អ្នកជំងឺ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈមនុស្សចំនួន៥៥នាក់បន្ថែមទៀត ត្រូវបានក្រសួងរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺ២នាក់ដែលស្លាប់នោះ ព្រោះតែរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំង ដែលបណ្ដាលមកពីជំងឺកូវីដ-១៩។
ក្រសួងបន្តថា ក្នុងចំណោមអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ មានជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់។
ក្រសួងបានឱ្យដឹងទៀតថា ជនជាតិខ្មែរម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង៧និង៣៥នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បណ្ដាលពីខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារមេរោគកូវីដ-១៩វាយលុក។
ក្រសួងបន្តថា បុរសរូបនេះមានអាយុ៣៨ឆ្នាំ ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) ដែលមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បុរសរូបនេះត្រូវបានក្រសួងរកឃើញមានកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
ចំណែកអ្នកស្លាប់ម្នាក់ទៀតជាជនជាតិចិននោះមានអាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ ក្រសួងបន្តថា បុរសរូបនេះត្រូវបានក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ក្នុងរយៈពេលជាង១ខែមកនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់៧នាក់ហើយ។
ក្រៅពីអ្នកស្លាប់ចំនួន២នាក់ នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥៥នាក់បន្ថែមទៀតផងដែរ។
ក្រសួងបន្តថា អ្នកជំងឺកូវីដ-១៩ ទាំង៥៥នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន៥៤នាក់ និងជនជាតិវៀតណាមម្នាក់ ដោយអ្នកនោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប១ ៣៤៨នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសចំនួន១ ៨៧២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ១ ០៥៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៨០៩នាក់៕









