ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រៀមដាំដើមឈើប្រណិតចន្លោះពី៥ ០០០ដើម ទៅ៦ ០០០ដើមឡើងវិញ និងដាក់កម្លាំងការពារព្រៃឈើបន្ថែមក្នុងឧទ្យាននេះ ក្រោយពេលភ្លើងឆេះព្រៃលើផ្ទៃដីជិត២០០ហិកតា។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងថា បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះព្រៃកាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ ឧទ្យានរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមដើមឈើប្រមាណ៥ ០០០ដើម ទៅ៦ ០០០ដើម ដើម្បីដាំនៅទីតាំងដែលឆេះនោះឡើងវិញ។
លោកថា ដើមឈើដែលត្រូវដាំនេះជាប្រភេទឈើប្រណិត ដែលរួមមានដើមគ្រញូង ដើមធ្នុង និងដើមបេង ហើយនឹងចាប់ផ្តើមដាំនៅក្នុងរដូវវស្សានេះ។
លោក សុខ ទូច៖ «វាមិនងាប់ [ដើមឈើ] ទាំងអស់ទេ យើងជួសឡើងវិញ [ដាំឡើងវិញ] ជួនកាលយើងមើលហ្នឹងឆេះអស់ចុង តែវានៅសល់ឫស អញ្ចឹងភ្លៀងធ្លាក់មក អាចដុះវិញ។ អាណាឆេះដល់គល់ អាហ្នឹងយើងជួសវា [ដាំឡើងវិញ] ប្រហែលត្រូវការខ្ទង់៥ ០០០ ទៅ៦ ០០០ដើមទេ ជួសហ្នឹង»។
លោកបញ្ជាក់ថា ដើមគ្រញូង ដើមធ្នុង និងដើមបេង ជាង៥០ ០០០ដើម ត្រូវបានឆេះស្ទើរតែទាំងស្រុងក្នុងរយៈពេលប្រមាណតែ៣ម៉ោងប៉ុណ្ណោះ ដោយដើមឈើទាំងនោះមានអាយុកាល២ឆ្នាំមកហើយ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះបានដាក់ការសង្ស័យថា ចំពោះមូលហេតុដែលនាំឱ្យមានហេតុការណ៍ភ្លើងឆេះព្រៃក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប នេះថា គឺដោយសារតែមានការលួចដុតពីអ្នកកាប់ឈើខុសច្បាប់ និងពលរដ្ឋមួយចំនួនដែលបានមកទន្រ្ទានយកដីក្នុងឧទ្យាន។
លោក សុខ ទូច៖ «រឿងវាទាក់ទងច្រើន វាពិបាក ដោយសារពួកយើងចាប់ឈើ យើងចាប់គ្រប់ទាំងអស់ អញ្ចឹងមានមុខសញ្ញាច្រើនណាស់។ មួយទៀត អ្នកស្រុកចាប់ផ្តើមរានយកដីនៅក្នុងឧទ្យាន អាហ្នឹងក៏មួយទៅ យើងចាប់អ្នកនៅក្នុងឧទ្យានហ្នឹងសុទ្ធតែអ្នកបំផ្លាញព្រៃឈើ ពេលយប់ទៅកាប់ឈើ ឥលូវនេះយើងមានវិធានការដេញចេញ ដោយសារអ្នកស្រុកហ្នឹងគាត់មកនៅក្រោយព្រះរាជក្រឹត្រ»។
អភិបាលស្រុកឆែប លោក សុខ សាន្តតារ៉ា មានប្រសាសន៍ថា មកទល់ពេលនេះ អាជ្ញាធរមិនទាន់អាចសន្និដ្ឋានថាមានមនុស្សលួចដុតព្រៃក្នុងឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹប នោះទេ ដោយថា ករណីមានភ្លើងឆេះព្រៃក្នុងឧទ្យាននេះ តែងកើតឡើងជារៀងរាល់ឆ្នាំ ដោយសារតែអាកាសធាតុក្តៅ។
លោក សុខ សាន្តតារ៉ា៖ «ចំពោះការឆេះក្នុងឧទ្យាននេះ ខ្ញុំមិនអាចវាយតម្លៃថាយ៉ាងម៉េចទេ តែគ្រាន់តែថា កន្លងមកឱ្យយើងចោទអ្នកណាថាជាមុខសញ្ញាដើម្បីមានសកម្មភាពបំណងទុច្ចរិត ខ្ញុំមិនហ៊ានថាទេ! ដោយសារកន្លែងនេះវាធ្លាប់ឆេះញឹកញាប់ ហើយតំបន់ទាំងអស់ព្រៃជិត៣០ម៉ឺនហាត់ [ហិកតា] នៅតំបន់ស្រុកឆែបនេះ តែខែគឺក្តៅ វារាលហ្មង រួមទាំងឧទ្យានហ្នឹង»។
អភិបាលស្រុករូបនេះបានបន្ថែមថា ការធ្វេសប្រហែសរបស់ព្រជាពលរដ្ឋក្នុងការប្រកបរបរយកជ័រទឹក រកឃ្មុំ និងការជក់បារីជាដើមនៅក្នុងព្រៃនោះក៏អាចជាមូលហេតុនៃការឆេះនេះព្រៃផងដែរ។
ទោះយ៉ាងណាលោកថាអភិបាលស្រុករូបនេះបានអះអាងថា អាជ្ញាធរតែងតែចេញសេចក្តីណែនាំឱ្យពលររដ្ឋមានការប្រុងប្រយ័ត្នការចំពោះភ្លើងឆេះព្រៃនេះអាចកើតមានជាយថាហេតុនៅរដូវប្រាំង។
បើតាមប្រធានរាជបណ្ឌិតសភាកម្ពុជា លោកសុខ ទូចបានបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប មានទំហំ ១៣ ៥៣៥ ហិកតា។ឧទ្យាននេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំឆែប១ និង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ៕
អត្ថបទដោយ ទួក ពិសិដ្ឋ