ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦២នាក់បន្ថែមទៀត ក្នុងនោះ ២នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ខណៈ៦០នាក់ទៀតជាអ្នកឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺទាំង៦០នាក់ដែលក្នុងឆ្លងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនោះ រួមមាន ជនជាតិចិន វៀតណាម និងជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ ព្រៃវែង និងកោះកុង។
ដោយឡែក អ្នកដំណើរដែលមកពីក្រៅប្រទេសទាំង២នាក់ ក្រសួងថា ជាជនជាតិឥណ្ឌូនេស៊ី ដែលធ្វើដំណើរពីប្រទសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមក្រសួង ក្រៅពីមានអ្នកឆ្លងថ្មី ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន២២នាក់បានជាសះស្បើយពីជំងឺផងដែរ។
គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប១ ២២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៦១៩នាក់ ហើយកំពុងសម្រាកព្យាបាល៦០៤នាក់ និងស្លាប់ម្នាក់៕









