អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលរដ្ឋចំនួន៥នាក់បានរងរបួស តូបលក់ដូរជាង១០០តូបនៅផ្សារចំនួន២ និងផ្ទះពលរដ្ឋជិត២០ខ្នង នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត បានរងការខូចខាតដោយសារបាតុភូតធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់។
ទំព័រហ្វេសប៊ុករបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងដែលបានកើតឡើងកាលពីល្ងាចថ្ងៃម្សិលមិញ បានបណ្តាលឱ្យពលរដ្ឋចំនួន៥នាក់រងរបួស ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកគ្រោះថ្នាក់ដល់ជីវិតនោះទេ។
រដ្ឋបាលក្រុង បន្តថា ដោយឡែក ផ្សារផារ៉ាមិចផ្ដាយ៥ ត្រូវបានដួលរលំទាំងស្រុង ខណៈផ្សាររាត្រីចំនួន១០០តូប និងផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ក៏បានរងនូវការខូចខាតស្ទើរទាំងស្រុងផងដែរ។
ករណីនេះ រដ្ឋបាលក្រុង បញ្ជាក់ថា អាជ្ញាធរបាននិងកំពុងជួយជួសជុលផ្ទះប្រជាពលរដ្ឋទាំង១៩ខ្នងនោះឡើងវិញ ប៉ុន្តែសម្រាប់ផ្សារផារ៉ាមិចផ្កាយ៥ និងផ្សាររាត្រី ខាងក្រុមហ៊ុនកាស៊ីណូជាអ្នកជួសជុលដោយផ្ទាល់។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឱ្យដឹងបន្ថែមថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនេះ ជាផ្ទះតូចដែលធ្វើរាបស្មើដី និងប្រក់ស័ង្កសី ហើយក៏មិនមានជញ្ជាំងក្រាស់នោះទេ។
លោកបន្តថា៖ «រលំផ្សាររបស់ឡាវីហ្គាស ដោយមានទទឹង១៥ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ អាហ្នឹងគឺស្ថិតនៅក្នុងតំបន់កាស៊ីណូ ឡាវីហ្គាស នៅមុខផារ៉ាមិច។ ទីពីរ ហៅថា ផ្សារដើមស្រល់ ឬ ផ្សាររាត្រី តូបខាងផ្សាររាត្រីហ្នឹង គឺមួយកន្លែងទេដែលខូចខាតហ្នឹង ទាំងស្រុងតែម្ដង។ ហើយទីបីទៀត ផ្ទះប្រជាពលរដ្ឋយើងដែលរលំ ហើយបាំងស័ង្កសី មិនមានជាជញ្ជាំងធំៗទេ»។
លោកបន្តថា មកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់បូកសរុបទំហំនៃការខូចខាតទាំងស្រុងនៅឡើយទេ ដោយសារតែលោកមិនទាន់ជួបថៅកែផ្សារទាំងពីរ ដើម្បីពិភាក្សាគ្នាអំពីករណីនេះ។
ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមួយរូប លោក អ៊ុយ បូ បានអះអាងថា ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នេះបានបណ្តាលឱ្យផ្ទះរបស់លោកដែលធ្វើអំពីដែក រងការខូចខាតទាំងស្រុង។
ករណីនេះ លោកស្នើឱ្យអាជ្ញាធរពិចារណាក្នុងការកាប់ដើមស្រល់ដែលដាំដោយក្រុមហ៊ុនអានកូ ដើម្បីបញ្ចៀសផលប៉ះពាល់នៅពេលមានគ្រោះខ្យល់កន្ត្រាក់កើតឡើងជាថ្មីទៀត។
លោកបន្ថែមថា៖ «សូមឱ្យរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន ខាងក្រុមហ៊ុនគាត់ដាំដើមស្រល់ នៅមុខផ្ទះយើង ដល់ពេលមានខ្យល់មានភ្លៀងវាបាក់មក ផ្ទះយើង! រាល់ឆ្នាំមកហើយ ឆ្នាំណាក៏បាក់លើផ្ទះអញ្ចឹង ក្រុមហ៊ុនអានកូ។ »
កាលពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បាតុភូតខ្យល់កន្ត្រាក់នៅខេត្តបន្ទាយមានជ័យនេះ ក៏បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជិត១០ខ្នងផងដែរ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍នៅថ្ងៃទី៥ ខែមេសា ថាបាតុភូតខ្យល់កន្ត្រាក់មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏កើតមានបញ្ហានេះដែរ។
លោកបន្តថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នេះ នឹងកើតឡើងបន្តទៀតនៅក្នុងខែមេសា និងខែឧសភាខាងមុខ ដែលទាមទារឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ទម្រាំរដូវវស្សាចូលមកដល់ដែលនឹងធ្វើឱ្យបាតុភូតនេះត្រូវបានកាត់បន្ថយច្រើន។
លោកបន្ថែមថា៖ «អញ្ចឹងជាសរុបមកវិញ ខ្ញុំចង់បញ្ជាក់ជូនថា បាតុភូតនេះ [ខ្យល់កន្ត្រាក់] នឹងនៅកើតមានបន្តទៀត ជាពិសេសនៅក្នុងខែ៤ និងខែ៥ កើតមានញឹកញាប់ ជាពិសេសនៅពេលមេឃរកកលភ្លៀង នៅពេលភ្លៀងកក់ខែ នឹងមាន។ ទាល់តែចូលទៅពេលរដូវវស្សា ហើយមានភ្លៀងធ្លាក់ច្រើនមេបន្តិចទៅ សីតុណ្ហភាពថយចុះបន្តិច ទើបបាតុភូតនេះបានធូរស្រាលទៅវិញ »។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣០ ខែមីនា បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបាននិងកំពុងស្ថិតនៅក្នុងរដូវប្រាំង ប៉ុន្តែលក្ខណៈស៊ីណុបទីក បង្ហាញថា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។
ក្រសួងបន្ថែមថា លក្ខណៈនេះនឹងធ្វើឱ្យខេត្តមួយចំនួនតាមតំបន់ទំនាបកណ្តាល តំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាប ព្រមទាំងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម និងពីខ្សោយទៅច្រើនបង្គួរ លាយឡំជាមួយនឹងផ្គរ រន្ទះ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានឡើង៕