រដ្ឋាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កម្មករ បុគ្គលិកក្រុមហ៊ុន និងក្រុមគោលដៅមួយចំនួនដែលបានចុះឈ្មោះរួច ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ ដែលតាមគម្រោងមានប្រមាណជាង៧៤០ ០០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនៃក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃនេះថា ក្រុមគោលដៅដែលនឹងត្រូវចាក់់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសទី១ ឬចាក់លើកទី១ ចាប់ពីថ្ងៃស្អែកនេះទៅ មានតែចំនួន៧៤ ៥០០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យ បុគ្គលិក មន្ត្រីសុខាភិបាលជួរមុខទាំងរដ្ឋនិងឯកជន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសាររបស់ពួកគេ រួមនឹងអ្នកសារព័ត៌មាន និងអ្នកដែលបានផ្ញើបញ្ជីឈ្មោះទៅកាន់គណៈកម្មការចំពោះកិច្ចរួចហើយ។
បន្ថែមពីនេះ មានកងកម្លាំងនិងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ គ្រូបង្រៀន ដែលក្រសួងសាម៉ីបានផ្ញើឈ្មោះទៅរួចហើយ ក៏អាចទៅចាក់វ៉ាក់សាំងនេះផងដែរ។
គណៈកម្មការចំពោះកិច្ច ក៏បានអំពាវនាវដល់ក្រុមគោលដៅដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៥៩ឆ្នាំ ដែលត្រូវដល់វេនទទួលវ៉ាក់សាំងនេះ ទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយក្រោយពីការចាក់វ៉ាក់សាំងលើកទី១នេះ ក៏ត្រូវបន្តការពារខ្លួនពីជំងឺនេះតាមវិធានសុខាភិបាលផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន ពុំអាចសុំការអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃនេះ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និយាយថា ក្រុមការងារខេត្តបានរៀបចំរួចរាល់ហើយ ទាំងចំនួនគ្រូពេទ្យនិងមណ្ឌលសម្រាប់ចាក់វ៉ាក់សាំង សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនេះ។
លោកថា៖ «សមាប់ខេត្តកណ្តាលមាន២២មណ្ឌល ស្មើនឹង៣៣ក្រុមគ្រូពេទ្យ [១ក្រុមមានប៉ុន្មាននាក់] ១ក្រុមមាន៩គ្រូពេទ្យ មានទាំងដុកទ័រ មានអីមួយចប់ក្នុងហ្នឹង»។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកណ្តាល អ្នកស្រី អឿង សារី អាយុ៣៧ឆ្នាំ និយាយថា គាត់មិនទាន់សម្រេចចិត្តទៅទទួលយកវ៉ាក់សាំងនេះនៅឡើយទេ។
អ្នកស្រីថា៖ «សូម្បីតែខ្ញុំខ្លួនឯងកំពុងបារម្ភថា អ្នកខ្លះចាក់ហើយក៏ស្លាប់ ខ្លះក៏អត់ មិនចាក់ក៏ស្លាប់ ដល់អ៊ីចឹងមិនដឹងយ៉ាងម៉េចទេ ដូចជារារែកចិត្តដែរ»។
ប្រហាក់ប្រហែលគ្នានេះដែរ លោក យ៉ែម គង់ នៅខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍រារែកស្រដៀងទៅនឹងអ្នកស្រី អឿង សារី ដែរ។
លោកថា៖ «ខ្ញុំគិតថា ប្រសិនបើយើងចាក់វាល្អជាងអត់ចាក់ ប៉ុន្តែចំពោះវ៉ាក់សាំង យើងត្រូវការជ្រើសរើសមើលដែរ [បង និងក្រុមគ្រួសារទៅចាក់ទេ?] ចាំមើលសិន! [មូលហេតុអី?] ដោយសាតែយើងមើលតាមបណ្តាញសារព័ត៌មាន យើងមើលឃើញថា អ្នកទទួលវ៉ាក់សាំង ទទួលគ្រោះថ្នាក់ជាបន្តបន្ទាប់ដែរ ហើយយើងមិនដឹងថាមកពីកត្តាអ្វីទេដែលបណ្តាលឱ្យពួកគាត់គ្រោះថ្នាក់»។
គ្រូបង្រៀនម្នាក់នៅខេត្តបាត់ដំបង លោក ម៉ែន សុធៃ អាយុ៥២ឆ្នាំ មានប្រសាសន៍ថា លោកនឹងទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះ ដើម្បីការពារខ្លួនពីជំងឺឆ្លងមួយនេះ។
លោកថា៖ «សម្រេចចិត្តថាទៅចាក់ហើយនេះ ប៉ុន្តែត្រូវគិតមើលពីសុខភាពខ្លួនឯងសិន»។
ក្រៅពីការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងក្នុងគេហទំព័ររបស់ខ្លួនដែរថា ជំនួយឥតសំណងរបស់ភាគីចិន ជាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជំហានទី២ ដែលមានចំនួន៧០០ ០០០ដូស នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃនេះ ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះឱ្យបានគ្រប់គ្នា ខណៈជំងឺនេះកំពុងវាយលុកខ្លាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល ជាដើម។
លោកបានគូសបញ្ជាក់ថា៖ «តាមគម្រោង ក្នុងរយៈពេល១ខែ ត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកម្រិត១លានដូស ទាំងការទិញនិងការទទួលជំនួយ នឹងមកដល់ជាបន្តបន្ទាប់។ វ៉ាក់សាំង គឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា»។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទដែរថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច ជាអ្នករៀបចំគម្រោងនៃការចំណាយទៅលើអាហារហូបចុកនិងថ្លៃធ្វើដំណើរសម្រាប់ក្រុមគ្រូពេទ្យដែលទៅចូលរួមយុទ្ធនាការនៅតាមបណ្តាខេត្ត ខណៈអភិបាលខេត្តជាអ្នករ៉ាប់រងកន្លែងស្នាក់នៅសម្រាប់ពួកគេ និងទីតាំងត្រូវចាក់វ៉ាក់សាំង ។
លោកថា៖ «យើងបានទទួលព័ត៌មានថា តាមខេត្តបានរកទីកន្លែងចាក់បានសមគួរហើយដែរ ដែលមានប្រមាណជា៣០០កន្លែងនៅទូទាំងប្រទេស វាជាការល្អ ក៏ប៉ុន្តែលទ្ធភាពរបស់គ្រូពេទ្យជាបញ្ហា»។
បើតាមទិន្នន័យដែលផ្តល់ដោយក្រសួងសុខាភិបាល គិតត្រឹមថ្ងៃពុធនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២ ៤៤០នាក់ ស្លាប់១១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១ ១៩១នាក់ និងកំពុងសម្រាកព្យាបាល១ ២៣៤នាក់៕