្ទីរពេទ្យតាំងពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ឬទី៤ ខែមីនា ដោយសារតែគាត់មិនស្រួលខ្លួន។
ក្នុងសេចក្តីជូនព័ត៌មានដែលចេញនៅថ្ងៃនេះដដែល ក្រសួងសុខាភិបាលក៏បានរកឃើញស្រ្តីវ័យ១៦ឆ្នាំ រស់នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ មានវិជ្ជមានកូវីដ១៩ដែរ។ បច្ចុប្បន្ន ស្រ្តីរូបនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោក ស្រី ស៊ីន ឱ្យវីអូឌីដឹងបន្ថែមនៅព្រឹកនេះថា ស្រ្តីវ័យ១៦ឆ្នាំរូបនោះជាអ្នកដែលទើបតែត្រលប់មកពីខេត្តព្រះសីហនុ ហើយមកដល់ខេត្តរបស់លោកនៅថ្ងៃទី២៨ ខែកុម្ភៈ។
លោក ស្រី ស៊ីន មានប្រសាសន៍ថា៖ «ថ្ងៃទី៥ ខែមីនា ទើបយើងដឹងគាត់មកពីកំពង់សោម ហើយមកដាក់ឱ្យធ្វើចត្តាឡីស័ក។ គាត់មិនបានជូនដំណឹងមកអាជ្ញាធរទេ»។
លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរនិងក្រុមគ្រូពេទ្យបាននិងកំពុងចុះទៅស្រាវជ្រាវរកអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩រូបនោះ។
ក្រៅពីករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃនេះ ក្រសួងក៏ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ លើកងទ័ពមួកខៀវកម្ពុជា ចំនួន៣ករណី ដែលទើបត្រលប់មកពីតំបន់អាហ្វ្រិក ហើយមកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ។ បច្ចុប្បន្ន បុរសទាំង៣នាក់នេះកំពុងសម្រាកព្យាបាលនៅសាលារក្សាសន្តិភាពពហុសាស្រ្តកំពង់ស្ពឺ។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែមីនានេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៩៨៧នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៤៧៧ករណី ហើយត្រូវបានព្យាបាលជាសះស្បើយចំនួន៥១០នាក់៕