វិភាគ៖ ទណ្ឌកម្ម​ផ្ទួនៗ​ធ្វើ​ឱ្យ​យោធា​ភូមា​ដោះ​លែង​បាតុករ​ ប៉ុន្តែ​មិន​បញ្ឈប់​ការ​បង្រ្កាប​ដ៏​ឃោរឃៅ​

ក្រុមប៉ូលិសទាហានឈរឈាមដោយមានរបារលួសឃាំង ត្រៀមទប់ទល់នឹងបាតុករដែលប្រឆាំងរបបរដ្ឋប្រហារយោធាភូមា។ (ធ្វីតទ័រ៖ UN Special Procedures)

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចក្នុងថ្ងៃតែមួយ​ដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំយោធា និងអ្នកដែលពាក់ព័ន្ធរដ្ឋប្រហារ រួមទាំងអ្នកប្រើប្រាស់​អំពើហិង្សាសម្លាប់បាតុករភូមាដែលតវ៉ាដោយសន្តិវិធី។

ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២ ខែមីនា បាន​ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល២រូប និងអង្គភាពចំនួន២ដែលទាក់ទងនឹងក្រុមយោធាភូមា និងការបង្រ្កាបដោយហិង្សាលើបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ បុគ្គលិកទាំង២រូបនោះមានលោក Than Hlaing ជាមេប៉ូលិសដែលត្រូវបានតែងតាំងបន្ទាប់ពីរដ្ឋប្រហារបានមួយថ្ងៃ និងម្នាក់ទៀតគឺឧត្តមសេនីយ៍ Aung Soe ដែលជាមេបញ្ជាការការិយាល័យប្រតិបត្តិការពិសេសដែលរាយការណ៍ផ្ទាល់ទៅឧត្តមសេនីយ៍ Min Aung Hlaing។ លោក Min Aung Hlaing ត្រូវបានអាមេរិកដាក់ទណ្ឌកម្មរួចទៅហើយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីលោកបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។

លោក Than Hlaing ត្រូវបានអាមេរិកចោទថា ក្រោមការដឹកនាំរបស់លោក កម្លាំងប៉ូលិសភូមាបានវាយប្រហារក្រុមអ្នកតវ៉ាដោយអហិង្សា រាប់តាំងពីការប្រើរថយន្តបាញ់ទឹក កាំភ្លើងបាញ់គ្រាប់ជ័រនិងឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់រំសេវ ជាដើម។ អាមេរិកចោទទៀតថា ក្រុមប៉ូលិសភូមាបានបាញ់សម្លាប់បាតុករដែលតវ៉ាដោយសន្តិវិធីរាប់សិបនាក់នៅពាសពេញប្រទេសភូមា ជាពិសេសនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដែល​មានអ្នកស្លាប់រហូតដល់៣៧នាក់។

ចំណែកឯឧត្តមសេនីយ៍ Aung Soe ត្រូវបានចោទថា ​ជាអ្នកបញ្ជាឱ្យមាន​ការវាយប្រហារដោយឃោរឃៅលើ​ក្រុមបាតុករ​។ អាមេរិកបានលើកឡើងថា ​កងទ័ពរបស់ភូមាបានប្រើប្រាស់អាវុធដែលហាក់ដូចជាយកទៅប្រើក្នុងសមរភូមិប្រយុទ្ធ នេះបង្ហាញថា ​ការប្រើប្រាស់កម្លាំងលើបាតុករប្រឆាំងនឹងរដ្ឋប្រហារ ត្រូវបានរៀបគម្រោងទុកមុននិងមានការចាត់ចែងយ៉ាងត្រឹមត្រូវ។

ក្រៅពីបុគ្គលទាំង២ អង្គភាពកងទ័ពថ្មើរជើងលេខ៣៣ និង៧៧ របស់កងទ័ពភូមា ក៏ត្រូវបានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មនោះដែរ។ អង្គភាពទាំង២នេះត្រូវបានអាមេរិកចោទប្រកាន់ដូចគ្នាទៅនឹងមេប៉ូលិស និងមេទ័ពទាំង២ខាងលើដែរ។

តាមសេចក្តីសម្រេចរបស់ក្រសួងរតនាគារជាតិអាមេរិក ទ្រព្យសម្បត្តិរបស់​មេប៉ូលិសទាំង២ និងកងទ័ពថ្មើរជើងទាំង២អង្គភាព ដែលនៅសហរដ្ឋអាមេរិក ដែលកាន់កាប់ដោយផ្ទាល់ មិនប្រយោលក្តី ត្រូវបានបង្កកទាំងអស់។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហៅការដាក់ទណ្ឌកម្មដែលក្រសួងរតនាគារជាតិរបស់ខ្លួនបានដាក់លើក្រុមយោធាភូមាថា ជាសញ្ញាដែលបញ្ជាក់ថា អាមេរិកមិនព្រងើយកន្តើយចំពោះអ្វីដែល​កំពុងកើតឡើងនៅភូមានោះទេ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងបន្តថា អាមេរិកនឹងអនុវត្តតាមការសន្យារបស់ខ្លួន ដើម្បីបន្តចាត់វិធានការប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារនិងអ្នកដែលប្រព្រឹត្តអំពើហិង្សានៅភូមា។ សហរដ្ឋអាមេរិក ក៏បានអំពាវនាវដល់របបយោធាឱ្យដោះលែងអ្នកទោសទាំងអស់ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើសមាជិកសង្គមស៊ីវិល អ្នកសារព័ត៌មាននិងសហជីព បញ្ឈប់ការសម្លាប់ឃោរឃៅដោយកងកម្លាំងសន្តិសុខរបស់ខ្លួន ហើយប្រគល់អំណាចទៅរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

កាលពីថ្ងៃទី២២ ខែមីនា សហភាពអឺរ៉ុប ក៏បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងអគ្គមេបញ្ជាការកងទ័ពភូមា លោក Min Aung Hlaing អគ្គមេបញ្ជាការរង លោក Soe Win និង មេប៉ូលិសនិងយោធា៨រូបទៀត។ ក្រៅពីនេះ អឺរ៉ុបក៏បានដាក់ទណ្ឌកម្មលើ​ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលទើបតែតែងតាំងថ្មីផងដែរ ដោយសាតែបុគ្គលនេះបានប្រកាសមិនយកជាផ្លូវការនូវលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលបក្សលោកស្រី អ៊ុង សានស៊ូជី ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនោះ។

ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទាំងនោះរួមមាន ការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។ មនុស្សទាំង១១នាក់នោះ នឹងមិនឱ្យចូលឬឆ្លងកាត់ដែនដីសហភាពអឺរ៉ុបបាននោះទេ ខណៈពេលដែលការបង្កកទ្រព្យសម្បត្តិគ្របដណ្តប់លើការបង្កកមូលនិធិឬធនធានសេដ្ឋកិច្ចរបស់បុគ្គលទាំងនោះនៅក្នុងសហភាពអឺរ៉ុបដែលបានចុះបញ្ជី។ លើសពីនេះទៀត ពលរដ្ឋនិងក្រុមហ៊ុនរបស់​សហភាពអ៊ឺរ៉ុប ត្រូវបានហាមឃាត់មិនឱ្យផ្តល់មូលនិធិសម្រាប់បុគ្គលដែលទទួលរងនូវទណ្ឌកម្មទាំងនោះទេ។

សហភាពអឺរ៉ុប ក៏បានសម្រេចដកជំនួយហិរញ្ញវត្ថុដែលធ្លាប់ឱ្យរដ្ឋាភិបាល បង្កកជំនួយទាំងអស់ដល់ស្ថាប័នរដ្ឋាភិបាល ដែលអាចត្រូវបានគេមើលឃើញថាជាការធ្វើឱ្យស្របច្បាប់ដល់របបយោធាភូមា ប្រសិនបើការផ្តល់ជំនួយនៅតែត្រូវបានធ្វើឡើង។ ក្រៅពីនេះ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននៅតែបន្តធ្វើយុទ្ធនាការការទូត ដើម្បីឆ្លើយតបទៅនឹងការធ្វើរដ្ឋប្រហារ និងការប្រើប្រាស់ហិង្សាលើបាតុករដែលតវ៉ាដោយសន្តិវិធី។ អឺរ៉ុប នឹងបន្តពិនិត្យឡើងវិញនូវជម្រើសគោលនយោបាយទាំងអស់របស់ខ្លួន រួមទាំងវិធានការរឹតបន្តឹងបន្ថែមទៀត ប្រឆាំងនឹងអង្គភាពសេដ្ឋកិច្ចដែលគ្រប់គ្រងឬមានក្រុមយោធាភូមាជាម្ចាស់។

ក្នុងពេលជាមួយគ្នានេះ សហភាពអឺរ៉ុបក៏ធានាថា វិធានការរបស់ខ្លួននឹងមិនជះផលអវិជ្ជមានដល់ប្រជាជនទូទៅឡើយ។

ក្រៅពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អង់គ្លេសនិងកាណាដា ក៏បានចាប់ផ្តើមដាក់ទណ្ឌកម្មប្រឆាំង​មេប៉ូលិសនិងយោធាផងដែរ។ ក្រោយប្រទេសទាំងអស់នេះដាក់ទណ្ឌកម្មព្រមៗគ្នាបែបនេះ យោធាភូមាហាក់បីដូចជាបន្ទន់ឥរិយាបថ។

តាមសមាគមអ្នកទោសនយោបាយភូមា​ មនុស្សជិត៣ពាន់នាក់ត្រូវបានចាប់ខ្លួន ​និងដាក់ទោសដោយរដ្ឋាភិបាលក្រុមយោធា ចាប់តាំងពីមានរដ្ឋប្រហារនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ សមាគមនេះឱ្យដឹងថា នាថ្ងៃទី២៤ ខែមីនា អ្នកត្រូវជាប់ឃុំ៦២៨នាក់ រួមមាន និស្សិត​ បាតុករ និងអ្នកកាសែត ជាដើម។​ ទោះយ៉ាងណាក៏ដោយ ឈ្មោះរបស់​អ្នកដែលត្រូវបានដោះលែងទាំងនោះមិនត្រូវបានបង្ហាញឡើយ។

ទូរទស្សន៍រដ្ឋភូមា បានបង្ហាញពីសកម្មភាពរថយន្តក្រុងដឹកអ្នកទោសចេញពី​ពន្ធនាគារ Insein​នាទីក្រុងយ៉ាំងហ្គូន។ អ្នកដែលត្រូវបានដោះលែងទាំងនោះដែលភាគច្រើនជាក្មេងៗ បានលើកម្រាមដៃបី ជាសញ្ញាប្រឆាំងទៅនឹងការធ្វើរដ្ឋប្រហារ។

មេធាវីម្នាក់បានប្រាប់សារព័ត៌មាន The Guardian ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ​អ្នកដែលត្រូវបានដោះលែងទាំងនោះភាគច្រើនត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា។

ទោះបីជាមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួនមែន​ ប៉ុន្តែសកម្មភាពនៃការបង្រ្កាបដ៏ឃោរឃៅរបស់ក្រុមយោធានៅតែបន្តដដែល។​ កាលពីថ្ងៃទី២៤ ខែមីនា ពួកគេបានធ្វើឱ្យក្មេងស្រីអាយុ៧ឆ្នាំម្នាក់ បាត់បង់ជីវិត​។ មិនត្រឹមតែប៉ុណ្ណោះ នៅយប់ថ្ងៃដដែល ក្រុមយោធាទាំងនោះថែមទាំងនាំគ្នាចង់ទៅដណ្តើមសាកសពក្មេងស្រីនោះពីក្រុមគ្រួសារនាងទៀតផង ប៉ុន្តែក្រុមគ្រួសារនោះបានយកសាកសពគេចចេញទាន់ពេល។ ជាអកុសល ​បងប្រុសច្បងរបស់សពក្មេងស្រីរូបនេះ ត្រូវបានក្រុមទាហានទាំងនោះវាយក្បាលនឹងកាំភ្លើង ហើយអូសយកចេញទៅ។ តាមសមាគមអ្នកទោសនយោបាយភូមា ក្រុមគ្រួសារក្មេងប្រុសនោះយល់ថា កូនខ្លួនប្រហែលជាបាត់បង់ជីវិតទៅហើយ។

សមាគមអ្នកទោសនយោបាយភូមាចាត់ទុកអំពើទាំងនេះថា​ ជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ កុមារនិងជីវិតរបស់ពួកគេមិនត្រូវបានផ្តល់តម្លៃ ខណៈការគំរាមកំហែងលើសន្តិសុខនិងការអប់រំរបស់ពួកគេនៅតែបន្តកើតមាន។

បើតាមរបាយការណ៍របស់​សមាគមអ្នកទោសនយោបាយភូមា គិតត្រឹមថ្ងៃទី២៤ ខែមីនា មនុស្ស២៧៥នាក់ត្រូវបានសម្លាប់ ប៉ុន្តែក្រុមយោធាអះអាងថា មានមនុស្សតែ១៦៤នាក់ប៉ុណ្ណោះដែលបានបាត់បង់ជីវិត។ ក្រុមយោធាភូមាហៅពលរដ្ឋដែលបាត់បង់ជីវិតទាំងនោះថា​ជា«ភេវករដ៏ហិង្សា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ