ក្រសួង​កត់​សម្គាល់​ថា​នៅ​កម្ពុជា​អ្នក​មាន​ជំងឺ​កូវីដ-១៩​ចំនួន​៨០​ភាគ​រយ​ស្ថិត​ក្នុង​កម្រិត​គ្មាន​រោគ​សញ្ញា​

រថយន្តមន្ទីរពេទ្យមួយគ្រឿងមកដឹកជនដែលសង្ស័យថាបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រាជធានីភ្នំពេញ។ (ជន ចាន់រ៉ែន)

​ក្រសួ​ងសុខា​ភិបាលបានគូ​សប​ញ្ជាក់ថា ​នៅ​កម្ពុជា​ អ្នកមាន​ជំងឺកូវីដ-១៩​ ចំនួន៨០ភាគរយ ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញា និងគ្មានកត្តាប្រឈម ដែលអាចទទួលការព្យាបាលនៅតាមផ្ទះបាន។

នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលចេញផ្សាយដោយ​ក្រសួង​សុខាភិបាល ​​​​​កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ​ឱ្យដឹងថា «តាមការប៉ាន់ស្មានក្នុងប្រទេសកម្ពុជា បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន៨០ភាគរយ ស្ថិតនៅក្នុងកម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល» ដែលកម្រិតនេះ គ្មានកត្តាប្រឈម អាចទទួលការព្យាបាលនៅតាមផ្ទះ ក្រោមការគ្រ​ប់គ្រ​ង ថែទាំ និងព្យាបាល ដោយមន្ត្រីបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីអនុវត្ត​​នៅតាមមូលដ្ឋាន។

ក្រសួងបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ជាក់ស្តែងនៅមន្ទីរពេទ្យខ្មែរ-សូវៀត រកឃើញថា ៥ភាគរយនៃអ្នកជំងឺកូវីដ-១៩ ត្រូវការសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) ១៥ភាគរយត្រូវការសង្គ្រោះបន្ទាន់ (Emergency)  និង ៨០ភាគរយត្រូវការការពារនិងតាមដាន។

ក្រមនីតិវិធីដដែលក៏បានកំណត់ផងដែរពីលក្ខខណ្ឌសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលត្រូវសម្រាកព្យាបាលនៅផ្ទះ កំណត់ពីតួនាទីរបស់មន្ត្រីសុខាភិបាលដែលមានភារកិច្ចព្យាបាល ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងលក្ខខណ្ឌមួយចំនួនទៀតរវាងអ្នកជំងឺនិងក្រុមគ្រួសារ ក្នុងយន្តការដាក់ចេញដើម្បីធានាស្តង់ដារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

ការដាក់ចេញនូវក្រមប្រតិបត្តិ របស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើងក្រោយការណែនាំរបស់ប្រមុខរដ្ឋាភិបាលមួយថ្ងៃ។ លោកនា​យ​​ករដ្ឋ​​មន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា តាមរយៈសារជាសំឡេង បានណែនាំឱ្យពន្លឿនការដាក់ចេញក្រមប្រតិ​បត្តិនេះ ដើម្បីត្រៀមទប់ទល់នឹងស្ថានភាពជំងឺកូវីដ-១៩ ដែលលោកថាកំពុងកើនឡើង ហើយត្រូវមានវិធានការបន្ទាន់។

លោកថា៖ «ខ្ញុំគិតថា អ្នកជំងឺយ៉ាងហោចណាស់៥០ភាគរយនៃអ្នកជំងឺ មានលទ្ធភាពព្យាបាលនៅតាមផ្ទះ ហើយក៏ចង់ព្យាបាលនៅតាមផ្ទះដែរ។ យើងគ្រាន់តែរៀបជាក្រុមប្រតិបត្តិតម្រូវថា តើអ្នកជំងឺត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យគាត់នៅមួយកន្លែង ហើយអ្នកផ្ទះដែលនៅជាមួយត្រូវធ្វើយ៉ាងម៉េច សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ត្រូវជួយមើលថែគាត់យ៉ាងម៉េច»។

នាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ដើម្បីបញ្ចៀសកុំឱ្យប៉ះពាល់ដល់អ្នកជំងឺទូទៅ គ្រូពេទ្យរបស់ក្រុមការងារនេះត្រូវមានគ្រូពេទ្យចល័ត ឬស្ម័គ្រចិត្ត ឬពេទ្យនៅតាមមូលដ្ឋានស្រាប់ ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

ក្រសួងសុខាភិបាល ក៏បាននិយាយ​លម្អិតផងដែរក្នុងក្រមប្រតិបត្តិនោះ អំពីការទទួលខុសត្រូវរបស់អ្នកជំងឺ ដូចជា ត្រូ​វ​​​មានកិច្ចសន្យាយ​ល់ព្រមក្នុងការសម្រេចចិត្តទៅព្យាបាលតាមផ្ទះ ត្រូវតាមដានកម្តៅ២ដងក្នុងមួយថ្ងៃដោយខ្លួនឯង ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួ​សា​រ ត្រូវធ្វើអនាម័យផ្លូវដង្ហើម ពេលក្អកឬ​កណ្ដាស់ ត្រូវពាក់ម៉ាស់ជាប្រចាំ និងត្រូវមានបន្ទប់ទឹកដាច់ដោយឡែកពីសមាជិកគ្រួសារ ជាដើម។

មួយវិញទៀត អាជ្ញាធរត្រូវទំនាក់ទំនងជាមួយអ្នកជំងឺនិងក្រុមគ្រួសារ ដោយរក្សាគម្លាតសុវត្ថិភាព រក្សាសន្តិសុខ និងសុវត្ថិភាពនៅកន្លែងព្យាបាល នៅកន្លែងអ្នកជំងឺស្នាក់នៅ។

ចំណែកក្រុមគ្រូពេទ្យដែលមានភារកិច្ចព្យាបាល ត្រូវតាមដានសុខភាពអ្នកជំងឺ២ដងក្នុង១ថ្ងៃ តាមរយៈទូរសព្ទទាន់ហេតុការណ៍ (Hotline) ចុះពិនិត្យផ្ទាល់ក្នុងករណីអ្នកជំងឺមានសុខភាពប្រែប្រួល ជាដើម។

អ្នកឃ្លាំសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា នេះជាគំនិតរួមដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអ្នកជំងឺកូវីដ-១៩ និងជាដំណោះស្រាយមួយដែលរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើ ព្រោះដោយសារតែកង្វះខាតមន្ទីរពេទ្យនិងបរិក្ខារពេទ្យមួយចំនួន។

តែយ៉ាងណា លោកផ្តល់ជាយោបល់ថា កត្តាជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលនេះ រដ្ឋាភិបាលត្រូវឈរលើគោលកា​រណ៍​៣សំខាន់ៗ រួមមាន យន្តការសុខាភិបាល ធ្វើម៉េចឱ្យពលរដ្ឋអនុវត្តឱ្យបាន យន្តការផ្គត់ផ្គង់សេដ្ឋកិច្ច និងយន្តការអនុវត្តច្បាប់ ដោយធ្វើយ៉ាងណាឱ្យ​ពលរដ្ឋយល់ពីខ្លឹមសារច្បាប់ ហើយចូលរួមសហការ។

លោកថា៖ «មានន័យថា រដ្ឋាភិបាលមិនគ្រាន់តែផ្តល់តែសេវាសុខាភិបាលទេ ការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការហូបចុកប្រចាំថ្ងៃ ក៏ជាយន្តការដែលចាំបាច់ដែលរដ្ឋាភិបាលត្រូវតែធានា»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតមកទល់ពេលនេះ នៅរាជធានីភ្នំពេញមានមន្ទីរពេទ្យចំនួន៤ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ដូចជា មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យចាក់អង្រែ មន្ទីរពេទ្យរបេង និងមន្ទីរពេទ្យថ្មីមួយទៀតគឺមន្ទីរពេទ្យហ្លួងម៉ែ។

គិតត្រឹមថ្ងៃទី៨ ខែមេសានេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានសម្លាប់មនុស្ស២៤នាក់ ឆ្លងទៅដល់មនុស្ស២ ៤៩៦នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបចាប់ពីកម្ពុជាផ្ទុះជំងឺពីដើមឆ្នាំ២០២០មក មានចំនួន៣ ០២៨នាក់ ក្នុងនោះព្យាបាលជា១ ៩១៤នាក់ និងកំពុងសម្រាកព្យាបាល១ ០៨៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ