មេឃុំម្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល អះអាងថា ផែនការរៀបចំកន្លែងចាក់សំរាម និងរៀបឱ្យមានរថយន្តដឹកជញ្ជូនសំរាម ត្រូវផ្អាកដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ-១៩នៅក្នុងឃុំនេះ។
លោក អ៊ុក ស្រ៊ន មេឃុំសំពៅពូន បានឱ្យដឹងថា ការរៀបចំសម្អាតសំរាមដែលប្រជាពលរដ្ឋបោះចោលចូលទៅក្នុងព្រែកនិងទន្លេ ត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃវីរុសកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «អាសំរាមអាអីហ្នឹង ពន្យារតិចទៅ ព្រោះឥលូវហ្នឹងកំពុងតែបុកឆ្ពោះទៅរកអាកូវីដ។ តាមពិត ចលនាបានដំណើការហើយ រៀបចំបណ្តើរៗហើយ ប៉ុន្តែឥលូវហ្នឹងជំរុញទៅអាបញ្ហាកូវីដដំបូងមុនគេ។ការងារចេះធ្វើបណ្តើរៗ ប៉ុន្តែបើថាមុខព្រួញទី១ កូវីដហ្នឹងហើយ»។
លោកបន្តថា បើទោះបីជាត្រូវពន្យារពេលខ្លះក៏ពិតមែន ប៉ុន្តែអាជ្ញាធរនៅតែគិតគូរពីកាកសំណល់សំរាមនៅក្នុងបឹងទន្លេដែលប្រជាពលរដ្ឋបោះចូលកាលពីពេលកន្លងទៅ និងនៅតែឱ្យភ្នាក់ងារដឹកសំរាមជញ្ជូនជាធម្មតា។ លោកបន្ថែមថា លោកបានត្រៀមគោលការណ៍ថែរក្សាបរិស្ថានក្នុងសហគមន៍របស់លោកផងដែរ ដោយរៀបចំជាធុងសំរាម និងណែនាំប្រជាពលរដ្ឋទុកដាក់ឱ្យបានត្រឹមត្រូវ ប៉ុន្តែបច្ចុប្បន្ន មិនទាន់អាចអនុវត្តបាននៅឡើយ ដោយសារឥទ្ធិលនៃវីរុសកូវីដ-១៩។
លោកថា៖ «សំរាមដឹកជញ្ជូន នៅធ្វើរាល់ថ្ងៃ! អាចាស់អត់បោះបង់ទេ នៅតែធ្វើរាល់ថ្ងៃ តែយើងចង់ពង្រីកថ្មីទៀតយើងចង់ធ្វើជាចលនាតាមគ្រួសារ តាមភូមិហ្នឹង គឺថា១០គ្រួសារដាក់មួយកន្លែង ហើយរៀបចំធុងដាក់សំរាមដាក់ឱ្យគាត់មួយដុំ ឱ្យគាត់ចេះការប្រើប្រាស់កាកសំណល់និងមើលដាក់ខ្ចប់វេច អាហ្នឹងមិនអាចធ្វើឥលូវបានទេ»។
មេឃុំសំពៅពូនរូបនេះបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធបានចរចាជាមួយក្រុមហ៊ុនដឹកសំរាម ដើម្បីចាត់ចែងទីតាំងផ្ទុកសំរាមរួចរាល់ហើយ មាន២ទីតាំង គឺនៅភូមិលេខ១ និងលេខ៧ ស្ថិតក្នុងឃុំសំពៅពូន។
អ្នកលក់កាហ្វេក្បែរស្ពានព្រែកតាគង់ នៅក្នុងឃុំសំពៅពូន ជាព្រែកដែលអ្នកភូមិយកសំរាមទៅចោលនៅទីនោះ លោក ស៊ិន ថា លើកឡើងថា បញ្ហានៅតែមានក្លិនអាក្រក់ប៉ះពាល់ដល់សុខភាពនិងការលក់ដូររបស់លោក។

លោក សិន ថា៖ «នៅតែស្អុយបងអើយ! ពេលធ្លាក់ខ្យល់មកម្តងៗ ក្លិនស្អុយដល់ហើយ»។
ពលរដ្ឋរស់នៅក្នុងឃុំសំពៅពូនម្នាក់ទៀត លោក ទន ស៊ីនួន លើកឡើងថា នៅតំបន់លោករស់នៅមិនមានរថយន្តដឹកសំរាមទេ។
លោក ទន ស៊ីនួន៖ «រាល់ថ្ងៃហ្នឹងនៅតែអត់មានឡានដឹកសំរាមទេ បញ្ហាខែក្តៅអញ្ចឹងផង ស្អុយដល់កហើយ»។
ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល លោក អ៊ូម ផាត់ មានប្រសាសន៍ថា មកទល់ពេលនេះ លោកពុំទាន់បានទទួលរបាយការណ៍ពីបញ្ហាសំរាមនៅក្នុងព្រែកតាគង់ ដែលស្ថិតក្នុងឃុំសំពៅពូននោះទេ។ លោកបន្តថា ប្រសិនបើអាជ្ញាធរឃុំផ្តល់របាយការណ៍ទាក់ទងមកមន្ទីរបរិស្ថាន មន្ទីរនឹងទទួលបន្ទុកការងារនេះ ដើម្បីចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ។ លោកបន្ថែមទៀតថា សម្រាប់ការស្វែងរកទីតាំងដើម្បីផ្ទុកឬចាក់សំរាម គឺជាតួនាទីរបស់អាជ្ញាធរឃុំជូនប្រជាពលរដ្ឋ ចំណែកមន្ទីរបរិស្ថានត្រឹមជាអ្នកសហការនិងជួយសម្រួលតែប៉ុណ្ណោះ។
លោកថា៖ «បើសិនសរសេររបាយការណ៍មក មន្ទីរនឹងចាត់មន្ត្រីទទួលបន្ទុកការងារហ្នឹងគាត់ចុះទៅមើលជាក់ស្តែង។ ប៉ុន្តែបើតំបន់ហ្នឹងគាត់មានកន្លែងចាក់ត្រឹមត្រូវ មានឡានទៅយកសំរាម គាត់បង់សេវាបង់អីអញ្ចឹងហ្អាស! ហើយគាត់មិនអនុវត្ត អាចទទួលពិន័យ បើសិនបើអត់មានទេ យើងនឹងណែនាំអាជ្ញាធរមូលដ្ឋានហ្នឹងឱ្យគាត់រៀបចំទៅទទួលយកសេវាពីគាត់ ឬក៏យកសំរាមពីគាត់យកទៅដាក់ចោលកន្លែងមានសុវត្ថិភាព។ មានតែឃុំបានអាចរកទីតាំងឱ្យគាត់ ដោយឡែកខាងមន្ទីរនេះគ្រាន់តែជាអ្នកសម្របសម្រួល អ្នកសេនាការណ៍ គ្រាន់តែមើលកន្លែងណាមានកន្លែងណាអត់អញ្ចឹងហ្អាស! ដោយឡែករកទីតាំងចាក់ហ្នឹង ជាអាជ្ញាធរដែនដីអញ្ចឹងទេ»។
លោក អ៊ូម ផាត់ លោកឡើងថា ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តបោះសំរាមចោលគ្មានសណ្តាប់ធ្នាប់ មន្ទីរបរិស្ថាន ក៏ដូចជាអាជ្ញាធរឃុំ នឹងចូលរួមណែនាំ និងឈានដល់ការផាកពិន័យផ្សេងៗ ប្រសិនបើពួកគេមិនធ្វើតាមការណែនាំទាំងនោះ។
លោកបញ្ជាក់ថា៖ «យើងមានអនុក្រឹត្យ ១១៣ ពេលណាគាត់ចាក់ស្រេចតែចិត្ត អញ្ចឹងអាចយើងណែនាំគាត់ អប់រំគាត់ពីរដងទៅបីដងអញ្ចឹងហ្អាស! ហើយបើអត់ទេ យើងអាចមានវិធានការផាកពិន័យគាត់ ប៉ុន្តែអាហ្នឹងទាល់តែគាត់ទទួលបានការអប់រំពីយើងសិន។ ហើយណាមួយយើងអាចមានទំនាក់ទំនងជាមួយអាជ្ញាធរតើមានកន្លែងណាសម្រាប់ឱ្យគាត់ចាក់ ឬក៏មានជាភាស៊ី»។
យោងតាមឯកសារស្តីពីគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានបញ្ជាក់ថា គោលនយោបាយ«មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ» មានគោលដៅជំរុញឱ្យមានការថែរក្សាអនាម័យ ធនធានធម្មជាតិ និងដោះស្រាយបញ្ហានានានៅក្នុងភូមិ ឃុំ និងសង្កាត់។
ឯកសារដដែលនេះបានបញ្ជាក់ថា គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលនេះ តម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំជាវេទិកាសាធារណៈយ៉ាងតិចមួយដងក្នុងមួយខែ ដើម្បីទទួលនិងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕
អត្ថបទដោយ ប៉ា តុងចិន









