តុលាការសាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមករណីសកម្មជនបរិស្ថាន៣រូប នៅដើមខែឧសភា ក្រោយបង្ហាញពីវីដេអូមួយចំនួនដែលជាភស្តុតាងដាក់បន្ទុកលើពួកគេ ក្នុងអំឡុងពេលបើកសវនាការជម្រះក្តីនៅថ្ងៃនេះ។
សកម្មជនបរិស្ថានទាំង៣រូបនោះ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី បានរងការចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថានទាំង៣រូប គឺលោក សំ ចំរើន មានប្រសាសន៍ថា ក្នុងសវនាការព្រឹកមិញនេះ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានលើកយកភស្តុតាងជាវីដេអូឃ្លីបមួយចំនួនយកចេញពីទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិ ដោយរាប់ទាំងបញ្ហាលុបបឹងព្រែកទាល់ នៅក្រុងព្រះសីហនុ បឹងតាមោក នៅរាជធានីភ្នំពេញ និងបញ្ហាគម្រោងអភិវឌ្ឍន៍មួយចំនួនដែលប៉ះពាល់បរិស្ថាននៅកោះកុងក្រៅ ក្នុងអំឡុងពេលសវនាការនៅថ្ងៃនេះ ដើម្បីយកមកធ្វើជាភស្តុតាងដាក់បន្ទុកសកម្មជនបរិស្ថានទាំង៣នាក់។
លោកបន្តថា ក្រោយពីចាក់វីដេអូនោះ ចៅក្រមក៏បានសួរនាំកូនក្តីរបស់លោកជុំវិញវីដេអូទាំងនោះ និងបានចាត់ទុកវីដេអូដែលកូនក្តីរបស់លោករៀបរាប់ពាក់ព័ន្ធបញ្ហាធនធានធម្មជាតិ ថាជាអំពើញុះញង់។
លោកថា៖ «គាត់បានបង្ហាញវីដេអូពីការស្លៀកពាក់សនៅបឹងតាមោកហ្នឹង ការស្លៀកពាក់សនៅបឹងព្រែកទប់ ហើយជិះកង់រឿងកោះកុងក្រៅ [គឺ] ៣ ទៅ ៤ វីដេអូហ្នឹង។ លោកចៅក្រមគាត់ពន្យល់ទៅកូនក្ដីក្នុងអង្គសវនាការថា សកម្មភាពទាំងអស់នោះហើយ ជារឿងញុះញង់»។
ប៉ុន្តែលោក សំ ចំរើន ថាកូនក្ដីរបស់លោកនៅតែអះអាងថា សកម្មភាពរបស់ពួកគេធ្វើមិនខុសច្បាប់ ហើយការលើកឡើងក្នុងវីដេអូនោះជាសិទ្ធិបញ្ចេញមតិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបរិស្ថាន។
បន្ទាប់ពីសវនាការសួរដេញដោលពេលមួយព្រឹក ចៅក្រមជំនុំជម្រះ លោក លិ សុខា សម្រេចប្រកាសសាលក្រមសកម្មជនបរិស្ថានទាំង៣រូប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ។
មន្ត្រីផ្នែកតស៊ូមតិគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា ដែលបានតាមដានសវនាការនេះ បានលើកឡើងថា សកម្មភាពសកម្មជនទាំង៣រូបនេះមិនបានបង្កភាពវឹកវរដល់សង្គមជាតិឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលគួរតែលើកទឹកចិត្តពួកគាត់ដែលបានលើកយកបញ្ហាកំពុងកើតមាន មកធ្វើការផ្សព្វផ្សាយឱ្យរដ្ឋាភិបាល និងសាធារណជនបានដឹង។
លោកចាត់ទុកការចាប់និងចោទប្រកាន់លើសកម្មជនបរិស្ថានដែលគ្រាន់តែធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ដើម្បីសុំជួបលោកនាយករដ្ឋមន្ត្រី ប្រាប់ពីកង្វល់របស់ពួកគេនោះ ថាជារឿងអយុត្តិធម៌។
លោកថា៖ «ខ្ញុំគិតថា ជារឿងមួយគួរឱ្យសោកស្ដាយបំផុត ហើយគ្មានច្បាប់ណាមួយដែលហាមមិនឱ្យពលរដ្ឋជួបនាយករដ្ឋមន្ត្រីរបស់ខ្លួនទេ។ ហើយបើការទៅជួបរបស់ពួកគាត់ធ្វើឡើងខុសពីបែបបទរដ្ឋបាល ឬមិនមានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ ខ្ញុំគិតថា អាជ្ញាធរគួរតែធ្វើការពន្យល់អប់រំឬណែនាំដែលអាចស្នើសុំជួបនាយករដ្ឋមន្រ្តីបាន»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណ យល់ថា ប្រសិនបើចៅក្រមចាត់ទុកសកម្មភាពយុវជនមាតាធម្មជាតិបែបនេះ ជាគ្រោះថ្នាក់សម្រាប់អ្នកដែលធ្វើការងារសង្គម ដូចជាសកម្មជនបរិស្ថានជាដើម។
លោកបន្តថា តុលាការគួរតែលើកទឹកចិត្តដល់ពួកគាត់ដែលបានប្រឹងប្រែងរកភស្តុតាងរកអ្នកបំផ្លាញធនធានធម្មជាតិនិងបរិស្ថាន ហើយតុលាការគួរមានចំណាត់ការច្បាប់ទៅលើអ្នកដែលបានបំផ្លាញធនធានធម្មជាតិនិងបរិស្ថានឯណោះវិញ។
លោកថា៖ «ថាឧក្រិដ្ឋជនទៅចុះដែលគេមិនសប្បាយចិត្តនឹងសកម្មជនបរិស្ថាន ប៉ុន្តែចុះអ្នកអនុវត្តច្បាប់ដែលយល់ពីច្បាប់ថា រឿងទាំងអស់ហ្នឹងវាគប្បីតែអ្នកច្បាប់ទៅចាត់វិធានការអ្នកទាំងអស់នោះ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមយុវជនបានរកឃើញហើយផ្សព្វផ្សាយឱ្យដឹងឱ្យឮ វាទៅជាមានការចោទប្រកាន់ថា មានការញុះញង់ទៅវិញ។ អាហ្នឹងយើងយល់ថា វាជារឿងមួយចម្លែកដែលឃើញថា មិនគួរគប្បីក្នុងការចោទប្រកាន់មកលើសកម្មជនទាំងអស់ហ្នឹងទាល់តែសោះ»។
សកម្មជនបរិស្ថានទាំងបីរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ បន្ទាប់ពីពួកគេបានប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំឱ្យបញ្ឈប់ការលុបបឹងតាមោក៕