កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១ ០៦២នាក់ គិតត្រឹមរយៈពេលមួយខែនៃការឆ្លងជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចំនួននេះត្រូវបានរដ្ឋាភិបាលបញ្ជាក់ថា កើនឡើងជាង២ដងក្នុងចំណោមអ្នកឆ្លងក្នុងឆ្នាំ២០២០កន្លងទៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៧នាក់បន្ថែមទៀត ក្នុងនោះមានជនជាតិចិន ខ្មែរ និងវៀតណាម ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់១ ០៦២នាក់។
ក្រៅពីការរកឃើញអ្នកឆ្លង ក្រសួងថា ក៏មានអ្នកជាសះស្បើយពីជំងឺនេះចំនួន១៨នាក់ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមរយៈសារជាសំឡេងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ បើទោះបីជារដ្ឋាភិបាលបានគ្រប់គ្រងនៅខេត្តព្រះសីហនុបាន ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅតែបន្តកើតមានឡើងនៅឡើយ។
ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល លោកបញ្ជាក់ថា នៅក្នុងខេត្តព្រៃវែង កោះកុង ក៏ស្ថិតនៅក្នុងស្ថានភាពត្រូវទប់ស្កាត់នៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា៖ «រយៈពេល១ខែកន្លងទៅនេះ ចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង១ ០០០នាក់ ដែលវាច្រើនជាង២ដង ចំនួនអ្នកឆ្លងជាង១ឆ្នាំនៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ ជំងឺរាតត្បាតនេះកំពុងបន្តគំរាមកំហែងនៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀតទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិធានការដែលបានដាក់ចេញរួចមកហើយ»។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សរុប១ ៥៧៨នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ៩១៧នាក់ និងកំពុងសម្រាកព្យាបាល៦៥៨នាក់ និងមានករណីស្លាប់ម្នាក់៕









