មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ឱ្យដឹងថា ខ្លួនកំពុង បង្ហាត់សត្វឆ្កែចំនួន១០ក្បាលឱ្យចេះហិតក្លិនស្វែងរកមនុស្សដែលមានផ្ទុកជំងឺកូវីដ-១៩។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា ប្រាប់ វីអូឌី នៅថ្ងៃនេះថា CMAC បានត្រៀមសត្វឆ្កែចំនួន១០ក្បាល រួមទាំងអ្នកជំនាញពីក្រសួងសុខាភិបាល និងឯកសារសម្រាប់ហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺនសត្វឆ្កែទាំងនោះ។
លោកបន្តថា ការហ្វឹកហាត់សត្វឆ្កែទាំង១០ក្បាលនេះឱ្យហិតក្លិនរកអ្នកដែលមានជំងឺកូវីដ-១៩ អាចប្រើរយៈពេលប្រហែល៣ទៅ៤ខែ។
លោក ហេង រតនា បញ្ជាក់ថា៖ «ក្រោយពីចេះហិតក្លិនកូវីដហើយ ត្រូវសាកល្បងឱ្យរកជាក់ស្ដែងមុននឹងចេញឱ្យអនុវត្តប្រតិបត្តិការបាន។ ក្រោយពីធ្វើការជាមួយអ្នកវិទ្យាសាស្រ្តខាងវិជ្ជសាស្ត្រហើយ ធានាសុវត្ថិភាព១០០ភាគរយហើយ មិនឱ្យប៉ះពាល់ទៅលើការឆ្លងឬហានិភ័យណាមួយដល់សុនខឬសត្វឆ្កែហើយ គឺយើងចាប់ផ្ដើមអនុវត្ត»។
លោកបន្ថែមថា ក្រៅពីហ្វឹកហ្វឺនសត្វឆ្កែទាំង១០ក្បាលនេះហើយ CMAC ក៏បានត្រៀមសត្វឆ្កែ ជាច្រើនក្បាលទៀតដែរ ទុកត្រៀមហ្វឹកហាត់បន្តសម្រាប់ហិតក្លិននិងស្រាវជ្រាវអ្នកដែលកើតជំងឺកូវីដ-១៩ បើសិនការអនុវត្តជំហានដំបូងទទួលបានជោគជ័យនោះ។
ការបណ្តុះបណ្តាលនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល និងអង្គភាព CMAC រៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខឬសត្វឆ្កែ ជាជំនួយហិតរកអ្នកផ្ទុកកូវីដ-១៩ ដោយថា ដើម្បីចូលរួមទប់ស្កាត់និងប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន សុំមិនអត្ថាធិប្បាយរឿងនេះទេ៕









