មន្រ្តីនគរបាលចរាចរណ៍ម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៨នាក់ ខណៈនៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសរកឃើញករណីអ្នកឆ្លងកូវីដ-១៩ រហូតដល់៩៦នាក់ទៀតផងដែរ។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា មន្រ្តីនគរបាលចរាចរណ៍រូបនោះចូលព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា។ មន្ត្រីនគរបាលរូបនេះមានអាការហត់ដង្ហក់ខ្លាំងដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលឱ្យគាត់ស្លាប់បាត់បង់ជីវិតនៅ៣០នាទី ក្រោយចូលសម្រាកក្នុងមន្ទីរពេទ្យ។
ក្រសួងបញ្ជាក់ថា មន្រ្តីនគរបាលចរាចរណ៍រូបនេះបានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួននិងក្អកដោយសភាពកាន់តែធ្ងន់ធ្ងរប្រហែលជា៣ទៅ៤ថ្ងៃ មុនពេលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ក្រសួងបន្ថែមថា ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តភ្លាមៗនៅពេលដែលមន្ត្រីនគរបាលបានចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា គាត់ពិតជាមានវិជ្ជមានកូវីដ-១៩មែន។
តាមក្រសួងសុខាភិបាល មន្រ្តីនគរបាលចរាចរណ៍ដែលស្លាប់នោះមានអាយុ៥៥ឆ្នាំ រស់នៅភូមិក្តីចាស់ ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្ដាលមកពីជំងឺកូវីដ-១៩ វាយលុកសួតសាហាវ លឿន និងធ្ងន់ធ្ងរខ្លាំងពេក។
លោក យិន មុន្នី មេប៉ុស្តិ៍ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ប្រាប់ វីអូឌី នៅថ្ងៃនេះថា មកដល់ពេលនេះនៅមិនទាន់ដឹងពីប្រភពចម្លងកូវីដ-១៩ ទៅលើមន្ត្រីនគរបាលដែលបានស្លាប់នៅឡើយ។
លោកថា៖ «គាត់មានផ្ទុកខ្លួនគាត់ បន្ទាប់មកគាត់ទៅមើលនៅព្រែកហ្លួង។ បន្ទាប់មក គាត់ទៅភ្នំពេញ ហើយមានបញ្ហាស្លាប់អ៊ីចឹងតែម្ដង»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានមន្រ្តីប៉ូលិសចំនួន៣នាក់ហើយបានស្លាប់ដោយសារ ជំងឺកូវីដ-១៩ ខណៈ៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកបន្តថា ប៉ូលិសដែលឆ្លងជំងឺកូវីដ-១៩ ទាំងកំពុងសម្រាកព្យាបាលនិងស្លាប់នោះ មិនទាន់រកប្រភពចម្លងឃើញទេ។
លោកថា៖ «អ្នកធ្វើចត្តាឡីស័ក ខ្ញុំពិបាកបូកជូនណាស់! ព្រោះចត្តាឡីស័កទាំងប្រយោលនិងផ្ទាល់នៅខេត្ត នៅក្រសួងអីទៀត ប៉ុន្តែបើសិនជាអ្នកឃើញរោគសញ្ញាតែម្ដង គឺមានចំនួន៩នាក់ ស្លាប់អស់៣នាក់ ព្រោះយើងអត់ដឹងប្រយោលអីប៉ុន្មានទេ ព្រោះបារម្ភតែអ្នកកំពុងសម្រាកព្យាបាល។ រឿងចត្តាឡីស័កមានច្រើនណាស់»។
ក្រៅពីអ្នកស្លាប់ម្នាក់ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩៦នាក់ទៀតផងដែរ។
ក្រសួងបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៩៦នាក់ ក្នុងនោះ ជនជាតិចិន៣២នាក់ ជនជាតិវៀតណាម៥នាក់, ជនជាតិថៃម្នាក់ និងខ្មែរចំនួន៥៨នាក់ ដែលអ្នកជំងឺទាំងនេះត្រូវបាន រកឃើញនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តកណ្ដាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងធ្វើការវាយលុកខ្លាំង ដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ននិងអនុវត្តវិធានការ «៣ការពារ ៣កុំ» ខណៈអ្នកជំងឺចំនួន៨នាក់ហើយបានស្លាប់ដោយសារ ជំងឺកូវីដ-១៩ បំប្លែងខ្លួននេះ។
លោកស្រីថា៖ «អ៊ីចឹងការស្លាប់របស់បងប្អូនប្រជាពលរដ្ឋយើង បើគិតទាំងបុរស៥៥ឆ្នាំ គឺចំនួន៨នាក់ហើយ។ អ្នកស្លាប់ទាំង៨នាក់នេះ គឺជាសញ្ញាមួយបង្ហាញមកយើងទាំងអស់គ្នាថា យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់មែនទែន ដើម្បីធ្វើយ៉ាងណាអ្នកដែលនៅរស់រានមានជីវិត គឺត្រូវចៀសវាងឱ្យបាននូវការវាយលុកវីរុសកូវីដ-១៩ បំប្លែងថ្មីនេះឯង»។
ក្រៅពីរកឃើញអ្នកឆ្លងជិត១០០នាក់ ក្រសួងថា នៅថ្ងៃនេះក៏មានអ្នកជំងឺចំនួន១៨នាក់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាសះស្បើយផងដែរ។
ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប១ ៤៤៤ នាក់។ បើតាមរបាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកដែលត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩នៅទូទាំងប្រទេស មានចំនួន១ ៩៦៨ករណី ក្នុងនោះ ព្យាបាលជាសះស្បើយ១ ០៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៨៨៤នាក់ ។