វិភាគ៖ យោធា​ភូមា​យល់​ថា​ក្រុម​ប្រឹក្សា​សន្តិ​សុខ UN ជា​ខ្លា​ក្រដាសទើប​មិន​ស្តាប់​យោបល់​

ក្រុមបាតុករមីយ៉ាន់ម៉ារងការបង្ក្រាបពីក្រុមយោធាមីយ៉ាន់ម៉ា អំឡុងតវ៉ាទាមទាររកដំណោះស្រាយដែលកំពុងកើតឡើងទាក់ទងនឹងការស្ដារប្រជាធិបតេយ្យក្នុងប្រទេស ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UN Human Rights Asia)

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍មុន​ បានស្រុះស្រួលចេញមុខជាលើកដំបូងថ្កោលទោសការប្រើហិង្សារបស់​ក្រុមប៉ូលិសនិងទាហានភូមាលើពលរដ្ឋខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញកាលពីថ្ងៃទី១០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងថា ខ្លួនមានក្តីបារម្ភ​យ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងប្រទេសភូមា បន្ទាប់ពីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយក្រុមយោធា និងការឃុំខ្លួនអ្នកស្រី អ៊ុង សានស៊ូជី និងប្រធានាធិបតី ​លោក​ វិន ម្យីន។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ប្រទេស បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើហិង្សា​បង្រ្កាបក្រុមបាតុករដែលតវ៉ាដោយសន្តិវិធី។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បានបង្ហាញក្តីបារម្ភផងដែរ ជុំវិញការរឹតត្បិតលើក្រុម​គ្រូពេទ្យ សង្គមស៊ីវិល សហជីព អ្នកសារព័ត៌មាន និងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអំពាវនាវឱ្យដោះលែងជាបន្ទាន់នូវពលរដ្ឋដែលត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់ពីសំណាក់សមត្ថកិច្ច។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងបន្ថែមទៀតក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែមីនា ថា​​ខ្លួន​នៅនឹងតែបន្តគាំទ្រដំណើរការប្រជាធិបតេយ្យនៃភូមា ដោយស្នើឱ្យគ្រប់ភាគីដកថយពីការប្រើប្រាស់ហិង្សា​ ងាកមកគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋឱ្យបានពេញលេញ។​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានប្រកាសគាំទ្រនូវសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់អាស៊ានដែលស្នើឱ្យគ្រប់ភាគីជម្លោះទាំងអស់បង្កើតកិច្ចសន្ទនាជាមួយគ្នា ដោយឈរលើឆន្ទៈនិងផលប្រយោជន៍របស់ពលរដ្ឋ។

ទោះបីជាមានការអំពាវនាវពីអាស៊ាន និងជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងណាក្តី កងទ័ពភូមានៅតែបន្តសកម្មភាពបង្រ្កាបយ៉ាងព្រៃផ្សៃលើពលរដ្ឋរបស់ខ្លួន។

ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈមួយចំនួនដែលស្ថាប័នរបស់ខ្លួនត្រូវបានរដ្ឋាភិបាលរដ្ឋប្រហាររបស់ក្រុមយោធាដកអាជ្ញាបណ្ណ នៅតែបន្តសកម្មភាពរបស់ពួកគេ​តាមរយៈការបង្ហោះវីដេអូក្នុង​បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែការចេញយកព័ត៌មានរបស់ពួកគេត្រូវបានរឹតត្បិត ពួកគេបានប្រើប្រាស់វិធីសាស្រ្តផ្សេងក្នុងការប្រមូលព័ត៌មាន។ ពួកគេបានទទួលវីដេអូឃ្លីបពីពលរដ្ឋគ្រប់ទិសទីអំពីសកម្មភាពនៃការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមយោធា។

តាមរយៈវីដេអូទាំងនោះ គេឮសូរស្នូរកាំភ្លើងបាញ់គំរាមដើម្បីបំបែកក្រុមបាតុករកុំឱ្យជួបជុំគ្នាតវ៉ា។ កងកម្លាំងទាំងនោះបានប្រើទាំងគ្រាប់ពិតនិងគ្រាប់កៅស៊ូបាញ់ស្រោចទៅលើហ្វូងបាតុករដែលមានតែខែលដែលពួកគេច្នៃដោយខ្លួនឯងសម្រាប់ការពារខ្លួន។

មិនថានៅទីណានោះទេ ឱ្យតែមានការជួបជុំ​ ក្រុមប៉ូលិសបានចូលទៅបំបែកដោយមិនមើលថាពលរដ្ឋទាំងនោះកំពុងតែជុំគ្នាញ៉ាំបាយក្នុងហាងបាយតែប៉ុណ្ណោះ។ តាមវីដេអូឃ្លីបនោះ ក្រុមប៉ូលិសនិងយោធាទាំងនោះបានវាយកម្ទេចរាល់សម្ភារនៅក្នុងហាងនោះ។ ដោយឡែកនៅពេលយប់ ក្រុមយោធាតែងដើរត្បាត ហើយជារឿយៗបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តរបស់ពលរដ្ឋខ្លួនមានដូចជាម៉ូតូ រថយន្ត ជាដើម។

របាយការណ៍របស់សមាគមអ្នកទោសនយោបាយភូមា​ ដែលមានមូលដ្ឋាននៅប្រទេសថៃ បង្ហាញថា​ គិតត្រឹមថ្ងៃទី១៦ ខែមីនា ពលរដ្ឋ១៨៣នាក់បានបាត់បង់ជីវិត ដោយយ៉ាងហោចណាស់មានពលរដ្ឋ២០នាក់ត្រូវបានសម្លាប់នៅថ្ងៃនេះ។ ស្របពេលជាមួយគ្នានេះ មនុស្សចំនួន២ ១៧៥នាក់ ត្រូវបានឃុំខ្លួនដោយខុសច្បាប់ ចាប់ពីពេលដែលក្រុមយោធាបានឡើងមកកាន់អំណាច បន្ទាប់ពីធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

របាយការណ៍របស់សមាគមដដែលនេះបង្ហាញថា នៅថ្ងៃនេះ បាតុករដែលភាគច្រើនជានិស្សិតនិងយុវជនប្រមាណ១០០នាក់ ត្រូវបានចាប់ខ្លួនដោយក្រុមយោធា។

ថ្ងៃទី១៥ ខែមីនា គឺជាថ្ងៃបង្រ្កាបដ៏ឃោរឃៅបំផុតចាប់តាំងពីរដ្ឋប្រហារកើតមាន ដែលមានចំនួនអ្នកស្លាប់រហូតដល់៥០នាក់ និងរបួសជាច្រើននាក់ទៀត។ កុមារជាច្រើនត្រូវបានសម្លាប់ដែលក្នុងនោះមានអាយុក្រោម១៨ឆ្នាំ ចំនួន៣នាក់ រួមទាំងក្មេងស្រីអាយុ១៥ឆ្នាំផង។ គ្រាប់ពិតត្រូវបានប្រើសម្រាប់បាញ់បង្រ្កាបទៅលើបាតុករ មិនថាពេលថ្ងៃឬពេលយប់នោះទេ។

កាលពីថ្ងៃទី១៥ ខែមីនា ក្រុមយោធាក៏បានប្រកាសច្បាប់អាជ្ញាសឹកនៅតាមសង្កាត់ចំនួន៦ នាទីក្រុងយ៉ង់ហ្គូន ផងដែរ។

ក្រៅពីការបង្កើនការបង្រ្កាប ក្រុមយោធាក៏បានផ្តាច់ប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងប្រទេសតាំងពីយប់ថ្ងៃទី១៥ ខែមីនា​។ ស្របពេលជាមួយគ្នានេះ អគ្គិសនីនៅតាមទីក្រុងមួយចំនួនក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ក្រុមមន្រ្តីសិទ្ធិមនុស្សយល់ថា ការ​កាត់ផ្តាច់អគ្គិសនីនិងអ៊ិនធឺណិត ជាចេតនារបស់ក្រុមយោធា កុំឱ្យពលករមានទំនាក់ទំនងជាមួយគ្នាតាមអនឡាញដើម្បីប្រមូលផ្តុំគ្នាតវ៉ានឹងពួកគេ។

សកម្មភាពនៃការបន្តធ្វើទុក្ខបុកម្នេញទៅលើក្រុមបាតុករបែបនេះ ធ្វើឱ្យមានការចោទជាសំណួរថា តើ​ក្រុមយោធាភូមាចាត់ទុកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាអ្វី បានជាមិនខ្វាយខ្វល់ពីការថ្កោសទោសពីស្ថាប័នថ្នាក់ពិភពលោកនេះសោះ?​

អ្នកជំនាញគោលនយោបាយ និងកិច្ចការអន្តរជាតិ លោក អៀ សុផល យល់ថា យោធាមិនបានខ្លាចការថ្កោសទោសណាមួយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។ លោកបន្ថែមថា ​ផ្ទុយទៅវិញ ក្រុមយោធាចាត់ទុកស្ថាប័ននេះជាខ្លាក្រដាសមួយប៉ុណ្ណោះ។​

លោកសរសេរប្រាប់ វីអូឌី តាមអ៊ីម៉ែលកាលពីថ្ងៃទី១៦ ខែមីនាថា៖ «ពួកគេ [ក្រុមយោធាភូមា] អាចធ្វើអ្វីៗបានគ្រប់យ៉ាង ដើម្បរក្សាអំណាចខ្លួន​ ដូចមេដឹកនាំផ្តាច់ការនិងមេដឹកនាំរដ្ឋប្រហារដទៃទៀតដែរ»។

ស្រដៀងគ្នានេះ អ្នកជំនាញកិច្ចអាស៊ានមកពីសាកលវិទ្យាល័យ នរេសួន នាប្រទេសថៃ លោក Paul Chambers យល់ថា​ ក្រុមយោធាមិន​ខ្លាចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ដោយសារតែភូមាធ្លាប់មានបទពិសោធន៍រស់​ឯកោទៅហើយកាលពីមុនឆ្នាំ២០១១។ លោកបន្តដូច្នេះថា វាមិនមែនជារឿងអ្វីថ្មីសម្រាប់ក្រុមយោធាទេ ហើយភូមានឹងវិលទៅរកសករាជចាស់នោះវិញ។

លោក Paul Chambers លើកឡើងថា ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏មិនទៅធ្វើអ្វីបានជាដុំកំភួនដែរ ដោយសារតែ​មានចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍ ហើយមានសិទ្ធិវេតូរាល់សេចក្តីសម្រេច។

កាលពីថ្ងៃទី៣ ខែកុម្ភៈ សមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន​ត្រៀមចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស​ការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាភូមា​ ប៉ុន្តែការប៉ុនប៉ងនោះត្រូវបានរាំរាំងដោយ​ចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ​ក្នុងចំណោមសមាជិកទាំង៥ ដែលក្នុងនោះប្រទេស៣ផ្សេងទៀតមានអាមេរិក បារាំង និងអង់គ្លេស។

ស្ថានភាពនៅក្នុងប្រទេសភូមាកាន់តែមានភាពតានតឹង ដោយកាលពីថ្ងៃទី១៥ ខែមីនា បាតុករនាទីក្រុងយ៉ង់ហ្គូន បាននាំគ្នាដុតរោងចក្របំផ្លាញរោងចក្ររបស់ចិន។ ស្ថានទូតចិននៅទីក្រុងយ៉ង់ហ្គូន បានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះសកម្មភាពនៃការបំផ្លិចបំផ្លាញផលប្រយោជន៍របស់ខ្លួនក្នុងទឹកដីភូមាបែបនេះ។ ចិន បានប្រាប់ទៅភូមាឱ្យស្វែងរកអ្នកទទួលខុសត្រូវ និងត្រូវធានាថា ​នឹងមិនមានរឿងបែបនេះកើតឡើងលើទ្រព្យសម្បត្តិរបស់ពលរដ្ឋចិនម្តងទៀតនោះទេ។

ទូរទស្សន៍រដ្ឋចិន CGTN ហ៊ានដល់ថ្នាក់ប្រើពាក្យថា ​ចិននឹងមិនឱ្យផលប្រយោជន៍របស់ខ្លួនជួបនូវបញ្ហាបែបនេះទៀតនោះទេ ហើយថា ប្រសិនបើអាជ្ញាធរភូមានៅតែមិនអាចគ្រប់គ្រងស្ថានការណ៍ដ៏គ្មានសណ្តាប់ធ្នាប់នេះបានទេ នោះ​ចិននឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋខ្លួន។ ប្រភពដដែលឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា រោងចក្រនិងក្រុមហ៊ុនចិនចំនួន៣២ ត្រូវបានគេលួចដុតនិងបំផ្លិចបំផ្លាញ ដែលទំហំនៃការខូចខាតមានប្រមាណជា៣៧លានដុល្លារ។​

បាតុករភូមាតែងចោទចិនថា ជាអ្នកនៅពីក្រោយនិងគាំទ្រដល់ក្រុមយោធាឱ្យធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៊ីវិល។ ទោះយ៉ាងណាក៏ដោយ ចិនតែងតែច្រានចោលចំពោះការលើកឡើងនេះ។​

ទាក់ទងនឹងករណីនេះ បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក យល់ថា​ ចិននឹងប្រាប់ក្រុមយោធាភូមាថា ​ត្រូវធ្វើអ្វីចំពោះអ្នកពាក់ព័ន្ធនឹងរឿងនេះ​ ហើយយោធានឹងធ្វើតាមការស្នើសុំរបស់ចិន។

សម្រាប់​អ្នកជំនាញកិច្ចការអាស៊ាន លោក Pual Chambers ជឿថា ក្រុមយោធានឹងកាន់តែបង្កើនការបង្រ្កាបថែមទៀតទៅលើក្រុមបាតុករ​ បន្ទាប់ពីមានហេតុការណ៍នៃការបំផ្លាញរោងចក្រចិនទាំង៣២នោះ។

ទោះយ៉ាងណាក៏ដោយ អ្នកវិភាគនៅតែយល់ថា ​ក្រុមយោធានឹងបន្ថយដៃ ប្រសិនបើអន្តរជាតិ​ដាក់ទណ្ឌកម្មប្រឆាំងនឹងមេទ័ពធំៗឱ្យកាន់តែធ្ងន់។​

សាស្រ្តាចារ្យ អៀ សុផល ផ្តល់ជាយោបល់ថា៖ «វិធានការត្រូវតែធំនិងខ្លាំងជាងមុន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែដាក់ទណ្ឌកម្ម​។ ពួកគេ [ក្រុមយោធា] ត្រូវតែ​សងតម្លៃឱ្យធ្ងន់សម្រាប់​ឥរិយាបថក្រអឺតក្រទម និងអំពើមនុស្សឃាតរបស់ពួកគេ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ