ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៥៧៦នាក់បន្ថែមទៀត ដែលនេះជាចំនួនរកឃើញច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៥៧៦នាក់នោះ រួមមាន ជនជាតិវៀតណាមចំនួន៣នាក់ ជនជាតិចិន៣នាក់ និងជនជាតិខ្មែរចំនួន៥៧០នាក់។
សេចក្តីប្រកាសព័ត៌មាន បន្តថា អ្នកឆ្លងទាំងនោះជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ហើយភាគច្រើនលើសលុបជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានចំនួន៥៤៤នាក់។ ដោយឡែក អ្នកវិជ្ជមានកូវីដ-១៩ផ្សេងទៀត រួមមាន នៅខេត្តស្វាយរៀង១៦នាក់ ខេត្តព្រះសីហនុ១២នាក់ កណ្តាល១នាក់ កំពង់ចាម១នាក់ និងខេត្តសៀមរាប២នាក់។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដែរថា អ្នកជំងឺដែលព្យាបាលជាសះស្បើយថ្មីមានចំនួន៧០នាក់ និងបានអនុញ្ញាតឱ្យពួកគេចេញពីកន្លែងព្យាបាលហើយដែរ។
ការឆ្លងដ៏ច្រើនមិនធ្លាប់មាននេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់៣ ៦០៤នាក់ និងបណ្តាលឱ្យអ្នកជំងឺស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះចំនួន២៤នាក់ គិតត្រឹមព្រឹកថ្ងៃទី៩ ខែមេសានេះ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន១ ៩៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន១ ៥៩១នាក់៕