គ្រូពេទ្យនៅខេត្តប៉ៃលិន លោក ខឹម មុនីកុសល ដែលរងការបណ្តេញចេញពីក្របខណ្ឌរដ្ឋនោះ បានដាក់ពាក្យប្តឹងទៅកាន់ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ដើម្បីឱ្យក្រសួងទាំងពីរជួយរកយុត្តិធម៌ដល់លោក។
ការដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងក្រោយពីលោកត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្តេញចេញពីក្របខណ្ឌពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ហើយជាអ្វីដែលអ្នកច្បាប់និងអ្នកតាមដានសង្គមយល់ថា ជាការបណ្តេញចេញដោយខុសច្បាប់។
លោក ខឹម មុនីកុសល បានអះអាងប្រាប់វីអូឌីថា លោកបានយកពាក្យបណ្តឹងទៅដាក់នៅក្រសួងទាំងពីរនៅព្រឹកថ្ងៃទី២៤ ខែមីនា ដើម្បីឱ្យក្រសួងទាំងពីរជួយរកយុត្តិធម៌ជូនលោក។
តែយ៉ាងណា លោកនៅមិនទាន់អត្ថាធិប្បាយឱ្យស៊ីជម្រៅទៅលើពាក្យបណ្តឹងរបស់លោកនៅឡើយទេ ដោយទុកលទ្ធភាពឱ្យក្រសួងទាំងពីរធ្វើការងារនេះជាមុនសិន។
លោកមានប្រសាសន៍យ៉ាងខ្លីដូច្នេះថា៖ «ដាក់ហើយហើយ! ដើម្បីទាមទារសិទ្ធិយើងមកវិញ ជាពិសេសគឺសិទ្ធិជាមន្ត្រីរាជការរបស់យើងមកវិញ តែប៉ុណ្ណឹងទេ»។
វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបភ្លាមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ខណៈលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បដិសេធអត្ថាធិប្បាយ។
កាលពីថ្ងៃទី១៩ ខែមីនា អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានបណ្ដេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីការិយាល័យបង្ការនិងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដោយចោទប្រកាន់គ្រូពេទ្យរូបនេះថាបាន «ប្រព្រឹត្តកំហុស និងមានការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។
ការបណ្តេញចេញមន្ត្រីសុខាភិបាលរូបនេះពីក្របខណ្ឌ កើតមានឡើងក្រោយពេលលោក ខឹម មុនីកុសល បានបង្ហោះសារនៅលើហ្វេសប៊ុកថា «មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន មិនជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ»។
លោកសរសេររៀបរាប់ទៀតថា «ការងារទាំងឡាយទាំងពួង គឺក្រុមគ្រូពេទ្យជាអ្នកទទួលបន្ទុកទាំងអស់ សូម្បីការរៀបចំបាយម្ហូបឱ្យអ្នកធ្វើចត្តាឡីស័ក»។
ក្រោយការបង្ហោះសារបែបនេះ អភិបាលខេត្តប៉ៃលិន មិនបានរកដំណោះស្រាយចំពោះបញ្ហានេះទេ ផ្ទុយទៅវិញ អ្នកស្រីបែរជាបណ្ដេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌទៅវិញ។
លោកស្រីមេធាវី ម៉េង សុភារី សមាជិកគណៈមេធាវី និងជាមេធាវីប្រចាំក្រុមហ៊ុន អ៊ុក ភូរិ បានចាត់ទុកករណីបញ្ឈប់គ្រូពេទ្យម្នាក់នៅខេត្តប៉ៃលិននេះ ថាជារឿងខុសច្បាប់ ប្រសិនបើគ្រូពេទ្យរូបនោះគឺជាមន្ត្រីរាជការស៊ីវិលពិតប្រាកដមែន។
លោកស្រីបានពន្យល់ថា៖ «រឿងបញ្ឈប់មន្ត្រីម្នាក់នៅខេត្តប៉ៃលិនហ្នឹង យើងត្រូវស្វែងយល់សិក្សាឱ្យស៊ីជម្រៅ ថាតើគាត់ហ្នឹងជាមន្ត្រីស្ថិតនៅក្រោមឋានានុក្រមបែបណា? ហើយបើយើងនិយាយពីផ្លូវច្បាប់ ជាទូទៅ ធម្មតាមន្ត្រីរាជការ លើកលែងតែមន្ត្រីតុលាការ គឺមន្ត្រីរាជការត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល»។
អ្នកស្រីបានបន្ថែមថា៖ «ដូច្នេះ បើមន្ត្រីរាជការណាមានកំហុសហ្នឹង គឺគេមានក្រុមប្រឹក្សាវិន័យរបស់គេ សម្រាប់ធ្វើការដាក់ពិន័យទៅលើមន្ត្រីរាជការរូបហ្នឹង ហើយកំហុសវាមានកំហុសថ្នាក់ទី១ ថ្នាក់ទី២ ជាហូរហែអីអញ្ចឹង។ យើងមិនអាចថា បើមន្រ្តីរាជការណាធ្វើខុស ត្រូវធ្វើការលុបឈ្មោះមន្ត្រីរាជការហ្នឹងចេញពីក្របខណ្ឌភ្លាមៗហ្នឹង ខ្ញុំយល់ឃើញថា មិនត្រឹមត្រូវទេ ព្រោះវាមិនគោរពតាមនីតិវិធី ព្រោះធម្មតាមន្ត្រីរាជការត្រូវមានក្រុមប្រឹក្សាវិន័យពិនិត្យហើយ ដើម្បីអាចផ្តល់ឱកាសដល់សាម៉ីខ្លួនដែលគាត់កំពុងរងការចោទប្រកាន់ហ្នឹង គាត់មានសិទ្ធិក្នុងការការពារខ្លួនផងដែរ»។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលទើបនឹងតែងតាំងថ្មីៗនេះ មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ ខណៈលោក ធូ ភា អភិបាលរង និងជាអ្នកនាំពាក្យ មិនអត្ថាធិប្បាយចំពោះករណីនេះឡើយ ដោយអះអាងថាជាប់រវល់។
យ៉ាងណាក្តី ជុំវិញករណីបណ្តេញគ្រូពេទ្យ លោក ខឹម មុនីកុសល ចេញពីក្របខណ្ឌនេះ បាននាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន រួមមានទាំងអ្នកច្បាប់ចំនួនផង បានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ដោយអះអាងថា ការបណ្តេញចេញមន្ត្រីណាម្នាក់ចេញពីក្របខណ្ឌរដ្ឋ មិនមែនជាសិទ្ធិអំណាចរបស់អភិបាលខេត្តនោះទេ។
ប៉ុន្តែតាមរយៈសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២០ ខែមីនា បានចោទប្រកាន់ថា លោក ខឹម មុនីកុសល បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ក្នុងគោលបំណងបង្កភាពវឹកវរ បំប៉ោងព័ត៌មានក្លែងក្លាយ និងធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គម និងប៉ះពាល់ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម។
អ្នកនាំពាក្យ បន្តទៀតថា លោក ខឹម មុនីកុសល បានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ដែលរដ្ឋបាលខេត្តត្រូវតែអនុវត្តទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ៕









