ប្រធាន​​សាលា​​ឧទ្ធរណ៍​រាជ​ធានី​ភ្នំពេញ​ និង​មន្ត្រី​ក្រសួង​បរិស្ថាន​ម្នាក់​ វិជ្ជមាន​ជំងឺ​កូវីដ-១៩​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា ប្រធាន​សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ និងមន្ត្រីក្រសួងបរិស្ថានមួយរូប វិជ្ជមានជំងឺកូវីដ-១៩ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានយកសំណាកទៅធ្វើ​តេស្តរកមេរោគកូវីដ-១៩។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ វីអូឌី នៅថ្ងៃនេះថា ប្រធាន​សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ លោក យូ ប៊ុនឡេង និងមន្ត្រីម្នាក់​នៅក្រសួងបរិស្ថាន បាន​ឆ្ល​ង​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោកស្រីបន្តថា អ្នកជំងឺត្រូវបានយកទៅព្យាបាល ខណៈអ្នកពាក់ព័ន្ធត្រូវបានយកសំណាកទៅធ្វើតេស្តនិងដាក់ឱ្យធ្វើចត្តាឡីស័ក។

លោកស្រីថា៖ «គ្រាន់តែដឹងគាត់ [ប្រធាន​សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ លោក យូ ប៊ុនឡេង] ឆ្លង ហើយមានទំនាក់ទំនងជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គេកំពុងធ្វើការបន្តហើយ [រកអ្នកពាក់ព័ន្ធ]។ ​នៅក្រសួងបរិស្ថាន ព្រឹកមិញ ទៅយកសំណាករួចអស់ហើយ ខ្ញុំមិនដឹងចំនួនប៉ុន្មាននាក់ទេ ព្រោះគេ [ខាងក្រសួង​] អ្នកធ្វើ»។

ចំពោះអ្នកពាក់ព័ន្ធនៅក្រសួងបរិស្ថាននោះ លោកស្រីសុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យទៅសួរអ្នកនាំពាក្យក្រសួងបរិស្ថានវិញ។

រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ វីអូឌី ថា  ក្រោយរកឃើញមន្ត្រីនៅក្នុងក្រសួងបរិស្ថានម្នាក់ឆ្លងជំងឺកូវីដ-១៩​នោះ មន្ត្រីសុខាភិបាលចុះទៅយកសំណាកមន្ត្រីដែល​ពាក់ព័ន្ធជាមួយអ្នកជំងឺផ្ទាល់និងប្រយោលជាង១០០នាក់ ដើម្បីធ្វើ​តេស្តរកវីរុស​កូវីដ-១៩។ លោក​បន្តថា ក្រៅពីយកសំណាក អ្នកពាក់ព័ន្ធទាំងជាង​១០០នាក់នោះ ក៏ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។

លោកថា៖ «ព្រឹកមិញនេះ ក្រសួងសុខាភិបាលបានយកសំណាក​ជាង១០០នាក់ទៅធ្វើតេស្តតាមដានមើលការវិវត្ត​នៃជំងឺកូវីដ-១៩ របស់មន្ត្រីដែលពាក់ព័ន្ធ ក្នុងករណីដែលគាត់ពាក់ព័ន្ធប៉ះពាល់ផ្ទាល់និងដោយប្រយោលជាមួយនឹងអ្នកជំងឺហ្នឹង»។

ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ​ការណ៍​នេះមានចំនួន៧១២នាក់ហើយ ក្នុងនោះមានស្លាប់ម្នាក់

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប១ ២២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៦១៩នាក់ ហើយកំពុងសម្រាកព្យាបាល៦០៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ