មន្ត្រី​ក្រសួង​ព័ត៌មាន​ថា​កំពុង​ប្រឹង​ប្រែង​ដើម្បី​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ទៅ​សភា​អនុម័ត​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន​និយាយថា ​ក្រសួងព័ត៌មា​ន ​និងក្រ​សួ​ងយុត្តិធ​ម៌ ​បាន​ពិភាក្សាគ្នា​ដល់ដំ​ណាក់កាល​ចុង​ក្រោយហើ​យ​លើ​កិច្ចខិតខំប្រឹងប្រែងព​ន្លឿ​នសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដើម្បីសុំការអនុម័តពីរដ្ឋសភា។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ និយាយថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរបានពិភាក្សាគ្នាដល់ដំណាក់កាលចុងក្រោយហើយ សល់ត្រង់ជំពូកទោសប្បញ្ញត្តិបន្តិចបន្តួចប៉ុណ្ណោះ ដែលនោះគឺត្រូវសរសេ​រ​ប​ន្ថែមនូវខ្លឹមសារមួយចំនួន ដើម្បីឱ្យមន្ត្រីព័ត៌មាន ក៏ដូចជាមន្ត្រីទទួ​ល​បន្ទុកអង្គភាពព័ត៌មាននៅថ្នាក់ជាតិនិងក្រោមជាតិ អាចអនុវ​ត្តទៅបាន។

លោកថា៖ «ខ្លឹមសារនោះ យើងបានបញ្ជូន ដើម្បីផ្លាស់ប្តូរយោបល់គ្នាហើយ ហើយយើងនឹងរង់ចាំការឆ្លើយតបគ្នា ដើម្បីសម្រេចលើ​ខ្លឹមសារហ្នឹង។ [ប្រើពេលប៉ុន្មានដែរឯកឧត្តម?] មិនយូរទេ ពីព្រោះយើងបានពិភាក្សាគ្នាហើយកាលពីសប្តាហ៍មុន ហើយយើងបា​ន​បញ្ជូនទៅហើយ»។

លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ភាពយឺតយ៉ាវនៃការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី ក៏ដូចជាទៅសភា ដើម្បីសុំ​ការអនុម័ត ដោយសារតែបញ្ហាកូវីដ-១៩។ ប៉ុន្តែលោកថា ក្រសួងនឹងខិតខំពន្លឿនតា​មលទ្ធភាពដែលអាចធ្វើទៅបាន។

លោកថា៖ «ហើយជាការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន យើងខ្ញុំនឹងដាក់ស្នើសុំនូវការអនុម័តសេចក្តីព្រាងច្បាប់នេះនៅក្នុងឆ្នាំ២០២១ហ្នឹង»។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានបិទបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល អំឡុងខែកញ្ញា ឆ្នាំ២​០​​​២០។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីសភាភ្លាមៗទេ ដោយត្រូ​វ​ពិភាក្សាបន្ថែមជាមួយក្រសួងយុត្តិធម៌ ត្រង់វិធានដាក់ទោសទណ្ឌ ឱ្យស្របតាមក្រមព្រហ្មទណ្ឌរបស់កម្ពុជាជាមុនសិន ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ថា៖ «ក្រុមការងារកំពុងពិនិត្យ នឹងឆ្លើយតបទៅក្រសួងព័ត៌មានវិញនៅពេលរួចរាល់»។

យ៉ាងណា ច្បាប់នេះបានខកខានដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២០ តបតាមការតាំងចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងរួចមកហើយ។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាជាង១៥ឆ្នាំមកហើយ ដែលមានការចូលរួម ផ្តល់យោបល់ពីអង្គការអន្តរជាតិ UNESCO, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាព (TI) ជាដើម។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី និយាយថា វាមានភាពចាំបាច់ណាស់ដែលច្បាប់នេះត្រូវពន្លឿនតាមដែលអាចធ្វើទៅបាន អំឡុងពេលដែលមានការចែករំលែកការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំជាច្រើន អំ​ឡុ​​ងមានការវាយលុកដោយជំងឺកូវីដ-១៩នេះ។ លោកថា ច្បាប់នេះវានឹងបើកផ្លូវពលរដ្ឋឱ្យទទួលបានព័ត៌មានពិតបានទូលំទូលា​​យ​និងគ្រប់ជ្រុងជ្រោយ។

លោកថា៖ «ដោយសារតែនៅក្នុងខ្លឹមសារនៃច្បាប់នេះមានចែងនិងបំពាក់កាតព្វកិច្ចដល់មន្ត្រី ក៏ដូចជាក្រសួងរបស់ស្ថាប័នរដ្ឋហ្នឹង ឱ្យបើកចំហនិងផ្តល់ព័ត៌មានបានច្រើនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បង្ហាញការព្រួយបារម្ភថា ច្បាប់នេះនៅតែជាឧបសគ្គដល់ការជំរុញតម្លាភា​ព​​សង្គម បើរដ្ឋាភិបាលមិនលុបចោលមាត្រាមួយចំនួនដែលក្រសួងបានដាក់បញ្ចូល ក្រោយសេចក្តីព្រាងច្បាប់នេះផុតពីដៃសង្គមស៊ីវិ​​លនោះ។

លោកថា៖ «ច្បាប់ហ្នឹងប្រហែលជាមិនអាចបម្រើជូនប្រយោជន៍សាធារណៈទាក់ទងនឹងការបញ្ចេញព័ត៌មានទេ ពិសេសព័ត៌មានដែលសំខាន់ៗ ដែលពលរដ្ឋគួរដឹង ពាក់ព័ន្ធប្រយោជន៍ជាតិ ប្រយោជន៍សាធារណៈហ្នឹង ព្រោះអីអំណាចនៃការបិទព័ត៌មានហ្នឹងធំធេងពេក»។

អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បាលចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០ នៃច្បាប់នេះ ដោយថា ចំនុចនោះមានន័យទូលំទូលាយពេក​ ​និងខ្វះនូវភាព​ជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។

ចំណុច៧ ​មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ​ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបានហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ