សណ្ឋា​គារ​ The​ Great​ Duke​​ ត្រូវ​បាន​រៀប​ចំ​រួចរាល់​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ១៩

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជា បានប្រែក្លាយ The Great Duke ដែលជាអតីតសណ្ឋាគារលំដាប់ផ្កាយ៥ នៅកណ្តាលរាជធានីភ្នំពេញ ឱ្យទៅជាកន្លែងសម្រាប់​ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលមានលទ្ធភាពដាក់អ្នកជំងឺបានប្រមាណ៥០០នាក់។

ការប្រែក្លាយ​អតីតសណ្ឋាគារលំដាប់ខ្ពស់មួយនេះទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាល​អ្នក​ជំងឺកូវីដ១៩នេះ បានធ្វើឡើងក្រោយ​ពីមានអ្នកជំងឺជនជាតិ​ចិន​ម្នាក់ស្លាប់ដោយសារ​រើថ្នាំញៀន​​ធ្ងន់​ធ្ងរ នៅពេលបុរសរូបនោះកំពុង​សម្រាកព្យាបាល​ជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌល​​ព្យាបាលកូវីដ១៩ ព្រែកព្នៅ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។​

កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាសំឡេង​ថា លោកមានការស្លុតចិត្តជាខ្លាំងនៅពេលដែលអាជ្ញាធរនិងក្រសួងសុខាភិបាលយកទីតាំងមជ្ឈ​​មណ្ឌលចត្តាឡី​ស័ក ព្រែកព្នៅ ធ្វើជាកន្លែងព្យាបាល​អ្នកជំងឺកូវីដ១៩។

ករណីនេះ លោក​នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យកូនប្រុសច្បងរបស់​លោក គឺ​​លោក ហ៊ុន ម៉ាណែត ​ដឹកនាំកម្លាំងចុះរៀបចំនៅទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអាំងទែកុងទីណង់​តាល់ ធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩  ដោយ​ផ្ទេរអ្នកជំងឺ​ពីមណ្ឌលចត្តាឡីស័ក​រាជធានីភ្នំពេញ (ព្រែកព្នៅ)។

លោកបានថ្លែង​​ថា៖ «សណ្ឋាគារអាំងទែកុងទីណង់តាល់ មានដល់ទៅ៥០០បន្ទប់ តែយើងបែរជា​ខ្វះ​នេះ ខ្វះនោះ ​ធ្វើស្អី​ក៏មិនចេញ អាចុងក្រោយ​​ខ្ញុំឱ្យដើររៀបចំទៅ ជាទីចុងបំផុតយកកន្លែងមួយ​ដែលមិនសមជាមន្ទីរពេទ្យ​យកទៅធ្វើការរបៀបនេះ។ អ៊ីចឹងខ្ញុំទទួលយកអត់បានទេ កិច្ចការដឹកនាំបែបនេះ។ អ៊ីចឹងខ្ញុំសុំបញ្ជាដាច់ណាត់ រួមគ្នារៀបចំសណ្ឋាគារអាំងទែកុងទីណង់តាល់ ​​ថ្ងៃហ្នឹង យប់ហ្នឹង ​ថ្ងៃស្អែក យប់ស្អែក​ ពីព្រែកពៅ្ន ចូលសណ្ឋាគារអាំងទែកុងទីណង់តាល់ ឱ្យខានតែបាន»។

ក្រោយបទបញ្ជានេះ លោក ហ៊ុន ម៉ាណែត បានប្រើ​ពេល​៣៣ម៉ោង ដើម្បីរៀបចំនិង​​កែប្រែសណ្ឋាគារ The Great Duke ដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេល២ឆ្នាំនោះ ឱ្យក្លាយទៅជាមន្ទីរពេទ្យ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដោយអាចព្យាបាលអ្នកជំងឺប្រមាណ៥០០នាក់ ក្នុងនោះក៏មានការផ្ទេរ​​អ្នកជំងឺពីមជ្ឈមណ្ឌល​ចត្តាឡីស័កព្រែកព្នៅ ទៅកាន់ទីនោះផងដែរ។

លោក​ ហ៊ុន ម៉ាណែត បានសរសេរនៅក្នុង​ទំព័រហ្វេស​ប៊ុករបស់លោកថា៖ «ការដាក់ឱ្យដំណើរការ​ទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាព​ដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំ​ធនធានមនុស្ស សម្ភារ បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួនបម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍»។

នៅថ្ងៃនេះដែរ គេសង្កេតឃើញមានរថយន្តពេទ្យជាច្រើនគ្រឿងបាន​ដឹកជញ្ជូនអ្នកជំងឺពីមជ្ឈ​មណ្ឌល​ព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ ទៅកាន់​សណ្ឋាគារ​ The Great Duke ផងដែរ។

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពាក់ព័ន្ធនឹងការ​ផ្ទេរអ្នកជំងឺកូវីដ១៩ ពីមជ្ឈមណ្ឌល​ព្យាបាលកូវីដ១៩ «ព្រែកព្នៅ» បានទេ នៅថ្ងៃនេះ ដោយ លោក​ថាជាប់រវល់ធ្វើការងារ។

ចំណែកអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ បដិសេធអត្ថាធិប្បាយ។​

អ្នកឃ្លាំមើលសង្គម លោកបណ្ឌិត សេង សារី គាំទ្រ​ការ​សម្រេចរបស់រដ្ឋាភិបាលដែលយកទីតាំង​សណ្ឋាគារ The Great Duke ធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

លោកថា៖ «បើគាត់​ជ្រើសរើស​យក​ច្រក​នេះ គួរតែអបអរសាទរ ព្រោះយើងមើលមណ្ឌលចត្តាឡីស័កដែលបង្កើតឡើងភ្លាមៗហ្នឹង ការសម្រាកពិតជាលំបាកណាស់ ក្ដៅផងអីផង ហើយអ្នកជំងឺក៏ត្រូវការបរិយាកាសដែលល្អដើម្បីថែរក្សាសុខភាពដែរ។ បើសិនជាយើងអាចយកសណ្ឋាគារដែលមានស្ដង់ដារ មកធ្វើចត្តាឡីស័កសម្រាប់អ្នកជំងឺ អាហ្នឹងវាជាជម្រើសល្អ»។

គិតត្រឹមព្រឹក​ថ្ងៃចន្ទ ទី៨ ខែ​​មីនា​នេះ ក្រសួងសុខាភិបាលឱ្យដឹងថា មានមនុស្ស២៤នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ ដែល​​តួលេខចុងក្រោយនេះ បាននាំឱ្យចំនួនអ្នកឆ្លង​​សរុបទូទាំងប្រទេស​ឡើងដល់១ ០១១ករណី ក្នុងនោះ អ្នកជាសះស្បើយ៥១៧​នាក់ និងអ្នកកំពុងសម្រាកព្យាបាល៤៩៣នាក់។

តួលេខនេះក៏បាន​​បង្ហាញដែរថា មិនដល់បីសប្តាហ៍ផង ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក កម្ពុជាមានករណីវិជ្ជមានកូវីដចំនួន៥២៧​ករណី គឺ​​លើសពី​ចំនួន៤៨៤ករណីដែល​ត្រូវបានកត់ត្រា​ក្នុងមួយឆ្នាំទៅទៀត ចាប់តាំងពីជំងឺនេះត្រូវបានរកឃើញជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ​​២០១៩ រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ