ក្រសួងសុខាភិបាល ព្រមានពីវិធានការច្បាប់ចំពោះអ្នកបំពានបម្រាមសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីដែលកំពុងវាយលុកក្នុងល្បឿនយ៉ាងលឿននិងសាហាវជាងមុន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី «ការអនុវត្តច្បាប់លើវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទនេះ ដែលមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតចូលរួម។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ក្នុងសន្និសីទនោះថា ជំងឺកូវីដ-១៩បំប្លែងថ្មី ចម្លងលឿននិងសាហាវជាងមុន ហើយវាអាចឆ្លងតាមរយៈការចល័តរបស់មនុស្សពីរាជធានីភ្នំពេញទៅខេត្តផ្សេងទៀត រួមទាំងក្នុងពិធីរៀបមង្គលការជាដើម។
លោកស្រី ឱ វណ្ណឌីន គូសបញ្ជាក់ថា វិធានការផ្លូវច្បាប់នឹងត្រូវធ្វើក្រោមច្បាប់ថ្មីនេះ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ចម្លង ដោយថា ថ្មីៗនេះ មានករណីបុរសម្នាក់នៅរាជធានីភ្នំពេញ ទៅចូលរួមមង្គលការនៅខេត្តមួយផ្សេងទៀតអំឡុងពេលកំពុងធ្វើចត្តាឡីស័ក ហើយក្រោយមក បុរសនោះមានវិជ្ជមានកូវីដ-១៩ ដែលបង្កឱ្យមនុស្សច្រើនរយនាក់ទៀតមកចូលរួមមង្គលការនោះ កំពុងប្រឈមនឹងការឆ្លង។
លោកស្រីថា៖ «ត្រង់ហ្នឹងហើយដែលខ្ញុំតែងតែរំឭកថា កុំឱ្យរោងការរបស់យើង រោងបុណ្យរបស់យើង កុំឱ្យការជួបជុំរបស់យើង ហាងរបស់យើងផ្ទុះចេញនូវមេរោគកូវីដ-១៩ ខ្ញុំនិយាយរឿយៗត្រង់ចំណុចហ្នឹង […] អញ្ចឹងចាំបាច់នៅពេលនេះ ពីព្រោះច្បាប់មានហើយ។ អញ្ចឹងអាជ្ញាធរមូលដ្ឋាន លោកចាំចាច់ត្រូវតែអនុវត្តច្បាប់ហើយ»។
អ្នកនាំពាក្យរូបនេះបានក្រើនរំឭកថា រលកចម្លងថ្មីនឹងអាចថយចុះវិញត្រឹម២សប្តាហ៍ទៀត បើពលរដ្ឋចូលរួមគោរពវិធានការនានាដែលដាក់ចេញដោយរដ្ឋាភិបាល រួមទាំងការផ្អាកបណ្តោះអាសន្ននូវការជួបជុំនិងការរៀបចំពិធីមង្គលការផងដែរ ។
លោកស្រីថា៖ «អញ្ចឹងសូមបងប្អូនថ្លឹងថ្លែង […] ពិសេសក្នុងបរិបទនៃការផ្ទុះឡើងនៃការចម្លងជំងឺឆ្លងនេះ […] ត្រូវគិតគូរអំពីផលប្រយោជន៍ផ្ទាល់ខ្លួន និងសុខភាពសាធារណៈ ក៏ដូចជា ផលប្រយោជន៍សង្គមជាតិផងដែរ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា ច្បាប់និងអនុក្រឹត្យស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានចូលជាធរមានហើយកាលពីទី១២ ខែមីនានេះ ដែលបានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការដាក់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗដែលអាចកើតឡើងជាយថាហេតុនៅថ្ងៃអនាគត។
លោកថា ច្បាប់ថ្មីនេះបានផ្តោតលើបទល្មើសចំនួន៥ ដូចជា បទល្មើសពីការធ្វើចត្តាឡីស័ក អំពើគេចវេះពីការព្យាបាល ចេតនាក្នុងការចម្លងដល់អ្នកដទៃ និងការរារាំងអាជ្ញាធរអនុវត្តច្បាប់។
លោកថា៖ «អំពើមិនគោរពវិធានការរដ្ឋបាល ត្រូវពិន័យពី១លានរៀលទៅ៥លានរៀល ហើយប្រសិនបើការមិនគោរពហ្នឹងបណ្តាលឱ្យឆ្លងជំងឺទៅអ្នកដទៃ គឺត្រូវមានទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយទោសនេះអាចកើនឡើងដល់៥ឆ្នាំ បើសិនជាការមិនគោរពវិធានការរដ្ឋបាលនេះបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីសប្តាហ៍មុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ដើម្បីទប់ស្កាត់ចលាចលសង្គមពីវិបត្តិជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលត្រូវបង្ហាញវិធានការឱ្យបានច្បាស់ជាងនេះ រួមទាំងប្រាប់ពីទំហំសាច់ប្រាក់ដែលត្រូវបញ្ចេញសម្រាប់ជួយសង្គ្រោះសេដ្ឋកិច្ចអ្នកដែលរងផលប៉ះពាល់។
អ្នកសិក្សាសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ភាពមិនស៊ីសង្វាក់គ្នារវាងពលរដ្ឋ និងការអំពាវនាវរបស់ក្រសួងកន្លងទៅ អាចមកពីពលរដ្ឋមួយចំនួនមិនជឿលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដែលត្រូវពិនិត្យឡើងវិញដើម្បីបង្កើនជំនឿពលរដ្ឋ។
អ្នកឃ្លាំមើលរូបនេះបារម្ភថា វិធានការច្បាប់លើកនេះនឹងជំរុញឱ្យមានភាពចម្រូងចម្រាស បើសិនមិនទប់ស្កាត់អំពើពុករលួយនៅពេលអនុវត្តច្បាប់។
លោកថា៖ «ខ្ញុំថា ការប្រើយន្តការពិន័យឬក៏ចាប់ដាក់ពន្ធនាគារ ក្នុងការបំពានឬរំលោភធ្ងន់ធ្ងរហ្នឹង ខ្ញុំថាចំណុចហ្នឹងមិនជាចោទទេ ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពនោះ ប៉ុន្តែអ្វីដែលសំខាន់ខ្ញុំបារម្ភថា ចំណុចខ្លះវាធ្វើឱ្យមនុស្សមួយចំនួនដែលរកស៊ីក្បែរច្បាប់ហ្នឹងវាមានឱកាសដែរ ព្រោះអីកន្លងមកយើងឃើញច្បាប់ចរាចរណ៍ថ្មីហ្នឹង ក៏មានការប្រទាំងប្រទើសគ្នាច្រើនរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ»។
បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនានេះ ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៨១០នាក់ ក្នុងនោះមានអ្នកស្លាប់ម្នាក់ដែលចំនួននេះបានធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជា ចាប់ពីចុងឆ្នាំ២០១៩មក បានកើនដល់១ ៣២៥នាក់ ព្យាបាលជាសះស្បើយ៧៣០នាក់ និងកំពុងសម្រាកព្យាបាល៥៩២នាក់៕









