បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះ​បង្ហោះ​វីដេអូ​មិន​ឱ្យ​កម្មករ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​របស់​ចិន​

បុរសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយលើបណ្ដាញសង្គម Tik Tok ហាមកម្មកររោងចក្រចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិន ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម មិនឱ្យកម្មករ​ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ចិន។

ថ្មីៗនេះ មានបុរសម្នាក់បានថតវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok ដោយហាមកម្មករទៅចាក់វ៉ាក់​សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន។ ក្នុងវីដេអូ Tik Tok ប្រមាណជា៣០វិនាទី បុរសរូបនោះបានលើកឡើងថា ប្រសិនជាកម្មករទទួលយកវ៉ាក់សាំងរបស់ចិនមក​ចាក់ គឺនៅរយៈពេល២ទៅ៣ឆ្នាំទៀត អ្នកចាក់នឹងស្លាប់។

សំឡេងរបស់បុរសនោះនិយាយក្នុងបណ្តាញសង្គម​មុនការចាប់ខ្លួនថា៖ «បើសិនយើងទទួលវ៉ាក់សាំងហ្នឹងមក​ចាក់ ២ទៅ៣ឆ្នាំទៀតនឹងស្លាប់ហើយ។ អញ្ចឹងបងប្អូនអ្នកធ្វើការងាររោងចក្រទាំងអស់គ្នាមិនបាច់ចាក់ទេ ជឿ​តាមខ្ញុំ បំណងល្អពីខ្ញុំ»

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់វីអូឌីថា បុរសដែលផ្សព្វផ្សាយព័ត៌មាន​មិនពិត ដែលហាម​កម្មករទៅចាក់វ៉ាក់សាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធនេះ ហើយបញ្ជូនទៅស្នងការរាជធានីភ្នំពេញភ្លាមៗផងដែរ។

លោកបន្តថា រហូតមកដល់ម៉ោង៣រសៀលថ្ងៃនេះ សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់។

លោកបន្ថែមថា៖ «សមត្ថកិច្ចជំនាញយើងបានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចាប់ខ្លួន[បុរស​នោះ]បានហើយ និងបានបញ្ជូនមកស្នងការរាជធានីភ្នំពេញ។ ឥលូវយើងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»

ពាក់ព័ន្ធនឹងករណីនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅព្រឹកថ្ងៃពុធនេះ បានសរ​សេរផ្សព្វផ្សាយលើហ្វេសប៊ុករបស់លោក ដោយប្រាប់ឱ្យសាធារណជន ជាពិសេស​កម្មករ ត្រូវ​ថតរូបនិងរាយការណ៍ទៅ​សមត្ថកិច្ចនិង​រដ្ឋបាលរោងចក្រ​ជាបន្ទាន់ បើឃើញអ្នកណាម្នាក់ផ្សព្វផ្សាយមិនឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។

លោក ហេង សួរ ក៏បានអំពាវនាវដល់កម្មករនិងប្រជាពលរដ្ឋទាំងអស់ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាផងដែរ។ លោកក៏បានស្នើ​ឱ្យ​សមត្ថកិច្ចមានវិធានការផ្លូវច្បាប់​ចំពោះបុគ្គលដែលផ្សព្វផ្សាយ​ព័ត៌មានបំផ្លើសពីការពិតទាំងនោះផងដែរ​។

លោកបន្ថែមថា៖ «សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក! ខ្ញុំនិងមិត្តភក្តិបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ»

មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បញ្ជាក់ប្រាប់ វីអូឌី បន្ថែមតាមប្រព័ន្ធ Telegram ថា ការឃោសនា ការបំផុសមិនឱ្យកម្មករឬពលរដ្ឋទៅចាក់វ៉ាក់សាំងនោះ ជាទង្វើខុសច្បាប់និងបំផ្លាញសង្គមជាតិ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដែលកម្មករទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ វាជារឿងល្អមួយសម្រាប់ពួកគេ ប៉ុន្តែការសម្រេចចិត្តចាក់ឬមិនចាក់ វាជាសិទ្ធិរបស់កម្មករ។

លោកបន្ថែមថា៖ «ពេលនេះ រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង។ អញ្ចឹងបើមានអ្នកណាមិនពេញចិត្តឬជំទាស់ នឹងមានបញ្ហាហើយ។ បើយើងមើលការលើកឡើងរបស់ឯកឧត្តម ហេង សួរ មានន័យថា ចាត់វិធានការតែម្តង ចំពោះអ្នកណាដែលធ្វើបែបហ្នឹងតែម្តង [បំផុលមិនឱ្យចាក់វ៉ាក់សាំង]។ ខ្ញុំមិនដឹងថា អ្នកនោះគេធ្វើ​ក្នុងគោលបំណងអីទេ ប៉ុន្តែជាទូទៅខ្ញុំគិតថា ការចាក់វ៉ាក់សាំងមិនមែនជាឧបសគ្គ ឬមានបញ្ហាអីទេ ពីព្រោះភាគច្រើន​ដូចជាមានអ្នកចង់ចាក់វ៉ាក់សាំងនេះច្រើនដែរ»

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងការងារ ក៏បានស្នើដល់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ រៀបចំបញ្ជីឈ្មោះពេទ្យ ក្រុមការងារ និងបន្ទប់ឬទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងដល់​កម្មកររោងចក្រ ដើម្បី​ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ យ៉ាងហោចណាស់មានកម្មករបម្រើការនៅតាមរោងចក្រកាត់ដេរ២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះ កម្មករផ្នែកបោកគក់ម្នាក់នៅរោងចក្រមួយក្នុងខណ្ឌដង្កោ ត្រូវ​បានរកឃើញវិជ្ជមានកូវីដ-១៩ នៅដើមខែមីនា ដែលនាំឱ្យអ្នកប៉ះផ្ទាល់និងប្រយោលជាង៧០០នាក់ត្រូវបានធ្វើតេស្តនិងដាក់ខ្លួននៅដាច់ដោ​យឡែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ