ពលរដ្ឋ​ជាង​១០០​គ្រួសា​រ​បាន​ប្រើ​អណ្តូង​ទឹក​លើ​ភ្នំ​ដង​រែក​ឡើង​វិញ​ ក្រោយ​ទាហាន​ថៃ​យល់​ព្រម​ដក​បន្លា​លួស​

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អភិបាល​ខេត្ត​ព្រះវិហារ លោក ស៊ូ សិរី ដឹកនាំមន្ត្រីថ្នាក់ក្រោម ប្រជុំពិភាក្សាដោះស្រាយ​បញ្ហា​នានា​ នៅច្រកអានសេះជាមួយភាគីថៃ ករណីដែលថៃដាក់រាយបន្លាលួសនិងរបាំងនៅច្រកអានសេះ។ (ហ្វេសប៊ុក៖ ស៊ូ សិរី អភិបាលរងខេត្ដព្រះវិហារ / Sou Serey Deputy Governor of Preah Vihear)

មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារ ឱ្យ​ដឹងថា ពលរដ្ឋជាង១០០គ្រួសាររស់​នៅ​លើភ្នំដងរែក​ បានប្រើប្រាស់អណ្តូងទឹកជា​ធម្មតាឡើង​វិញហើ​យ​ ក្រោយពីមាន​ជំនួប​ចរចារវាង​អាជ្ញាធរកម្ពុជាជាមួយភាគីថៃដែលឈរជើងនៅតំបន់នោះ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានប្រាប់ VOD នៅថ្ងៃនេះថា កាលពីថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២១ ទាហានថៃឈរជើងនៅព្រំដែនលើភ្នំដងរែក បានរាយបន្លាលួសជាថ្មីទៀត បិទផ្លូវ​ទៅកាន់​អណ្តូងទឹក​មួយ​កន្លែងនៅលើ​ភ្នំ​នេះ ធ្វើឱ្យប៉ះពាលដល់ពលរដ្ឋជាង១០០គ្រួសា​រ។

លោកថា៖ «និយាយរួមទៅ នៅក្នុងហ្នឹងជាង១០០គ្រួសារ ប៉ុន្តែ​ធម្មតាពលរដ្ឋដែលរស់នៅជាប្រចាំអាស្រ័យផលនៅលើហ្នឹង ៧៦គ្រួ​សា​​រ ថា៨០គ្រួសារ​​ចុះ ទាំងគ្រួសារកងទ័ព គ្រួសារប៉ូលិស ហើយនិងប្រជាពលរដ្ឋសាមញ្ញធម្មតាដែលជាអាជីវករដែលរកទទួលទាននៅទីនោះ»។

ប៉ុន្តែលោកថា ភាគីថៃព្រមរើបន្លាលួសនិងរបាំងចេញពីតំបន់នោះវិញនៅថ្ងៃដដែល ក្រោយពីភាគីកម្ពុជាយល់​ព្រមរើផ្ទាំងសូឡាមួយចំនួយ​ដែលដាក់បំភ្លឺនៅលើតំបន់​ពើយតារួន ដែលជាតំបន់នៅក្នុង​​ព្រំប្រទល់ខាងដី​កម្ពុជា ប៉ុន្តែ​អាជ្ញាធរថៃចោទថា រំលោភកិច្ចព្រមព្រៀង (MoU)។

លោកថា៖ «នៅលើភ្នំ និយាយ​រួម នៅតា​មប​ន្ទាត់​ព្រំដែន […] ពិត​មែន តែបន្ទាត់​ព្រំដែនមិ​នទាន់​សូវហើយក៏​ដោយ ប៉ុន្តែយើងនៅតែមានឆន្ទៈ​ ការពារ​ជា​របស់​យើង ព្រោះយើងធ្លាប់នៅកន្លែងហ្នឹង ធ្លាប់អាស្រ័យផលនៅហ្នឹង។ ទោះអ្នកឯងមកធ្វើអញ្ចឹង យើងសម្របសម្រួលទៅ វារួចហើយ មិនដែលមានអីធំដុំទេ »។

បើ​តាមមន្ត្រីជាន់ខ្ពស់រូបនេះ ការដែលទាហានថៃរាយបន្លាលួសបិទផ្លូវទៅកាន់អណ្តូងទឹកលើភ្នំដងរែកជាប់ព្រំដែន​នេះ មិនមែន​ជារឿងថ្មីទេ លោកថា ជិត១០ឆ្នាំមកនេះ ក្នុង​នោះ​លោកបានចូលរួមសម្របសម្រួលដោះស្រាយបញ្ហានេះជាមួយភាគីថៃយ៉ាងតិច៣ដងរួចមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ