ក្រសួង​ការងារ​ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដល់​កម្មករ​រោងចក្រ​

កម្មការិនីម្នាក់មកទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនដល់កម្មករ-កម្មការិនីរោងចក្រ នៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១​៩ នៅថ្ងៃទី៧ ខែមេសានេះ សម្រាប់​កម្មករ-និយោជិតធ្វើការនៅតាមរោងចក្រផ្សេងៗនៅទូទាំ​ងប្រ​ទេ​ស ខណៈសហជីពថាចំនួនកម្មករដែលបានចុះឈ្មោះចាក់វ៉ាក់សាំងនៅមានកម្រិតនៅឡើយ។

​សេចក្តីជូនដំណឹងរបស់អនុគណៈកម្មការចាក់វ៉ាក់សាំ​ងកូវីដ-១៩ ​នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ​ខាងក្រសួងគ្រោ​ងចាក់វ៉ាក់សាំងដល់កម្មករ-និយោជិតធ្វើការនៅតាមរោងចក្រនិងសហគ្រាសផ្សេងៗនៅទូទាំងប្រទេស ចំនួន២០ម៉ឺនដូស ក្នុង១ខែ ចា​ប់ពីថ្ងៃទី៧ ខែមេសានេះតទៅ ដោយមានក្រុមគ្រូពេទ្យចំ​នួន៦០ក្រុម បែងចែកពាក់កណ្តាលចុះនៅរាជធានីភ្នំពេញ តាមទីតាំងផ្សេងៗគ្នា និងពាក់កណ្តាលទៀតចុះតាមបណ្តាខេត្ត។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាជំរុញការចាក់វ៉ាក់សាំងដ​ល់​ក​ម្ម​កររោងចក្រនៅទូទាំងប្រទេសដែលមានជាង៧០ម៉ឺននាក់ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងចំណោមពួកគេ ខណៈរលកចម្លងពាក់ព័ន្ធនឹងព្រឹ​ត្តិកា​រណ៍សហគមន៍២០កុម្ភៈនៅតែមិនទាន់អាចកាត់ផ្តាច់បាន។

អ្នកនាំពាក្យក្រសួងការងារ និងជាប្រធានអនុគណៈកម្មការចាក់វ៉ាក់សាំង លោក ហេង សួរ ប្រាប់វីអូឌីថា គិតត្រឹមថ្ងៃទី៣ ខែមេសា កម្មករ-និយោ​ជិតធ្វើការនៅតាមរោងចក្រចំនួនជាង៣៨ម៉ឺននាក់ បានចុះឈ្មោះចាក់វ៉ាក់សាំង។ លោកថា ចំនួននេះល្មមគ្រ​ប់​គ្រាន់សម្រាប់ផែនការចាក់វ៉ាក់សាំងរយៈពេល២ខែដំបូង។

លោក ហេង សួរ បានប្រាប់វីអូឌីបន្ថែមនៅថ្ងៃនេះថា ក្រសួងនឹងចាត់វិធានការលើកម្មករដែលមិនចង់ចាក់វ៉ាក់សាំង ដោយបណ្តេញចេញពីការងារនៅពេលចំនួនអ្នកចាក់រួចក្នុងចំណោមពួកគេលើសពី៧០ភាគរយ ដូចជាវិធានការរបស់រដ្ឋាភិបាលលើមន្រ្តីរាជការ នគរបាល និងកងកម្លាំងប្រដាប់អាវុធអញ្ចឹងដែរ។

លោក ហេង សួរ មានប្រសាសន៍តាមសារ SMS ថា៖ «យើងនឹងមានវិធានការដូចគ្នា ដើម្បីធានាថា កម្ពុជាយើងមានភាពស៊ាំទៅនឹងជំងឺកូវីដ។ យើងតម្រូវចាក់វ៉ាក់សាំងសរុបឱ្យបាន១០លាននាក់ ត្រឹមខែមិថុនា ឆ្នាំ២០២២»។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ លើកឡើងថា ចំនួនកម្មករដែលបានចុះ​ឈ្មោះចាក់វ៉ាក់សាំងនៅមានកម្រិតនៅឡើយ ដោយសារពួកគេមួយចំនួនមិនទាន់ទទួលបា​នព័ត៌មានច្បាស់លាស់អំពីប្រសិទ្ធភាពនិងគុណភាពរបស់វ៉ាក់សាំង។

អ្នកស្រីថា កម្មករមួយចំនួនដែលមានបញ្ហាសុខភាព ហើយមិនបានចុះឈ្មោះចាក់ ត្រូវបានខា​ងភាគីរោងចក្រព្រមានពីការបណ្តេញចេញពីការងារ ឬអាចនឹងត្រូវរងការផាកពិន័យផ្សេងៗ ជាដើម។ អ្នកស្រីថា ការចាក់វ៉ាក់សាំងគួរតែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយពុំមានការបង្ខិតបង្ខំ ដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អ្នកស្រី យ៉ាង សោភ័ណ្ឌ មានប្រសាសន៍ថា៖ «យើងដឹងហើយថា ប្រជាពលរដ្ឋឬក៏កម្មករយើ​ងហ្នឹង ជាពិសេសកម្មករហ្នឹងឯង គាត់សុទ្ធតែជាអ្នកប្រឈម​ខ្លាំងជាងគេ អញ្ចឹងចង់មិនចង់ វ៉ាក់សាំងហ្នឹងគាត់ត្រូវជាមនុស្សអាទិភាព ត្រូវទទួលបានការចាក់វ៉ាក់សាំងហ្នឹង​ឯង។ ហើយបើសិនជាមិនមានការពន្យល់ពួកគាត់ឱ្យបានស្រួលបួលទេ ខ្ញុំគិតថា ពួកគាត់មិនយល់ រឿងអីដែលគាត់ចាក់»។ 

កម្មការិនីមួយរូបឈ្មោះ ពុំ ស្រីម៉ុល បម្រើការនៅរោងចក្រ ខាយណេង ក្នុងខេត្តកំពង់ឆ្នាំង លើកឡើងថា គាត់មិនបានចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ ដោយសារគាត់មានបញ្ហាសុខភាព និងធ្លាប់វះកាត់ បើទោះជាគាត់អាចនឹងត្រូវរងការផាកពិន័យជាប្រាក់តាមការលើកឡើងរបស់រោងចក្រក្តី។

កម្មការិនី ស្រីម៉ុល និយាយថា៖ «មុនដំបូង គាត់ថា អត់ទេ! ត្រូវតែស៊ីញ៉េ [ចុះហត្ថលេខា]។ ខ្ញុំថា ខ្ញុំអត់ស៊ីញ៉េទេបង! ព្រោះអីខ្ញុំគិតថា ខ្ញុំបង់លុយ។ ខ្ញុំថា បង់ៗទៅ មិនដឹងធ្វើម៉េចទេ។ ពេលក្រោ​យទៀតមក អត់ឮនិយាយរឿងបង់លុយហ្នឹងទៀតទេ បង! ក្រោយមកថា ឥលូវស្ម័គ្រចិត្ត ចុះដោយស្ម័គ្រចិត្តអញ្ចឹង។ អ្នកណាគេចុះៗ អ្នកណាអត់ៗទៅ ប៉ុន្តែបើមានរឿងអី យើងទទួលខុសត្រូវខ្លួនឯង»

ដោយឡែក កម្មការិនី ជា ស្រីណា នៅរោងចក្រ ហ្រ្គីនទ្រី ក្នុងរាជធានីភ្នំពេញ លើកឡើងថា គាត់បានចុះឈ្មោះចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែគាត់មិនទាន់សម្រេចថានឹងចាក់ទេ ដោយត្រូវរង់ចាំការពិគ្រោះជាមួយគ្រូពេទ្យចាក់វ៉ាក់សាំងជាមុនសិន ដោយសារគាត់មានបញ្ហាអាលែកហ្ស៊ីស្បែក។

កម្មការិនី ស្រីណា និយាយថា៖ «ខ្ញុំមានការបារម្ភតិចតួចដែរ ព្រោះអីគេថា ចាក់ទៅមានធ្វើទុក្ខខ្លួនអញ្ចឹង។ គ្រាន់តែថា ខ្ញុំក៏ចង់ចាក់ដែរ ព្រោះយើងចង់ការពារខ្លួនអញ្ចឹងណា។ តែឮគេនិយាយថា អ្នកអាលែកហ្ស៊ី ចាក់អត់កើត អាហ្នឹងទាល់តែពិភាក្សាជាមួយពេទ្យទៀត»

យ៉ាងណាសម្រាប់ប្រធានរដ្ឋបាលរោងចក្រ Y&W នៅខណ្ឌដង្កោ លោក ធី ប៊ុនថុន លើកឡើងថា កា​រចុះឈ្មោះចាក់វ៉ាក់សាំងនៅរោងចក្ររបស់លោក គឺធ្វើឡើងដោយការស្ម័គ្រចិត្ត ហើយថា ក្នុងចំណោមកម្មករដែលបានចុះឈ្មោះគឺមានជាង២ពាន់នាក់ ដែលស្មើនឹងប្រមាណ៥០ភាគរយនៃចំនួនកម្មករសរុប។

លោក ប៊ុនថុន និយាយថា៖ «ពេលខ្លះ យើងត្រូវតែចាក់បទបង្ហាញរបស់ក្រសួងសុខាភិបាលឬក៏ការណែនាំអំពីអត្ថប្រយោជន៍ក្នុងការចាក់វ៉ាក់សាំងអីផ្សេងៗ ដើម្បីឱ្យគាត់យល់កាន់តែច្បាស់។ ព្រោះជាទូទៅ វាជាមាគ៌ាមួយដែរ វ៉ាក់សាំងណា!​ បើករណីថាយើងអត់មាន អញ្ចឹងក៏យើងទៅណាមកណាក៏យើងមានអារម្មណ៍មួយខ្លាចដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ