មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឱ្យដឹងថា យ៉ាងហោចណាស់មានមន្ត្រីយោធា៣នាក់ និងមន្ត្រីនគរបាលម្នាក់ បានឆ្លងជំងឺកូវីដ-១៩ បើទោះបីពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ ហើយករណីនេះ ក៏បានធ្វើឱ្យមនុស្សច្រើនរយនាក់ទៀតដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺ ត្រូវធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រាប់ វីអូឌី ថាគិតត្រឹមថ្ងៃទី១៨ ខែមីនានេះ មន្ត្រីយោធា៣នាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ មន្ត្រីយោធាម្នាក់ដែលឆ្លងមុនគេ មានអាការធូរស្រាលហើយ។ លោកបន្តថា ក្នុងចំណោមមន្ត្រីយោធោដែលឆ្លងនោះ មានមន្ត្រីខ្លះបានចាក់វ៉ាក់សាំងដូសទី១ និងខ្លះទៀតចាក់ដូសទី២ ទើបបាន២ទៅ៣ថ្ងៃ។
លោក ទៀ បាញ់ ថ្លែងបញ្ជាក់ថា៖ «មែនទែនទៅ វាមិនច្រើនគ្នាទេ ម្នាក់ហ្នឹងប្រហែលជាហើយ ប៉ុន្តែគ្រាន់ថាយើងវាថ្មីថ្មោង គ្រាន់ថាលើកមុនយើងមិនដែលមាន ឥលូវយើងមាន។ ឥលូវវាលេចឡើងមក៣នាក់ហ្នឹង ហើយដែលម្នាក់នោះ យើងកំពុងតែអង្កេត»។
តែយ៉ាងណា លោកមិនប្រាប់ចំនួនមន្ត្រីយោធានិងអ្នកពាក់ព័ន្ធដែលត្រូវធ្វើចត្តាឡីស័ក ក្រោយបានប៉ះពាល់អ្នកជំងឺទាំងនោះទេ ដោយថា មន្ត្រីជំនាញកំពុងពន្លឿនវិធានការនេះ។
លោកបានអំពាវនាវបែបនេះថា៖ «ចំពោះកងទ័ពយើងនៅមានភារកិច្ចច្រើនទៀត មានទាំងការប្រុងប្រយ័ត្ន រួមទាំងការពន្លឿនការចាក់វ៉ាក់សាំងផង ហើយអ្នកដែលចាក់វ៉ាក់សាំងហ្នឹងក៏ត្រូវប្រុងប្រយ័ត្ន ហើយពិសេសជួយបានមួយផ្នែកដែរនោះ គឺត្រូវតែពាក់ម៉ាស់ឱ្យបានគ្រប់ពេលវេលា ពេលយើងធ្វើប្រតិបត្តិការអី គឺកុំភ្លេចឱ្យសោះ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា មន្ត្រីនគរបាលផ្នែកនាំសារម្នាក់នៅអគ្គស្នងការដ្ឋាននេះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ។
លោកបន្តថា៖ «អ្នកពាក់ព័ន្ធផ្ទាល់១៥នាក់ អ្នកប៉ះពាល់ដោយប្រយោល២៨៨នាក់ ក៏ប៉ុន្តែខាងក្រុមបច្ចេកទេសគេត្រូវរកទៀត អាហ្នឹងខ្ញុំអត់ដឹងទេ»។
លោកបញ្ជាក់ថា ក្រោយរកឃើញមន្ត្រីនគរបាលមួយរូបឆ្លងជំងឺនេះ ការិយាល័យចំនួន៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបញ្ជាឱ្យបិទទ្វារ រួមទាំងពង្រឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែសង្វាក់ចម្លង។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ពន្យល់ថា ការចាក់វ៉ាក់សាំងតែមួយមុខ មិនអាចទប់នឹងជំងឺនេះបានទេ បើបុគ្គលទាំងនោះមិនគោរពវិធានសុខាភិបាល ដូចជា ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងផ្អាកជួបជុំគ្នាជាដើមនោះ។
លោកស្រីថា៖ «បើសិនជាយើងមិនអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ” ទេ ទោះបីជាយើងចាក់វ៉ាក់សាំងហើយក៏ដោយ ក៏យើងអាចនឹងឆ្លងដែរ ប៉ុន្តែគ្រាន់ថាការចម្លងចូលក្នុងខ្លួនយើង យើងមានកងការពារសម្រាប់វាយលុកទៅរកកូវីដ-១៩ហ្នឹងវិញ ដែលវាកាត់បន្ថយជាអតិបរមានូវភាពធ្ងន់ធ្ងរពីការវាយលុកនៃមេរោគកូវីដ-១៩»។
នៅថ្ងៃនេះដែរ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក វង្ស ពិសេន បានចេញលិខិតមួយបង្ហាញក្តីបារម្ភជុំវិញករណីឆ្លងនេះ ដោយបានណែនាំឱ្យស្ថាប័នចំណុះពង្រឹងវិធានការទប់ស្កាត់ជំងឺឆ្លងនេះចំនួន៤ចំណុចឱ្យបានម៉ឺងម៉ាត់។
លោកបានបញ្ជាក់នូវវិធានការទាំងនោះថា គ្រប់ជំនាញនិងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល បង្កើនការផ្សព្វផ្សាយឱ្យយោធិនបានដឹង និងត្រូវត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួន។
ក្រៅពីនេះ លោកថា គ្រប់ជំនាញ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកងកម្លាំង ទាំងកងកម្លាំងជំនាញ កងកម្លាំងសុខាភិបាល និងកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។
របាយការណ៍ក្រសួងការពារជាតិ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ មកដល់ថ្ងៃម្សិលមិញ ក្រសួងបានចាក់ជូនកងកម្លាំងសរុបចំនួន ១០៩ ៥២៦នាក់ ខណៈការចាក់លើកទី២ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ បានចំនួន ៧១ ៦១៤នាក់។
ដោយឡែក របាយការណ៍របស់ក្រសួងសុខាភិបាលវិញ បង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេណិកា (Astra Zeneca) ជូនពលរដ្ឋ មន្ត្រីនគរបាល អ្នកសារព័ត៌មាន និងអ្នកមានអាទិភាពមួយចំនួនទៀតបានចំនួន ១៩៨ ៩៣៣នាក់។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ កើនដល់១ ៥៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៨៩៨នាក់ អ្នកស្លាប់១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦៤០នាក់៕









