បុគ្គលិក​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កើត​ជំងឺ​កូវីដ-១៩​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

បុគ្គលិកបម្រើការងារនៅរោងចក្រមួយនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ ខណៈកម្មករនិងបុគ្គលិកជាច្រើននាក់ទៀតត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនិងយកសំណាក។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ ប្រាប់វីអូឌីថា លោក ជា ប៊ុនធឿន ជាបុគ្គលិកបម្រើការងារនៅរោងចក្រ ហ៊ីយុនដាយ ភែកឃីជីង (ខេមបូឌា) II ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រោយពីបុគ្គលិករូបនេះបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយឈ្មោះ ឡាំ ប៊ុនថន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

អភិបាលខណ្ឌរូបនេះបន្តថា បុគ្គលិករោងចក្រ លោក ជា ប៊ុនធឿន ត្រូវបានបញ្ជូនទៅព្យាបាលហើយនៅថ្ងៃទី២៦ ខែមីនានេះ។​ លោកឱ្យដឹងបន្ថែមថា សម្រាប់បុគ្គលិកនិងកម្មករជាច្រើននាក់ទៀត អាជ្ញាធរកំពុងរៀបចំដាក់ឱ្យធ្វើចត្តាឡីស័ក រង់ចាំយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩។

លោក ហែម ដារិទ្ធ ឱ្យដឹងទៀតថា មន្ទីរពេទ្យ ឡាំ ប៊ុនថន នៅភូមិជម្ពូវ័ន២ ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន និងបុគ្គលិកពេទ្យនេះទាំងអស់ក៏ត្រូវបានដាក់ដាច់ដោយឡែកផងដែរក្រោយយកសំណាកលើកទី១ទៅពិនិត្យរួចរាល់។

លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថា បុគ្គលិករោងចក្រហ្នឹងប៉ុន្មាននាក់ទៀតទេដែលយកទៅដាក់ដាច់ដោយឡែក និងយកសំណាកទៅពិនិត្យ ព្រោះពេទ្យគេកំពុងធ្វើការងារលើរឿងនេះ។ ហើយយើងជាអាជ្ញាធរបានតែផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ “៣កុំ ៣ការពារ” ហ្នឹង»

បើតាមលោក ហែម ដារិទ្ធ រោងចក្រ ហ៊ីយុនដាយ ភែកឃីជីង (ខេមបូឌា) II ជារោងចក្រផលិតកេសកាតុង និងសម្ភារបន្ទាប់បន្សំ ប៉ុន្តែយ៉ាងណា លោកមិនទាន់ដឹងពីចំនួនកម្មករដែលបម្រើការងារនៅរោងចក្រនេះនៅឡើយទេ។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងភាគីរោងចក្រ ដើម្បីសួរបញ្ជាក់ករណីនេះបានទេ នៅថ្ងៃនេះ។

គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ យ៉ាងហោចណាស់មានកម្មករបម្រើការនៅតាមរោងចក្រចំនួន៣នាក់ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះ កម្មករផ្នែកបោកគក់ម្នាក់នៅរោងចក្រមួយក្នុងខណ្ឌដង្កោ ត្រូវ​បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីដើមខែមីនា ដែលនាំឱ្យអ្នកប៉ះផ្ទាល់និងប្រយោលជាង៧០០នាក់ត្រូវបានធ្វើតេស្តនិងដាក់ខ្លួននៅដាច់ដោ​យឡែក។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងការងារបានស្នើដល់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឱ្យជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីរៀបចំបញ្ជីឈ្មោះពេទ្យ ក្រុមការងារ និងបន្ទប់ឬទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនដល់​កម្មកររោងចក្រ ដើម្បី​ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ