ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន៣៧​នាក់​ ខណៈ​អ្នក​ជា​សះ​ស្បើយ​៤៩​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៧​នាក់ ក្នុងនោះមាន​អ្នក​ឆ្លងក្នុង​​ព្រឹត្តិ​ការណ៍​​សហគមន៍​២០កុម្ភៈ ចំនួន៣៥​នាក់ និងអ្នកធ្វើដំណើរ​​មកពីក្រៅប្រទេស២នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកដែល​ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំង៣៥នាក់​នោះ រួមមាន ជនជាតិចិន៣នាក់ ជនជាតិកូរ៉េម្នាក់ និងខ្មែរ៣១​នាក់ ជាអ្នករស់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល។

ចំណែកអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ក្រសួងថា​ ជាជនជាតិឥណ្ឌូនេស៊ី ដែលធ្វើដំណើរមកពីប្រទេសសិង្ហបុរី បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែមីនា និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបាន​ឱ្យដឹងទៀត​ថា ក្រៅពីរកឃើញអ្នកឆ្លង ក៏មានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤៩នាក់បានជាសះស្បើយផងដែរ។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ក្នុងរយៈពេលជាង១​ខែនេះ មានចំនួន១ ៩៤៩នាក់ ក្នុងនោះមាន​អ្នកស្លាប់​ចំនួន១៤​នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់២ ៤៧៧​នាក់ ក្នុងនោះ​ព្យាបាលជាសះស្បើយ១ ២៤០នាក់ និងកំពុងសម្រាកព្យាបាល១ ២១៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ