លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល និងក្រុមការងារពាក់ព័ន្ធ រៀបចំឱ្យអ្នកជំងឺកូវីដ-១៩ដែលមានស្ថានភាពសុខភាពមិនធ្ងន់ធ្ងរ អាចសម្រាកព្យាបាលនៅផ្ទះបាន ដោយមិនចាំបាច់យកទៅព្យាបាលនៅមន្ទីរពេទ្យឡើយ ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនាបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមរយៈសារជាសំឡេងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ថាបើសិនជាអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែមិនថយចុះទេ លោកថា មន្ទីរពេទ្យនីមួយៗនឹងពេញអស់ដោយមិនអាចដាក់អ្នកជំងឺបន្ថែមទៀតបានឡើយ។
ករណីនេះ លោកសម្រេចឱ្យអ្នកជំងឺកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរអាចព្យាបាលនៅផ្ទះ ដោយក្រសួងសុខាភិបាលមិនចាំបាច់យកពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ ប៉ុន្តែក្រុមពេទ្យត្រូវធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់មុនអនុញ្ញាតឱ្យពួកគាត់ព្យាបាលនៅផ្ទះ។
លោកថា៖ «ដូច្នេះ ខ្ញុំសុំស្នើឱ្យក្រុមការងារយើងរៀបចំប្រតិបត្តិការសម្រាប់ព្យាបាលនៅតាមផ្ទះឱ្យហើយសម្រេច ដល់ពេល នៅពេលណាយើងពិនិត្យលទ្ធភាពក្នុងការទទួលទៅព្យាបាលក្នុងមន្ទីរពេទ្យ និងទុកសម្រាកព្យាបាលនៅតាមផ្ទះ យើងមិនអាចទទួលអស់ទេ ក្នុងករណីកើនឡើងបន្ថែមទៀត អ្នកជាតិច អ្នកចូលច្រើន [សម្រាកព្យាបាល] ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយគឺមានតែអ្នកមានវិជ្ជមានកូវីដដែលស្រាលទុកព្យាបាលនៅតាមផ្ទះ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។
លោក ហ៊ុន សែន បន្តថា អ្នកជំងឺកូវីដ-១៩ ដែលទុកឱ្យនៅផ្ទះបាន លុះតែអ្នកជំងឺស្រាល ហើយមានផ្ទះសមរម្យអាចសម្រាកព្យាបាល ប៉ុន្តែប្រសិនបើអ្នកជំងឺនោះធ្ងន់ធ្ងរ លោកថា ត្រូវយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មួយវិញទៀត លោកថា បើផ្ទះអ្នកជំងឺមានទំហំតូចដែលធ្វើឱ្យមានការឆ្លងរាលដាលទៅកាន់អ្នកផ្សេងនោះ លោកថា ក្រសួងត្រូវយកពួកគាត់មកសម្រាលនៅក្នុងមន្ទីរពេទ្យ។
ក្រៅពីការព្យាបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យផ្ដល់ថវិកាចំនួន២០ ០០០រៀលសម្រាប់អាហារ ដូចការធ្វើចត្តាឡីស័ក ដើម្បីឱ្យក្រុមគ្រួសារទិញអាហារសម្រាប់ជួយបំប៉នដល់អ្នកជំងឺ អំឡុងពេលកំពុងព្យាបាល។
លោកថា៖ «យើងគ្រាន់តែរៀបចំថា តើអ្នកជំងឺគាត់ត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យពួកគាត់នៅមួយកន្លែង ហើយអ្នកផ្ទះដែលនៅជាមួយគាត់ធ្វើយ៉ាងម៉េច ហើយសហគមន៍ អាជ្ញាធរមូលដ្ឋាន ត្រូវជួយមើលថែទាំគាត់យ៉ាងម៉េច ដើម្បីកុំឱ្យគាត់ចេញក្រៅផ្ទះ ក្រុមគ្រួពេទ្យដែលទៅព្យាបាលគាត់ត្រូវធ្វើរបៀបម៉េច និងការងារដទៃទៀត ដែលមានការពាក់ព័ន្ធ។ ខ្ញុំគិតថា យើងនឹងអាចឈានទៅដល់ដំណាក់កាលនោះ ក្នុងករណីនេះ ព្រឹត្តិការណ៍២០កុម្ភៈ មិនមានការថមថយដូចពេលនេះ ជាពិសេសដែលវាកំពុងកើតនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ដែលនៅជាប់ទីក្រុងភ្នំពេញ ពីព្រោះវាទៅហួសលទ្ធភាពដែលយើងអាចធ្វើបាន»។
លោកបន្តថា ការសម្រេចបែបនេះក៏មានធ្វើនៅតាមបណ្ដាប្រទេសមួយចំនួនដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើន ដោយមិនមានមន្ទីរពេទ្យដាក់សម្រាកព្យាបាល។
លោកនាយករដ្ឋមន្ត្រី បន្តថា បច្ចុប្បន្ន មន្ទីរពេទ្យធំៗដែលសម្រាប់សង្គ្រោះអ្នកជំងឺកូវីដ-១៩ រួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យចាក់អង្រែ មជ្ឈមណ្ឌលជាតិកំចាត់មេរោគរបេងនិងហង់សិន និងមន្ទីរពេទ្យហ្លួងម៉ែ តែប៉ុណ្ណោះ។
ក្រោយពីមានការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
ក្នុងលិខិតចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានលើកឡើងថា ការត្រៀមបម្រុងនេះត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
លោកបន្តថា ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP)។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងកំពុងរៀបចំក្រុមគ្រូពេទ្យនិងផែនការសម្រាប់ករណីនេះហើយ ប៉ុន្តែលោកស្រីនៅមិនទាន់អាចបញ្ជាក់ពីចំនួនក្រុមគ្រូពេទ្យនិងពេលវេលាចាប់ផ្ដើមបាននៅឡើយ។
លោកស្រីថា៖ «យើងត្រូវរៀបចំឱ្យទៅតាមស្ដង់ដារបច្ចេកទេសរបស់យើង ហើយស្ដង់ដារហ្នឹងវាអាស្រ័យទៅលើគោលការណ៍ណែនាំដែលគេកំពុងសរសេរហ្នឹងឯង»។
អ្នកឃ្លាំមើលសង្គម លោកបណ្ឌិត សេង សារី ចាត់ទុកសេចក្ដីណែនាំនោះថា ជាដំណោះស្រាយល្អ ហើយចំពោះការអនុវត្តបែបណានោះនឹងត្រូវធ្វើការតាមដានបន្ថែមទៀត ដោយសារកន្លងមក ប្រមុខរដ្ឋាភិបាលបានចេញអនុសាសន៍និងសេចក្ដីណែនាំច្រើន ប៉ុន្តែដល់ពេលអនុវត្តតែងតែមានបញ្ហា។
លោកយល់ថា ប្រសិនតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅផ្ទះនោះ ក្រសួងត្រូវពង្រឹងការអនុវត្តនិងណែនាំពីវិធានការការពារ ថែទាំសុខភាពដល់អ្នកជំងឺ និងគ្រួសាររបស់ពួកគាត់ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងបន្តទៀត។
លោកថា៖ «ត្រូវតែមានមន្ត្រីសុខាភិបាលទៅពិនិត្យឬមើលជំងឺគាត់មួយថ្ងៃឬពីរថ្ងៃម្ដងដែរ បើសិនជាមានយន្តការអស់នេះ ហើយការអនុវត្តល្អ ខ្ញុំគិតថា ជាជម្រើសមួយដែលអាចជួយកាត់បន្ថយការកើនឡើងនៃបរិមាណអ្នកជំងឺក្នុងមន្ទីរពេទ្យដែរ។ ចំណុចមួយចំនួនទៀត ខ្ញុំឃើញថា អ្នកខ្លះក៏ផ្ទះហាក់ដូចជាមានស្ថានភាពបរិស្ថានល្អជាងនៅមន្ទីរពេទ្យផង ព្រោះខ្លះអ្នកជំងឺស្រាលល្មមៗ ទៅពេទ្យ កាន់តែធ្ងន់ ដោយសារ បរិយាកាសនៅក្នុងមន្ទីរពេទ្យ»។
ក្រសួងសុខាភិបាល ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បានកើនឡើងដល់២ ២៩៣នាក់ ក្នុងនោះស្លាប់ចំនួន២២នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុប២ ៨២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៧៩៤នាក់ និងកំពុងសម្រាកព្យាបាល១ ០០៣នាក់៕









