ព្រឹទ្ធ​សភា​ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ​«វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩»​

អាជ្ញាធរខេត្តកំពង់ចាមចាប់ផ្ដើមបេសកកម្មទៅទទួលយកពលករខ្មែរដែលត្រលប់មកពីថៃតាមច្រកព្រំដែននៃបណ្ដាខេត្តនានានៅជាប់ព្រំដែនថៃ ដើម្បីយកមកធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាមវិញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall)

ព្រឹទ្ធសភា នៅថ្ងៃនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដោយសំឡេង ៣៩លើ៣៩ នៃសមាជិកដែលបានចូលរួម​។

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋសភាបាន​​សម្រេចអនុម័តទាំងស្រុង​លើសេចក្តីព្រាង​​ច្បាប់ស្តីពី «វិធានការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» ដោយសំឡេង ៨៣លើ៨៣ ដោយ​​មិនមាន​ការជំទាស់​នឹងមាត្រា ឬខ្លឹមសារណាមួយ​ទេ និងបានបញ្ជូនសេចក្តីព្រាងច្បាប់​នេះភ្លាមៗទៅព្រឹទ្ធសភា ក្រោយ​​​អនុម័ត។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា ក្រោយសមាជិកព្រឹទ្ធសភាពិនិត្យលើខ្លឹមសារនិងមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នេះរួច សមាជិកព្រឹទ្ធសភាបាន​សម្រេចយល់ព្រមអនុម័តដោយសំឡេង ៣៩លើ៣៩រូប ដោយមិនមានការកែប្រែខ្លឹមសារឬមាត្រាណាមួយឡើយ។

លោក ម៉ម ប៊ុននាង អះអាងថា ដើមចមដែលនាំឱ្យសមាជិកព្រឹទ្ធសភាសម្រេចអនុម័តសេចក្តីព្រាងច្បាប់នោះ ដើម្បីទប់ស្កាត់អ្នកមានចេតនាទៅចម្លងជំងឺកូវីដ-១៩ទៅអ្នកដទៃ ខណៈស្ថានភាពកូវីដ-១៩កំពុងវាយលុកយ៉ាងខ្លាំងនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ច្បាប់នេះទៅ យើងមានវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលប្រព្រឹត្តខុសឆ្គងដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ ទីមួយ។ ទីពីរ មានចេតនាធ្វើឱ្យសេដ្ឋកិច្ចយើងមានការជាប់គាំង គឺទោសចេតនា យើងយកច្បាប់ហ្នឹងមានវិធានការតែម្តង»។

អ្នកនាំពាក្យព្រឹទ្ធសភារូបនោះបន្ថែមថា ក្រោយ​ការអនុម័តសេចក្តីព្រាងច្បាប់នេះ ព្រឹទ្ធសភានឹងបញ្ជូនទៅរដ្ឋសភា​វិញយ៉ាងយូរនៅល្ងាចនេះឬព្រឹក​ថ្ងៃស្អែក ដើម្បីឱ្យស្ថាប័នរដ្ឋសភា​បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ និងថ្វាយ​ព្រះមហាកក្សត្រ តាមនីតិវិធី។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភាបានទទួលសេចក្តីព្រាងច្បាប់នោះពីព្រឹទ្ធសភាហើយនាថ្ងៃនេះ។ លោកបន្តថា ក្រោយពីទទួលបានសេចក្តីព្រាងច្បាប់នោះ គណៈកម្មាធិការជំនាញរបស់រដ្ឋសភាបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យទីស្តីការគណៈរដ្ឋមន្ត្រីថ្វាយ​បន្ត​ទៅព្រះមហាក្សត្រឬប្រមុខស្តីទី ឡាយព្រះហត្តលេខាឬចុះ​ហត្ថលេខា ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកថា៖ «បញ្ជូនមក​ដល់ហើយ ខ្ញុំបញ្ជូនទៅរាជរដ្ឋាភិបាលរួចហើយ [ទីស្តីការគណៈរដ្ឋមន្ត្រី] បញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីរាជរដ្ឋាភិបាលរៀបចំបែបបទស្នើសុំប្រមុខស្តីទី ប្រកាសឱ្យប្រើតាមការប្រញាប់ ខ្ញុំមិនដឹងនីតិវិធីខាងទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងម៉េច ក៏ខ្ញុំមិនដឹងដែរ ប៉ុន្តែខ្ញុំផ្ញើទៅហើយ»។

អ្នកនាំពាក្យប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនទៅព្រះមហាក្សត្រឬប្រមុខរដ្ឋស្តីទី ឡាយព្រះហស្តលេខាឬចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាសាធារណៈផងដែរ។

នៅពេលសួរថា តើទីស្តីការគណៈរដ្ឋមន្ត្រីនឹងបញ្ជូនសេចក្តីព្រាងច្បាប់នោះថ្វាយ​មហាក្សត្រ ឬទៅប្រមុខរដ្ឋស្តីទីនៅពេលណា? លោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ គ្រាន់តែថា នឹងបញ្ជូននៅពេលឆាប់ៗនេះ។

លោកមានប្រសាសន៍ថា៖ «អនុម័តជាប្រញាប់។ ខ្ញុំជឿថា ទីស្តីការនឹងពិនិត្យមើលបែបបទរដ្ឋបាលបញ្ជូនទៅប្រមុខ​រដ្ឋ​​ស្តីទី ដូច្នេះផលរំពឹងទុក ច្បាប់ហ្នឹង ប្រមុខរដ្ឋស្តីទីនឹងបានចុះហត្ថលេខា ដើម្បីអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអនុវត្តនូវច្បាប់នេះ»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលកន្លងមក ក្នុងការទប់ស្កាត់បញ្ហាឆ្លងរាលដាលជំងឺកូវីដ-១៩ មានចំណុចវិជ្ជមានច្រើនជាងចំណុចអវិជ្ជមាន។

ទោះជាបែបនេះក្តី លោកស្រីបង្ហាញជំនឿថា នៅពេលសេចក្តីព្រាងច្បាប់នោះ​ចេញជារូបរាង រដ្ឋាភិបាលត្រូវអនុវត្តច្បាប់នោះឱ្យស្របតាមគោលការណ៍​សុខភាពពិភពលោក ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរងគ្រោះ។

លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ពេលខ្លះក៏យើងអាចដាក់ចេញអាចជ្រុលជ្រួសហួស ឬក៏យើងអាចមើលស្រាលបញ្ហា ប៉ុន្តែបញ្ហាចាំបាច់បំផុត ក៏យើងត្រូវមើលទៅលើវិធានណែនាំល្អៗរបស់អង្គការសុខភាពពិភពលោក ឬក៏អង្គការសហប្រជាជាតិ ជាការល្អប្រសើរ ជាជាងដែលយើងដាក់ចេញគ្រាន់តែក្នុងន័យមួយ[ដើម្បី]កម្លា ប៉ុន្តែខណៈដែលពលរដ្ឋគាត់មិនបានយល់ដឹងគ្រប់គ្រាន់ វានឹងធ្វើឱ្យជាហានិភ័យ ហើយធ្វើឱ្យជនរងគ្រោះមួយចំនួនគាត់នឹងរងពីបទទាំងអស់ហ្នឹងទាំងខ្លួនមិនបានដឹងគ្រប់គ្រាន់អំពីចេតនានៃច្បាប់ហ្នឹង»។

បើតាម​ការផ្សព្វផ្សាយរបស់​​រដ្ឋសភាកាលពីសប្តាហ៍មុន​ សេចក្ដីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​​នៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» ​បង្កើតឡើង​ដើម្បីបានជាមូលដ្ឋានគតិយុត្តិ ក្នុងការបង្កើនភាពម្ចាស់ការ ការ​ត្រៀមលក្ខណៈទុកជាមុន​​ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យ​​កាន់តែ​មានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវ​​ការឆ្លងរាលដាលនៃជំងឺ​ផ្សេងៗដែលមាន​កម្រិតសាហាវ គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត​ប្រជាពលរដ្ឋ និងសុខភាពសាធារណៈដែល​កើតមានឡើងជាយថាហេតុ។

រដ្ឋសភាបន្ត​ថា សេចក្តីព្រាងច្បាប់​ដែលមាន​ ៦ជំពូក និង ១៨មាត្រា​ នេះ ក៏មានចែងពីការ​​​ដាក់​ពិន័យនិង​ទោស​ទណ្ឌ​កម្រិត​ធ្ងន់ មិន​ចំពោះ​តែ​​ជន​ណា​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័កឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​​ចត្តាឡីស័ក​នោះ​ទេ គឺ​ជន​ណា​គេចវេះ​ពី​ការ​ព្យាបាលឬ​គេច​ចេញ​ពី​កន្លែង​ព្យាបាល ឬ​ចម្លង​ជំងឺ​កូវីដ-១៩ដោយ​ចេតនា​ដល់​អ្នក​ដទៃ ក៏​ត្រូវ​ទទួល​ពិន័យនិង​ទោស​ទណ្ឌ​ជាដើម។

មាត្រា៩ នៃ​ច្បាប់​នេះ ចែង​ថា ​អំពើ​​ចម្លង​ដោយចេតនា​នូវ​ជំងឺ​កូវីដ-១៩ដល់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១០ឆ្នាំដល់២០ឆ្នាំ កាល​បើ​អំពើ​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ​ជា​ក្រុមឬ​អង្គការ​ចាត់​តាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ