លោកស្រី​ ស៊ុយ​ សុផាន​ ទទួល​មរណភាព​ដោយ​សារ​ជំងឺ​មហារីក​ថ្លើម

លោកស្រី ស៊ុយ សុផាន អគ្គនាយកក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex)។ (ហ្វេសប៊ុក៖ Sinath Hun)

អគ្គនាយកក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) លោកស្រី ស៊ុយ សុផាន បានទទួលមរណភាពក្នុងវ័យ៦២ឆ្នាំ កាលពីយប់ថ្ងៃទី២៨ ខែមីនា ដោយសារជំងឺមហារីកថ្លើម។

បើតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេស​ប៊ុករបស់លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ បានបង្ហាញការសោកស្តាយនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពចំពោះមរណភាពរបស់​លោកស្រី ស៊ុយ សុផាន។

លោកស្រី ហ៊ុន ស៊ីណាត បន្ថែមក្នុងទំព័រហ្វេស​ប៊ុករបស់គាត់ថា លោកស្រី ស៊ុន សុផាន បាន​ទទួលមរណភាពដោយសារជំងឺមហារីកថ្លើម ដែលជំងឺនេះបានកើតឡើងជាយូរខែមកហើយ។

មរណភាពរបស់លោកស្រី ស៊ុយ សុផាន បាននាំឱ្យមានប្រតិកម្មចម្រុះនៅលើបណ្តាញ​សង្គម​​ហ្វេស​ប៊ុក​របស់លោកស្រី ហ៊ុន ស៊ីណាត និងពីប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះពីការបណ្តេញចេញពីលំនៅដ្ឋាន។

អតីតតំណាងសហគមន៍បុរីកីឡាម្នាក់ អ្នកស្រី ខៀវ ឡៃ ដែលបច្ចុប្បន្នកំពុងរស់នៅឯសហគមន៍ភ្នំបាត ស្ថិតនៅជើងភ្នំឧដុង្គ ស្រុកពញាឮ ខេត្តកណ្តាល បានថ្លែងថា អ្នកស្រីមិនអាចបំភ្លេចការឈឺចាប់នូវព្រឹត្តិការណ៍ដែលក្រុម​ហ៊ុន ផានអ៊ីម៉ិច បានប្រើគ្រឿងចក្រឈូសឆាយ​ផ្ទះរបស់ពលរដ្ឋ កាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០១២បាននោះទេ។

លោកស្រីបានរំឭកដូច្នេះថា៖ «ពួកខ្ញុំនៅតែមិនភ្លេចនូវការឈឺចាប់របស់ខ្ញុំ ទោះបីជាគាត់បាត់បង់ជីវិតទៅដល់ណាក៏ដោយ ក៏មិនភ្លេចដែរ ទុកឱ្យពួកខ្ញុំរងទុក្ខវេទនាដល់សព្វថ្ងៃនេះ រស់នៅដោយពឹងលើអំណោយសប្បុរសជន ហើយពិបាករកស៊ីទៀតនៅទីនេះ។ អញ្ចឹងពួកខ្ញុំអត់មានភ្លេចទេ ភ្លេចការឈឺចាប់ហ្នឹងទេ នៅតែនឹកឃើញការឈឺចាប់ហ្នឹង»។

ចំណែកលោក ភោគ លីណា អតីតប្រជាពលរដ្ឋសហគមន៍បុរីកីឡាម្នាក់ទៀត ក៏បានអះអាងស្រដៀងគ្នានេះដែរ។ លោក លីណា យល់ថា ការឈឺចាប់ទាំងនោះវាធំធេងពេក ដែលមិនអាចឱ្យលោកនិងប្រជាពលរដ្ឋសហគមន៍បុរីកីឡា លើកលែងឱ្យបានឡើយ។

លោកមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំគិតថា មិនអាចទេ! រឿងអហោសិកម្មនេះ ខ្មែរយើងនិយាយបានតែក្នុងក្រុមគ្រួសារដែលគ្រាន់តែខុសពាក្យខុសសម្ដី ខុសមាត់កតិចតួចបាន តែបើទង្វើធ្វើឱ្យមនុស្សរាប់សិបគ្រួសារ រាប់រយគ្រួសាររងទុក្ខលំបាកវេទនា វាអត់អាចទៅអហោសិកម្មម៉េចបាន បើយើងអហោសិកម្មបាន មនុស្សអត់ខ្លាចទេអំពើបាប»។

យ៉ាងណាក្តី អ្នកនាង សុង ស្រីលាភ តំណាងសហគមន៍បឹងកក់ ដែលសកម្មក្នុងការតវ៉ាក្នុងជម្លោះដីធ្លីនៅសហគមន៍បឹងកក់ និងបុរីកីឡា នាពេលកន្លងមកដែរនោះ រំពឹងថា ប្រជាពលរដ្ឋ​សហគមន៍បុរីកីឡា នឹងអហោសិកម្មឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី ស៊ុយ សុផាន។

អ្នកនាងមានប្រសាសន៍ដូច្នេះថា៖ «ខាងខ្ញុំសហគមន៍បឹងកក់ គឺយើងអត់ស្ថិតនៅក្រោមគម្រោងដែលមានបញ្ហាជាមួយគាត់ទេ ក៏ប៉ុន្តែប្រជាពលរដ្ឋដទៃទៀត សហគមន៍ផ្សេងទៀត បានជួបបញ្ហាជាមួយគាត់ ប៉ុន្តែនៅក្នុងនោះ ខ្ញុំសង្ឃឹមថា ពួកគាត់ក៏អហោសិកម្មជូនគាត់ ហើយចូលរួមរំលែកទុក្ខគាត់ក៏ដូចគ្នា ហើយយើងសង្ឃឹមថា អ្នកដែលនៅរស់រានមានជីវិត ឱ្យគាត់ចងចាំថា មនុស្សយើងគ្មាននណាជីវិតអមតៈទេ»។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន និងអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងចក្រឈូសឆាយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅសហគមន៍បុរីកីឡា ដែលបណ្តាលឱ្យពលរដ្ឋខ្លះរងរបួស បាត់បង់ទ្រព្យសម្បត្តិ និងខ្លះទៀតត្រូវបានជម្លៀសចេញ។

យ៉ាងណាក្តី លោក អំ សំអាត អនុប្រធានផ្នែកស៊ើបសង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា មនុស្សស្លាប់ទៅហើយ អ្វីៗក៏វារលត់ទៅដែរ។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺ បញ្ហាដែលនៅសេសសល់មិនទាន់ដោះស្រាយនោះ អ្នកបន្តវេ​ននៃក្រុមហ៊ុននោះគួរតែដោះស្រាយបញ្ចប់។

លោកមានប្រសាសន៍ថា៖ «ចំពោះយោបល់និងការយល់ឃើញ ក៏ដូចជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ អាហ្នឹងចៀសមិនផុតទេ ព្រោះគាត់ធ្លាប់រងផលប៉ះពាល់ ឬក៏ស្អីពីក្រុមហ៊ុន ផានអ៊ីម៉ិច ហ្នឹង! តែបើយើងនិយាយតាមបែបសាសនាយើងវិញ យើងជាអ្នកកាន់សាសនាព្រះពុទ្ធ បើមនុស្សស្លាប់ទៅហើយ អាហ្នឹងវាចប់ទៅហើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺបញ្ហាអ្វីទាំងឡាយដែលនៅសេសសល់ហ្នឹង គឺអ្នកនៅបន្តក្នុងការដឹកនាំក្រុមហ៊ុនហ្នឹងទេដែលត្រូវដោះស្រាយជាមួយពលរដ្ឋ ប្រសិនបើបញ្ហានៅតែមានបន្តទៅទៀតនោះ។ ហើយចំពោះការយល់ឃើញ ការបញ្ចេញគំនិត ហើយនិងការឈឺចាប់របស់អ្នកដែលធ្លាប់រងគ្រោះ អាហ្នឹងគឺជាគំនិតយោបល់របស់គាត់ហើយ»។

បើតាមការបញ្ជាក់របស់​អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន សពរបស់លោកស្រី ស៊ុយ សុផាន កំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីសាសនានៅឯគេហដ្ឋានរបស់កូនចៅលោកស្រី ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ