រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ជិត​ខាង​អាជីវ​ករ​និង​បុគ្គលិក​ផ្សារ​អូរ​ឫស្សី​ ផ្អាក​ការ​ជួប​​ទាក់​ទង​​គ្នា​

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទីតាំងផ្សារអូរឫស្សី ក្រោយត្រូវបានផ្អាកបណ្ដោះអាសន្នក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ (ជន ចាន់រ៉ែន)

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ផ្អាកការជួបប្រាស្រ័យ​​ទាក់ទងគ្នា​ជាបណ្ដោះអាសន្ន។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួង​​សុខាភិបាលរកឃើញអាជីវករ សន្តិសុខ និងបុគ្គលិកក្នុងផ្សារអូរឫស្សី ចំនួនជាង១០០នាក់ បានឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៨ ខែមេសានេះ។

​លិខិតរដ្ឋបាលរាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី៨ ខែមេសានេះ បានជំរុញឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករដែលធ្វើការក្នុងផ្សារអូរឫស្សី មិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ។ លើសពីនេះ ត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែករបស់ពួកគេក្នុងអំឡុងពេលនេះទៀតផង។

សេចក្តីណែនាំបញ្ជាក់ថា៖ «​ក្នុងករណីពិនិត្យឃើញថា មានបុគ្គលណាមួយមិនព្រមអនុវត្ត ឬអនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក សូមបងប្អូនប្រជាពលរដ្ឋធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងទៅកាន់លេខ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ»។

អាជ្ញាធរក្រុងភ្នំពេញបញ្ជាក់ថា ការផ្តាច់ទំនាក់ទំនង និងឃ្លាំមើលអ្នកប្រកបមុខរបរនៅផ្សារអូរឫស្សីនេះ ដើម្បីឈានទៅកាត់ផ្ដាច់ប្រភពចម្លង និង​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សីបន្ថែមទៀត។

លិខិតដដែលក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករ ស​ន្តិសុខ បុគ្គលិក-កម្មករ​បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនគ្រប់គ្រងរបស់ខ្លួន​ ត្រូវចុះផ្សព្វផ្សាយជំរុញ​ឱ្យពួកគេទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។ បន្ថែមពីនេះ ត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើល ​ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថា ពួកគេពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។

អាជីវករលក់ខោអាវកូនក្មេង អ្នកស្រី សេង វួចធារ៉ា អាយុ៣០ឆ្នាំ ​បាននិយាយថា តាំងពីមានការផ្ទុះជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី អ្នកស្រីនិងក្រុមគ្រួសារមិនមានអាការអ្វីឡើយ ខណៈស្អែកឬខានស្អែកនេះ អ្នកស្រីនឹងទៅធ្វើតេស្តយកសំណាក ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។ បន្ថែមពីនេះ អ្នកស្រីថា គ្រួសារអ្នកស្រីមិនបានចេញទៅណាមកណា ឬជួបជាមួយនរណាឡើយ អំឡុងពេលធ្វើចត្តាឡីស័កខ្លួនឯងនេះ។

អ្នកស្រី សេង វួចធារ៉ា បាននិយាយថា៖ «ផ្ទះខ្ញុំនៅគ្នាតិច អញ្ចឹងអត់សូវមានគ្នាច្រើនចេញចូល ហើយយើងក៏អត់ដែលចេញទៅណាដែរ។ ដូចតែចត្តាឡីស័កដែរអញ្ចឹង ព្រោះបាយក៏អត់នៅញ៉ាំជុំគ្នា។ និយាយទៅ គឺយើងអត់សូវមានពេលជុំគ្នាហ្មង ផ្អាកអស់ហើយ ភាគច្រើនក៏អត់ដែលចេញដែរ។ ម្ហូបភាគច្រើនកម្ម៉ង់ត្រីងៀត សាច់ក្រកគេ ហើយម៉ាក់ខ្ញុំគាត់ទិញតែបន្លែមុខផ្ទះ គេអូសរទះមកលក់អញ្ចឹង ហើយពាក់ម៉ាស់ពាក់អីត្រឹមត្រូវ អញ្ចឹងហើយគាត់ក៏អត់សូវចេញក្រៅដែរ»។

​កាលពីថ្ងៃទី៥ ខែមេសា រដ្ឋបាលខណ្ឌ៧មករា ​បានអំពាវនាវឱ្យ​អាជីវករដែលប្រកបអាជីវកម្មនៅផ្សារអូរឫស្សីទាំងអស់ ត្រូវទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូកឱ្យបានគ្រប់ៗគ្នា។

​ករណី​អាជ្ញាធរពិនិត្យឃើញថា មានករណីខកខានឬគេចវេះមិនបានទៅយកសំណាក អាជ្ញាធរមិនអនុញ្ញាតឱ្យអាជីវករទាំងនោះចូលប្រកបអាជីវកម្មលក់ដូរឡើយ នៅពេលដែលផ្សារអូរឫស្សីបើកដំណើរការឡើងវិញ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ