ក្រសួងយុត្តិធម៌ និងមន្ត្រីជំនាញ នឹងពិនិត្យនិងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតជាង៥០០នាក់ដែលបានស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់ វីអូឌី នៅថ្ងៃនេះថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ នឹងពិនិត្យនិងប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច (ZOOM) ជាមួយមន្ត្រីជំនាញនៅរសៀលថ្ងៃពុធស្អែកនេះ ដើម្បីវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតចំនួន៥៤២នាក់មកពីពន្ធនាគាររាជធានី/ខេត្ត ចំនួន២៣ ដែលស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស។
លោកបន្តថា ក្នុងចំណោមទណ្ឌិតទាំង៥៤២នាក់នោះ មានទណ្ឌិតដែលសុំបន្ធូរបន្ថយទោសចំនួន៤៧២នាក់ (ស្រី៥៩នាក់) និងលើកលែងទោសចំនួន៧០នាក់ (ស្រី៩នាក់)។
អ្នកនាំពាក្យរូបនោះ បញ្ជាក់ថា លក្ខខណ្ឌដែលអាចបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតទាំងនោះបាន លុះត្រាតែពួកគេអនុវត្តទោសបានចាប់ពី ១ភាគ៣ និង ២ភាគ៣ ឡើងទៅ និងមិនមែនជាអ្នកដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាដើម។
លោកពន្យល់ដូច្នេះថា៖ «ការបន្ធូរបន្ថយទោសធ្វើទៅបាន លុះត្រាតែទណ្ឌិតនោះទទួលរងទោសក្នុងពន្ធនាគារបាន១ភាគ៣យ៉ាងតិច បើប្រៀបធៀបនឹងទោសសរុបរបស់គាត់។ ហើយទណ្ឌិតដែលទទួលបានការលើកលែងទោស លុះត្រាតែទណ្ឌិតទទួលរងទោសក្នុងពន្ធនាគារចាប់ពី ២ភាគ៣ ហើយទទួលបានការអប់រំកែប្រែបានល្អក្នុងពន្ធនាគារ។ ប៉ុន្តែក្រៅពីនេះ យើងក៏មានប្រភេទអនុគ្រោះទោសក្នុងលក្ខណៈមនុស្សធម៌ ដូចជា ទណ្ឌិតចាស់ជរាមានជំងឺធ្ងន់ធ្ងរក្នុងពន្ធនាគារ ឬមួយទណ្ឌិតស្ត្រីដែលមានផ្ទៃពោះឬមានកូនរស់នៅក្នុងហ្នឹងជាមួយ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រោយពីរងការរិះគន់លើការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតមួយចំនួនកន្លងមកថាមានភាពមិនប្រក្រតីនោះ រដ្ឋាភិបាលបានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយធ្វើការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតនៅកម្រិតទាបសមល្មមដែលអាចទទួលយកបាន។
ទោះជាបែបនេះក្តី លោក អំ សំអាត អំពាវនាវទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ធ្វើការពិនិត្យបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតដែលបានកែខ្លួនស្របតាមលក្ខខណ្ឌ ឱ្យមានតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគេ។
លោកអំពាវនាវដូច្នេះថា៖ «យើងសង្គមស៊ីវិល ចង់ឱ្យការបន្ធូរបន្ថយនិងលើកលែងទោស ត្រូវអនុវត្តទៅលើអ្នកដែលមានអាទិភាព ហើយផុតពីហ្នឹងយើងត្រូវតែពិនិត្យទៅលើលក្ខខណ្ឌទូទៅ ប្រសិនបើអ្នកទាំងអស់នោះបានអនុវត្តដូចគ្នា ត្រូវពិនិត្យពិចារណាឱ្យបានតម្លាភាពនិងយុត្តិធម៌ដែរ»។
ព្រះរាជក្រឹត្យស្ដីពី«ការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា» ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលឡាយព្រហស្តលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ឱ្យដឹងថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងការលើកលែងទោសនោះ ត្រូវកំណត់៥ដងក្នុងមួយឆ្នាំ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។
ព្រះរាជក្រឹត្យ បានបញ្ជាក់ទៀតថា ការបន្ធូរបន្ថយនិងការលើកលែងទោសនេះអាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រមឬសាលដីកាស្ថាពរតែប៉ុណ្ណោះ និងបានភ្ញាក់រឭកហើយបានកែប្រែគំនិតមាយាទឱ្យក្លាយជាពលរដ្ឋល្អ គោរពបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងមានគំរូល្អដល់ទណ្ឌិតនិងអ្នកជាប់ឃុំផ្សេងទៀត ជាដើម។
កម្មវិធីបន្ធូរបន្ថយនិងការលើកលែងទោសនេះ អនុវត្តផងដែរចំពោះទណ្ឌិតមានវ័យចាស់ជរា ស្ត្រីមានផ្ទៃពោះ ឬមានជំងឺរ៉ាំរ៉ៃ មានវិបល្លាសស្មារតី ពិការភាព ដែលមានលិខិតបញ្ជាក់ពីគ្រូពេទ្យ។
បើតាមនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បច្ចុប្បន្ននេះ កម្ពុជាមានពន្ធនាគារចំនួនសរុប២៨ពន្ធនាគារ ដែលក្នុងនោះមានពន្ធនាគារចំនួន១៨ ដែលមានទណ្ឌិតនិងពិរុទ្ធជនកំពុងជាប់ឃុំសរុបជាង ៣៣ ០០០ នាក់៕









