មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថាន៣រូប លើកឡើងថា កូនក្តីរបស់លោកទទួលស្គាល់ថាពិតជាបានបង្ហោះសារនិងវីដេអូជុំវិញបញ្ហាបរិស្ថាននៅតំបន់មួយចំនួនលើបណ្ដាញសង្គមពិតមែន ប៉ុន្តែពួកគេថា សកម្មភាពទាំងនេះពុំមានចេតនាញុះញង់ណាមួយដូចតុលាការបានចោទប្រកាន់នោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងសកម្មជនបរិស្ថាន ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង៣រូប លោក សំ ចំរើន ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្នុងសវនាការ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានសួរកូនក្ដីរបស់លោកពីគោលបំណងដែលបង្ហោះព័ត៌មានពាក់ព័ន្ធនឹងបរិស្ថាននៅខេត្តព្រះសីហនុ ខេត្តកោះកុង និងបញ្ហាបឹងតាមោក នៅរាជធានីភ្នំពេញ នាពេលកន្លងមក។
លោកបន្តថា កូនក្ដីរបស់លោកបានទទួលស្គាល់ពីសកម្មភាពពួកគេធ្វើ ដែលបានផ្សព្វផ្សាយវីដេអូក្នុងបណ្តាញសង្គមកន្លងមក ដោយថា ការធ្វើសកម្មភាពនោះ ដោយសារតែស្រឡាញ់ និងចង់ការពារបរិស្ថាននិងធនធានធម្មជាតិ និងបារម្ភខ្លាចធនធានទាំងនោះត្រូវរងផលប៉ះពាល់និងបាត់បង់តែប៉ុណ្ណោះ។
លោកថា៖ «បំណងរបស់គាត់គ្រាន់តែមានការព្រួយបារម្ភ គាត់មិនមានបំណងទៅញុះញង់អ្នកណាអីទេ ហើយក៏មិនបានញុះញង់កម្លាំងមហាជនអីដែរ។ គាត់ព្រួយបារម្ភថា ដូចរឿង គន្ធា អ៊ីចឹង! គាត់ថា បឹងតាមោកអាចនឹងត្រូវបានបាត់ដូចបឹងផ្សេងៗអ៊ីចឹង។ ចំណែក រដ្ឋា គាត់ថា រឿងសំរាមដែលគាត់ធ្វើកន្លងមកនៅកំពង់សោម និងទឹកស្អុយនោះ មិនមានដំណោះស្រាយអ៊ីចឹង ហើយរឿងកោះកុងក្រៅ កិច្ចការមិនតម្លាភាព អ៊ីចឹងគាត់មានការព្រួយបារម្ភ ដើម្បីឱ្យមានការចូលរួមដឹងឮ។ ប៉ុន្តែចៅក្រមចេះតែនិយាយថា សកម្មភាពទាំងអស់ហ្នឹងហើយបង្កើតកំហឹងសម្រាប់មហាជន»។
បើតាមមេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថាន លោក សំ ចំរើន ក្រោយពីសវនាការសួរដេញដោលពេញមួយព្រឹក ចៅក្រមបានសម្រេចផ្អាក ដោយនឹងបន្តសវនាការសំណុំរឿងនេះទៀតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ខាងមុខ។
វីអូឌី មិនអាចស្វែងរកការបញ្ជាក់ជុំវិញករណីនេះពីចៅក្រមជំនុំជម្រះ លោក លិ សុខា បានទេនៅថ្ងៃនេះ។
អ្នកស្រី ប៉ាត់ រស្មី ជាភរិយារបស់លោក ថុន រដ្ឋា ចាត់ទុកការចាប់និងឃុំខ្លួនស្វាមីនិងសកម្មជនដទៃទៀតដាក់ពន្ធនាគារជាបណ្តោះអាសន្ន រយៈពេលជិត៧ខែមកនេះ ថាជារឿងអយុត្តិធម៌សម្រាប់គ្រួសាររបស់ពួកគាត់។
អ្នកស្រីស្នើទៅតុលាការទម្លាក់បទចោទប្រកាន់និងដោះលែងស្វាមីអ្នកស្រី រួមទាំងសកម្មជនផ្សេងទៀតឱ្យមានសេរីភាពវិញ ដោយថា ការងារដែលស្វាមីគាត់និងសកម្មជនបរិស្ថានធ្វើនោះ ដើម្បីផលប្រយោជន៍សង្គមជាតិតែប៉ុណ្ណោះ។
អ្នកស្រីថា៖ «ខ្ញុំមានក្ដីបារម្ភមែនទែន មិនដឹងថាតុលាការនឹងដោះលែងគាត់នៅពេលណា ហើយយើងពិតជាឈឺចាប់ណាស់ដែលឃើញអ្នកដែលការពារធនធានធម្មជាតិ ត្រូវបានតុលាការចាប់ ចោទប្រកាន់។ យើងឃើញហើយកន្លងមក វីដេអូរបស់ពួកគាត់ការពារបរិស្ថានទាំងអស់ អត់មានធ្វើអីខុសនឹងច្បាប់ទេ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុការឃុំខ្លួននិងចោទប្រកាន់សកម្មជនបរិស្ថានថា ជាការគំរាមកំហែងដល់យុវជនដែលស្រឡាញ់ការពារបរិស្ថាន។ លោកបន្តថា រដ្ឋាភិបាលគួរធ្វើការលើកទឹកចិត្តដល់យុវជនដែលស្រឡាញ់ធនធានធម្មជាតិ ព្រោះសកម្មភាពរបស់ពួកគេដែលធ្វើនោះជាផលប្រយោជន៍របស់ជាតិនិងសង្គមទាំងមូល មិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
លោកថា៖ «ខ្ញុំគិតថា រាល់សកម្មភាពដែលគាត់លះបង់នោះ ដើម្បីការពារធនធានធម្មជាតិនិងបរិស្ថាន វាគួរតែមានការជួយលើកទឹកចិត្តដល់យុវជនដទៃទៀត ឱ្យចូលរួមជាមួយរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ មិនគួរមានការចោទប្រកាន់គាត់អ៊ីចឹងទេ។ អ៊ីចឹងបានកន្លងមក យើងឃើញថា មិនមែនអង្គការជាតិទេ សូម្បីអង្គការអន្តរជាតិ សហគមអឺរ៉ុប សហរដ្ឋអាមេរិក ជាដើម ក៏គេចាត់ទុកការចាប់ខ្លួនមាតាធម្មជាតិនេះ វាប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ»។
សកម្មជនបរិស្ថានទាំងបីរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ បន្ទាប់ពីពួកគេបានប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំឱ្យបញ្ឈប់ការលុបបឹងតាមោក៕









