ខេត្ត-ក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា បានដាក់ចេញវិធានការរដ្ឋបាលបិទខ្ទប់ឬផ្អាកសកម្មភាពនានាជាបណ្តោះអាសន្ន ខណៈខេត្ត-ក្រុងខ្លះទៀតបានដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរចេញចូលនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ក្រៅពីរាជធានីភ្នំពេញ រដ្ឋបាលខេត្ត-ក្រុងមួយចំនួនតួយ៉ាងដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និងក្រុងបាវិត ខេត្តស្វាយរៀង ជាដើម បានដាក់ចេញវិធានការរដ្ឋបាលរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ចេញវិធានការរដ្ឋបាលរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមេសា ដោយតម្រូវឱ្យសកម្មភាពអាជីវកម្មមួយចំនួន តួយ៉ាងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ ឬគ្រឿងស្រវឹងនានា ត្រូវផ្អាកទទួលភ្ញៀវជាបណ្តោះអាសន្ន ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ជាកំហិត។
ចំណែកសកម្មភាពកីឡា ការជួបជុំ ឬការប្រមូលផ្តុំមនុស្សច្រើន រដ្ឋបាលខេត្តក៏បានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នដែរ។
ចំណែកខេត្តកំពង់ចាមឯណោះវិញ ក៏បានប្រកាសបិទរមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងកែច្នៃទាំងអស់ និងសកម្មភាពអាជីវកម្មពេលរាត្រីក្នុងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា។
ដូចគ្នានេះដែរ ខេត្តកំពង់ធំ បានប្រកាសដាក់វិធានការរដ្ឋបាលរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមេសា ដោយបានផ្អាកនូវសកម្មភាពអាជីវកម្មនានា ដូចជា អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ជាដើម។
រីឯរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រ និងកែច្នៃនានា រដ្ឋបាលខេត្តបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវយាមកាមតឹងរ៉ឹងមិនឱ្យមានការកម្សាន្ត ឬការប្រមូលផ្តុំណាមួយនោះឡើយ។
រីឯខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ មិនបានកំណត់រយៈពេលអនុវត្តវិធានការរដ្ឋបាលនោះទេ ក៏ប៉ុន្តែអ្នកដែលធ្វើដំណើរចូលទៅក្នុងខេត្តនេះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
រដ្ឋបាលខេត្ត បានបន្តក្នុងសេចក្តីជូនដំណឹងថា បើមានបុគ្គលណាមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំទេ នោះអាជ្ញាធរមូលដ្ឋាននឹងអនុវត្តទៅតាមវិធានការរដ្ឋបាល ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ចុងក្រោយនេះ គឺក្រុងបាវិត ខេត្តស្វាយរៀង ទើបបានប្រកាសនៅថ្ងៃទី៦ ខែមេសានេះថា នឹងប្រកាសបិទរយៈពេល១២ថ្ងៃ ដោយរឹតត្បិតការធ្វើដំណើរចេញចូលនៅក្នុងភូមិសាស្ត្រក្រុងបាវិតនេះ ខណៈការធ្វើដំណើរចេញចូលក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ និងក្រុមហ៊ុនកាស៊ីណូនានា ក៏ត្រូវបានបិទខ្ទប់ផងដែរ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងចាំបាច់នានា។
ដោយឡែកខេត្ត-ក្រុងមួយចំនួនទៀត ដូចជា ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ តាកែវ កំពត បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន សៀមរាប បាត់ដំបង ក្រចេះ ស្ទឹងត្រែង និងខេត្តភាគឦសាន ជាដើម នៅមិនទាន់ដាក់ចេញនូវវិធានការរដ្ឋបាល បិទខ្ទប់សកម្មភាពនានានៅឡើយទេ ក៏ប៉ុន្តែបានដាក់ចេញនូវវិធានការរឹតបន្តឹងនានារួចមកហើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ។
អភិបាលខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា បានប្រាប់ វីអូឌី ថា មកទល់ពេលនេះ ខេត្តត្បូងឃ្មុំទាំងមូលនៅមិនទាន់មានការបិទនោះទេ ប៉ុន្តែកន្លែងមួយចំនួនដែលមានការឆ្លងជំងឺកូវីដ-១៩ គឺអាជ្ញាធរបិទ។ រីឯមន្ទីរពេទ្យឯកជនដែលមានការពាក់ព័ន្ធ ក៏ខាងអាជ្ញាធរបានបិទទីតាំងទាំងនោះដូចគ្នា។
តែទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា ប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីភ្នំពេញ ឬក៏មកពីបណ្ដាខេត្តផ្សេង ខាងអាជ្ញាធរនឹងចុះទៅណែនាំឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឱ្យចេញក្រៅបាន។
រីឯអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឱ្យដឹងថា សម្រាប់ខេត្តនេះក៏មិនទាន់ចេញវិធានការហាមឃាត់តឹងរ៉ឹងនៅឡើយទេ ជាពិសេសអ្នកមកពីបណ្ដាខេត្តមួយចំនួនក៏មិនបានតម្រូវឱ្យធ្វើចត្តាឡីស័កនោះដែរ។
លោកបន្តថា ប៉ុន្តែបើសិនជាប្រជាពលរដ្ឋដែលមកពីតំបន់ក្ដៅ ដូចជា ខេត្តព្រះសីហនុ និងមកពីរាជធានីភ្នំពេញ ជាផ្នែកណាមួយដែលមានការពាក់ព័ន្ធឬសង្ស័យ គឺតម្រូវឱ្យធ្វើចត្តាឡីស័កភ្លាម។
លោកមានប្រសាសន៍ដូច្នេះថា៖ «វាមានខេត្តដែលសង្ស័យ ដូចខេត្តដែលគេស្គាល់ កំពង់សោមអ៊ីចឹង កំពង់សោមកន្លងទៅ យើងចាប់ធ្វើចត្តាឡីស័កយកអ៊ីចឹងហ្អា! ហើយភ្នំពេញក៏យើងមើលមុខសញ្ញាដែរទេ [មិនមែនសុទ្ធតែភ្នំពេញឱ្យធ្វើចត្តាឡីស័ក] យើងមើលដែរណ៎ា! នៅនេះមានអ្នកឆ្លងកាត់ច្រើនដែរ។ បើយើងមិនជ្រើសរើសឱ្យចំមុខសញ្ញា ចេះតែជ្រើសរើសទៅ វាមិនអីទេ! ធ្វើច្រើនកាលណាល្អកាលហ្នឹង ប៉ុន្តែវាប៉ះពាល់ជីវភាពគាត់»។
នៅថ្ងៃអង្គារ ទី៦ ខែមេសានេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៤៧នាក់។ ចំនួនថ្មីនេះបានធ្វើឱ្យតួលេខអ្នកឆ្លងសរុបនៅកម្ពុជាឡើងដល់ចំនួន២ ៨២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១ ៧៩៤នាក់ ស្លាប់២២នាក់ និង ១ ០០៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕









