តារាចម្រៀង មាស សុខសោភា អំពាវនាវឱ្យសាធារណជនទាំងអស់ស្រឡាញ់បរិស្ថានចេញពីចិត្តពិតប្រាកដ ហើយចាប់ផ្តើមធ្វើសកម្មភាពថែរក្សាការពារចាប់ពីពេលនេះ ដើម្បីកុំឱ្យរងផលប៉ះពាល់នៅពេលខាងមុខ។
នៅក្នុងទិវា១ម៉ោងសម្រាប់ភពផែនដី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ តារាចម្រៀងរូបនេះបានលើកឡើងថា បញ្ហាបម្រែបម្រួលភពផែនដី និងគ្រោះធម្មជាតិផ្សេងៗ គឺមនុស្សជាចំណែកនៃរឿងនេះ។ កញ្ញា មាស សុខសោភា បន្តថា មនុស្សគ្រប់គ្នាសុទ្ធតែអាចចូលរួមថែរក្សាបរិស្ថានបាន។
កញ្ញា មាស សុខសោភា៖ «ទោះជានៅកន្លែងណា ទីតាំងណា ក៏យើងអាចបង្ហាញសកម្មភាពស្រឡាញ់បរិស្ថានបាន ព្រោះធនធានធម្មជាតិគឺជាផ្ទះរបស់យើង ដែលបានជួយសុខភាព សុខុមាលភាពក្នុងការរស់នៅរបស់ពួកយើង។ បើយើងពុំបានគិតគូរពីឥលូវនេះទេ គឺវាប៉ះពាល់ដល់ធម្មជាតិ ក៏ដូចជាពួកយើងផង»។
កញ្ញា មាស សុខសោភា បញ្ជាក់ថា សកម្មភាពការពារនិងថែរក្សាបរិស្ថានមានច្រើនរូបភាព រួមបញ្ចូលទាំងការដាំដើមឈើផងដែរ។ តារាចម្រៀងស្រីរូបនេះលេចធ្លោក្នុងសកម្មភាពការពារបរិស្ថាន ដែលកញ្ញាក៏ធ្លាប់ស្នើដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យរក្សាទុកបឹងតាមោកផងដែរ។
នៅក្នុងទិវាភពផែនដីនេះដែរ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា មនុស្សមិនអាចកាត់ផ្ដាច់ខ្លួនពីបរិស្ថានបានទេ ព្រៃឈើក៏ជាជម្រកសត្វព្រៃ ហើយក៏ជាសួតផែនដី ហើយក៏ផ្ដល់ខ្យល់បរិសុទ្ធសម្រាប់មនុស្សដកដង្ហើមរាល់ថ្ងៃផងដែរ។ លោក នេត្រ ភក្ត្រា បន្តថា ពេលនេះរដ្ឋាភិបាលកំពុងជំរុញឱ្យមានការដាំដើមឈើសម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការកាប់ព្រៃឈើធម្មជាតិ។
លោក នេត្រ ភក្រ្តា៖ «រាជរដ្ឋាភិបាលឥលូវនេះ យើងកំពុងតែជំរុញទៅលើការដាំចម្ការឈើដាំ មានន័យថា ប្រទេសដទៃទៀតដូចនៅអឺរ៉ុបនៅអី គេអត់ដែលប្រើប្រាស់ឈើធម្មជាតិទេ។ គេប្រើប្រាស់ឈើដាំ ដើម្បីយកមកកែច្នៃធ្វើជាសម្ភារប្រើប្រាស់»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបរិស្ថានគ្រប់គ្រងដី៨លាន៥សែនហិកតា ក្នុងនោះផ្ទៃដី៧លាន៣សែន ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ជាដីឧទ្យានជាតិ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែនជម្រកសត្វព្រៃ ជាដើម ដែលសម្បូរទៅដោយសត្វព្រៃនិងព្រៃឈើ៕
អត្ថបទដោយ សំ សុពេជ្រ









