អាជ្ញាធរ​ថា​ ពលករ​ខ្មែរ​មក​ពី​ថៃ​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ក្នុង​​​មណ្ឌល​ចត្តា​ឡីស័ក​ដោយសារ​វិបត្តិ​ផ្លូវ​ចិត្ត​

មណ្ឌលចត្តាឡីស័កអនុវិទ្យា​ល័យបវេល-សាមគ្គី នៅស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (វេបសាយ៖ battambang.gov.kh/)

ពលករខ្មែរ​មកពីថៃម្នាក់​បានធ្វើអត្តឃាត​ចងកសម្លាប់ខ្លួននៅមណ្ឌល​​ចត្តាឡីស័កមួយកន្លែងស្ថិតនៅភូមិ​សាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយសមត្ថកិច្ចនិងក្រុមគ្រូពេទ្យសន្និដ្ឋានជាបឋម​ថា អាចបណ្តាល​មកពីជនរងគ្រោះ​​មានវិបត្តិផ្លូវចិត្ត។

នៅក្នុងរបាយការណ៍មួយដែលចេញដោយរដ្ឋបាលស្រុកបវេល ចុះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា បុរសដែលបានធ្វើអត្តឃាតនៅមណ្ឌលចត្តាឡីស័កនោះមាន​ឈ្មោះ នី ម៉ាប់ អាយុ៤៧ឆ្នាំ មានទីលំនៅនៅភូមិសាំងរាំង ឃុំបវេល ជាពលករ​ទើបតែវិលត្រឡប់មកពីប្រទេសថៃ និងត្រូវបានសមត្ថកិច្ចតម្រូវ​ឱ្យ​​ធ្វើចត្តាឡីស័កនៅអនុវិទ្យា​ល័យបវេល-សាមគ្គី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

រដ្ឋបាលស្រុកបន្តថា យោងតាម​ការសាកសួររបស់​មន្រ្តីជំនាញទៅកាន់​បងស្រីរបស់​​សព ឈ្មោះ​ នី សារឿង និងក្មួ​យប្រុសឈ្មោះ​ មាន ចិត្ត បានបញ្ជាក់ថា កន្ល​ងមក​ ជនរងគ្រោះ តែង​តែ​មាន​រឿង​រ៉ាវ​រកាំ​រកូស​ជាមួយភរិយារបស់គាត់ជាញឹកញាប់ រហូតដល់ភរិយា​​បណ្ដេញចេញមិនឱ្យរស់នៅជាមួយ។

រដ្ឋបាលស្រុកបានស្រង់ប្រសាសន៍សាច់ញាតិជនរងគ្រោះបន្តទៀតថា សព្វថ្ងៃ ប្រពន្ធរបស់ជនរងគ្រោះ​កំពុងតែរស់នៅប្រទេសថៃជាមួយនឹងកូន ហើយទំនងដោយសារស៊ូទ្រាំរស់នៅជាមួយគ្រួសារ​មិន​បាន ទើបជនរងគ្រោះត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីសុំស្នាក់អាស្រ័យជាមួយបងប្អូនជាបណ្តោះ​អាសន្ន​នៅខេត្តបាត់ដំបងនេះ។

បើតាមរដ្ឋបាលស្រុក នៅពេលកំពុងធ្វើចត្តាឡីស័កនោះ មន្ត្រីសុខាភិបាលខេត្តក៏បានយកសំណាក​ជនរងគ្រោះទៅពិនិត្យរកវីុរសកូវីដ-១៩​ផងដែរ ប៉ុន្តែលទ្ធផល អវិជ្ជមាន។ បច្ចុប្បន្ន សពរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ