រដ្ឋាភិបាលណែនាំទៅអាជ្ញាធរពាក់ព័ន្ធឱ្យបន្តរឹតបន្តឹងវិធានសុខាភិបាល ដើម្បីទប់ស្កាត់ ហានិភ័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលកើតចេញពីការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ក្នុងសារាចរណែនាំមួយចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បុគ្គលិកនៃស្ថាប័នរដ្ឋនិងវិស័យឯកជន ត្រូវបានឈប់សម្រាក៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីក៏បានប្រាប់ទៅស្ថាប័នមានសមត្ថកិច្ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការចាំបាច់នានា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពឱ្យបានល្អប្រសើរ ។
បន្ថែមពីនេះ លោកក្រើនរំឭកទៅមន្ត្រីឱ្យអនុវត្តវិធានសុខាភិបាលឱ្យបានម៉ត់ចត់និងខ្ជាប់ខ្ជួន ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចជា នៅតាមទីតាំងសាធារណៈនានា វត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរនិងមានមនុស្សជួបជុំគ្នាច្រើន និងចៀសវាងធ្វើដំណើរទៅកាន់តំបន់មានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ថមថយនៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ពីមូលហេតុនៃការចេញវិធានបែបនេះថា៖ «ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្លាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច នៅក្នុងព្រះរាជជាណាចក្រកម្ពុជា»។
គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប១ ២៣៣នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន៤នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសបានកើនដល់១ ៧៥៣នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ៩៦៧នាក់ និងកំពុងសម្រាកព្យាបាល៧៨១នាក់៕