គ្រួសារពលករចំណាកស្រុកមួយចំនួននៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានត្អូញត្អែរពីបញ្ហាជីវភាពនិងការជាប់បំណុលធនាគារ ដោយសារសាច់ញាតិដែលកំពុងធ្វើការនៅក្រៅប្រទេស បានបាត់បង់ប្រាក់ចំណូលអំឡុងផ្ទុះជំងឺកូវីដ-១៩។
ពលរដ្ឋម្នាក់ អ្នកស្រី មុំ សោភី រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី បានឱ្យដឹងថា បងប្រុសគាត់បានចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃទាំងប្តីប្រពន្ធជាច្រើនឆ្នាំមកហើយ ដើម្បីទៅរកថវិកាមកផ្តត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសកូនៗនៅស្រុកកំណើត និងសម្រាប់ដោះស្រាយសងបំណុលធនាគារ។
អ្នកស្រី មុំ សោភី បន្តថា ចាប់តាំងពីផ្ទុះឡើងនូវជំងឺកូវីដ-១៩មក គ្រួសារបងរបស់គាត់ជួបញ្ហាប្រឈមជាខ្លាំងផងដែរ ដោយសាររកចំណូលបានតិចតួចពេក។ អ្នកស្រីថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ បងរបស់គាត់ពុំបានផ្ញើប្រាក់មកឱ្យចាយវាយដូចមុនឡើយ និងមិនមានលទ្ធភាពបង់សងទៅធនាគារទេ។
អ្នកស្រីនិយាយថា៖ «គាត់រកចំណូលបានដែរ តែបានតិច មិនដូចកាលពីមិនទាន់មានកូវីដ។ ឥលូវរកលុយផ្ញើឱ្យកូនចាយនៅផ្ទះសឹងមិនបាន។ លុយសង់ធនាគារខែណាបាន ខែណាខ្លះអត់បានទេ។ តែបងប្អូនគេអ្នកមាន គេចេះជួយបង់ខ្លះទៅ ដូចខ្ញុំចេះតែជួយបង់ជំនួសខ្លះទៅ ព្រោះខ្លាចគេរឹបអូសយកដីផ្ទះ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ម៉ាត់ ម៉ិច រស់នៅភូមិស្វាយទាប និយាយថា កូនរបស់គាត់បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងប្តីប្រពន្ធរយៈពេល៥ឆ្នាំហើយ។ អ្នកស្រីថា កូនៗរបស់គាត់បានខកខានផ្ញើប្រាក់មកផ្ទះចាប់តាំងពីជំងឺកូវីដបានផ្ទុះឡើង ដែលធ្វើឱ្យអ្នកស្រីនិងចៅៗ២នាក់ នៅស្រុកកំណើត ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ចាយវាយប្រចាំថ្ងៃឡើយ។
អ្នកស្រី ម៉ាត់ ម៉ិច បន្តថា កាលពីមិនទាន់ផ្ទុះជំងឺកូវីដ កូនរបស់គាត់ផ្ញើលុយមកផ្ទះក្នុងមួយខែពី៤០ទៅ៥០ម៉ឺន សម្រាប់ចាយវាយ និងសម្រាប់បង់សងធនាគារខ្លះ។

អ្នកស្រីបន្ថែមថា៖ «ឥលូវហ្នឹងដូចថាបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកអញ្ចឹងទៅ។ ហើយឥលូវទំនិញគេក៏ឡើងថ្លៃ។ ហើយឥលូវខ្ញុំចាស់ហើយ ខ្ញុំរកអីបាន? ពឹងតែកូនចៅគេឱ្យចាយ។ដូចថា គេធ្វើការងារបានអញ្ចឹង គេផ្ញើមកចាយតិចតួច ទុកចាយខ្លួនឯងនៅនោះខ្លះទៅ។ ជីវភាពយើងខ្វះខាតសឹងតែពិបាកក្នុងការនិយាយណាស់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក រ័ត្ន ថាវី មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុបន្ននេះ មិនមែនតែពលករទេដែលជួបបញ្ហាជីវភាពនោះ ពលរដ្ឋធម្មតានៅក្នុងស្រុកភូមិក៏កំពុងជួបបញ្ហាជីវភាពដែរ ដោយសារពួកគេមិនអាចចេញទៅរកចំណូលខាងក្រៅបាន។
លោកបន្ថែមថា៖ «ស្ថានភាពរាល់ថ្ងៃ គាត់រកអត់សូវបាន ដោយសារបញ្ហាជំងឺកូវីដ-១៩ហ្នឹងផង។ គាត់ពិបាកក្នុងការចាកចេញទៅរកខាងក្រៅ។ និយាយឱ្យចំទៅ វាមានផលលំបាកច្រើននៅក្នុងរឿងហ្នឹង»។
ជំទប់ទី១ ឃុំរស្មីសាមគ្គី លោក ផន ភន មានប្រសាសន៍ថា នៅក្នុងឃុំរស្មីសាមគ្គី មានពលរដ្ឋ២៨នាក់ប៉ុណ្ណោះដែលបានចំណាកស្រុកទៅប្រទេសថៃ។ លោកលើកឡើងថា ក្នុងស្ថានភាពជំងឺកូវីដកំពុងផ្ទុះឡើងនាពេលបច្ចុប្បន្ន វាពិតណាស់ដែលពលករចំណាកស្រុក និងពលរដ្ឋទូទៅត្រូវជួបបញ្ហាជីវភាពដោយសាររកចំណូលមិនសូវបាននោះ។

លោកបន្ថែមថា៖ «ក្នុងស្ថានភាពអាសន្នបែបនេះ ជាធម្មតាទេ ជីវភាពរបស់ពួកគាត់ថយចុះទៅតាមហ្នឹងហើយ ព្រោះកន្លែងការងាររបស់គាត់ត្រូវបានបិទទ្វា។ អញ្ចឹងគាត់ត្រូវអត់ការងារធ្វើ។ អញ្ចឹងជីវភាពរបស់គាត់អាចថយចុះទៅតាមហ្នឹង ហើយគាត់ជំពាក់លុយធនាគារទៀត ដល់បិទអញ្ចឹង គាត់រកអីបាន»។
បើតាមជំទប់ទី១ ឃុំរស្មីសាមគ្គី លោក ផន ភន នៅតំបន់របស់លោកមានគ្រួសារចំនួន១ ៣៥១ ស្មើនឹង៦ ០៦៨នាក់ ភាគច្រើនជាកម្មកររោងចក្រ ឬចេញទៅរកការងារធ្វើនៅតំបន់ផ្សេង ក្នុងនោះមានតែ២៨នាក់ប៉ុណ្ណោះជាពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយភាគច្រើនទៅធ្វើការប្រទេសថៃ៕
——————————————————–
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ លោក ព្រំ រតនៈ